អាស្រមឈរ​ត្រដែត​ខ្លួនលើ​ភ្នំឱ​រ៉ាល់ សាងសង់តាំងពីឆ្នាំ​ ១៩៩២

20/09/2021 5:00 pm កំពង់ស្ពឺ

ដោយ៖ ជឿន ស្រីណយ

អាស្រមលើកំពូលភ្នំខ្ជោល ជួរភ្នំឱរ៉ាល់ ត្រូវបានសាងសង់នៅឆ្នាំ១៩៩២ ដោយព្រះគ្រូធម្មាចារ្យ ប៉ែន ស៊ន។ លោក តាន់ គីមសួរ ជាអ្នកដែលបានជួបព្រះអង្គ ប៉ែន ស៊ន នៅភ្នំត្បែង លើកឡើងថា ការសាងសង់អាស្រមចំនួន៤លើកំពូលខ្ជោល បានចំណាយពេលប្រមាណ ១ខែ ប្រើប្រាស់ធនធានធម្មជាតិនៅលើភ្នំសម្រាប់សាងសង់។

អាស្រមចំនួន៤ លើភ្នំខ្ជោល តែងផ្ដល់ជាម្លប់ និងកន្លែងស្នាក់នៅដល់ភ្ញៀវទេសចរជិត ឆ្ងាយ និងប្រជាសហគមន៍ ដែលបានឡើងលើភ្នំនេះ។ អាស្រមទាំង៤នេះ ត្រូវបានសាងសង់ដោយព្រះគ្រូធម្មាចារ្យ ប៉ែន ស៊ន ក្នុងឆ្នាំ១៩៩២។  បច្ចុប្បន្នព្រះអង្គ ប៉ែន ស៊ន មានព្រះជន្ម១០១ឆ្នាំ គង់នៅភ្នំត្បែង ខេត្តព្រះវិហារ បន្ទាប់ពីបានចាកចេញពីជួរភ្នំឱរាល់ នៅឆ្នាំ១៩៩៩។ការសាងសង់អាស្រមចំនួន៤នោះ មានការចូលរួមពីព្រះសង្ឃដទៃ ចំនួន៦-៧ អង្គទៀត ពេលទៅដល់កំពូលភ្នំខ្ជោលជាមួយព្រះអង្គ ប៉ែន ស៊ន។

បច្ចុប្បន្នអាស្រមចំនួន៤នេះ នៅមានរូបរាងលើភ្នំខ្ជោលដដែល ប៉ុន្តែមានសភាពចាស់ និងកន្លែងខ្លះមានភាពទ្រុឌទ្រោមខ្លាំង។ «អាស្រមនៅលើភ្នំហ្នឹងឥឡូវអត់មានអ្នកនៅថែរក្សាទេ មានតែទេសចរឆ្លងកាត់ ហើយសម្រាកនៅទីនោះ។ កន្លែងខ្លះចាស់ខ្លាំង ដែលអាចបង្កជាគ្រោះថ្នាក់ដែរសម្រាប់អ្នកដំណើរស្នាក់នៅ »។ នេះជាការលើកឡើងរបស់លោក តាន់ គីមសួរ ក្នុងបទសម្ភាសតាមទូរស័ព្ទជាមួយសារព័ត៌មាន ThmeyThmey25។

លោក តាន់ គីមសួរ បានបន្តថា ដោយអាស្រមដែលសាងសង់ដំបូងទាំង៤នោះ មានសភាពចាស់ណាស់ហើយ បច្ចុប្បន្នក៏មានព្រះសង្ឃដទៃទៀតបាន ដឹកនាំសាងសង់កន្លែងសម្រាក និងស្នាក់នៅលើភ្នំខ្ជោលបន្តទៀត។

គួរបញ្ជាក់ផងដែរថា ភ្នំខ្ជោល ជាភ្នំដែលខ្ពស់ជាងគេ ក្នុងប្រទេសកម្ពុជា ស្ថិតនៅជួរភ្នំឱរ៉ាល់ នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ក្នុងរយៈពេល ៦ខែ ឆ្នាំ២០២១ អ្នកឡើងភ្នំឱរ៉ាល់មានចំនួន ២,៧៥៣នាក់ ធ្លាក់ចុះប្រមាណ ៥០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២០៕
 
 

 

ព័ត៌មានទាក់ទង