រុក្ខជាតិដុះតាមព្រៃភ្នំ ៨ប្រភេទ អាចយកធ្វើជាបន្លែ និងអន្លក់

05/09/2022 9:00 am ភ្នំពេញ

ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ រាំងភ្នំ ប្រោះស្វា ដំឡូងទៀន សោម ល្ងៀង ក្រវាញ ក្រឡាញ់ ស្លឹកក្រធុក ជាប្រភេទបន្លែដុះតាម​​​ព្រៃ និងតាមភ្នំ ដែលគេអាចយកមកធ្វើជាបន្លែស្ល ឬធ្វើជាអន្លក់សម្រាប់បរិភោគ។ ក្រៅពីស្លឹក ដើម និងត្រួយរបស់រុក្ខជាតិទាំង៨ ប្រភេទនេះ ក៏នៅមានរុក្ខជាតិព្រៃជាច្រើនផ្សេងទៀត អាចបរិភោគបានដូចគ្នា។



នៅកម្ពុជា មានរុក្ខជាព្រៃច្រើនប្រភេទដុះតាមតំបន់ភ្នំ និងព្រៃ ដែលគេអាចបេះ យកមកធ្វើជាបន្លែ និងអន្លក់ ដូចជាបន្លែក្នុងស្រុកភូមិ។ រុក្ខជាតិព្រៃទាំងនេះ ភាគច្រើនអ្នកដើរព្រៃ ឬឡើងភ្នំប៉ុណ្ណោះ ដែលស្គាល់ និងឧស្សាហ៍បានបរិភោគ។ រាំងភ្នំ ប្រោះស្វា ដំឡូងទៀន ស្លឹកត្រថុក សោម ល្ងៀង ក្រវាញ ក្រឡាញ់  គឺជាបន្លែព្រៃធម្មជាតិ​ ដែលអាចរកនៅពេលធ្វើដំណើរចូលព្រៃ និងឡើងភ្នំ។

បច្ចុប្បន្នមានយុវជនមួយចំនួនធំ ចាប់ផ្ដើមចូលព្រៃ ឡើងភ្នំ ដើម្បីកម្សាន្ត។ ប៉ុន្តែ​យុវជន ឬភ្ញៀវទេសចរមួយចំនួន មិនបានដឹង និងស្គាល់ពីរុក្ខជាតិព្រៃ ដែលអាចយកធ្វើជាបន្លែបរិភោគ ដើម្បីដោះទាល់ នៅពេលមានអាសន្ននៅក្នុងព្រៃ ​ឬនៅលើភ្នំឡើយ។

រាំងភ្នំ៖ ជារុក្ខជាតិភ្នំមួយប្រភេទ​​ ដែលគេអាចយកត្រួយរបស់វាមកធ្វើជាអន្លក់ ផ្ទាប់ជាមួយត្រីខ ប្រហុក ទឹកគ្រឿងជាដើម។ ស្លឹករបស់វា មានពណ៌ត្នោតស្រាលនៅពេលខ្ចី តែប្តូរទៅជាបៃតងនៅពេលចាស់។ ត្រួយរបស់វាមានរសជាតិចត់ៗ ប្រហាក់ប្រហែលទៅនឹងរសជាតិត្រួយរាំងទឹកសាបដែរ។ 


ត្រួយរាំងភ្នំ 

ប្រោះស្វា៖ ជារុក្ខជាតិភ្នំមួយប្រភេទ ដែលមានអ្នកស្គាល់ច្រើន ព្រោះវាជាទីពេញនិយមសម្រាប់អ្នកដើរភ្នំ បេះយកមកបរិភោគ។ គេអាចយកយករុក្ខជាតិប្រភេទនេះ ធ្វើជាអន្លក់ ញាំ ស្លប្រហើរ ឬយកទៅស្លម្ជូរក៏បាន។ ប្រោះស្វា ជារុក្ខជាតិព្រៃ ដែលដុះស្ទើរគ្រប់ទីកន្លែងនៅតាមព្រៃភ្នំ ដោយភាគច្រើន វាដុះនៅរដូវវស្សា ជាពិសេសនៅពេលមានភ្លៀងធ្លាក់ច្រើន។


ស្លឹកប្រោះស្វា

ដំឡូងទៀន៖ ជាដំឡូងដែលមានដុះតាមព្រៃ និងភ្នំ ដោយមើមរបស់វាវែងៗរាងរៅប្រៀបដូចជាដើមទៀន។ ដំឡូងទៀន ភាគច្រើនមានទំហំប៉ុនមេដៃ មេជើង ឬធំជាងនេះ ដោយមើមខ្លះមានប្រវែង ចន្លោះពីរសង់ទីម៉ែត្រដល់កន្លះម៉ែត្រ។ គេអាចយកដំឡូងប្រភេទនេះ ទៅស្ងោរ ឬស្លក៏បាន។ 


ដើមដំឡូងទៀន

សោម៖ គេអាចគមរបស់វាធ្វើជាបន្លែ ឬអន្លក់។ គមរបស់វា គេអាចយកទៅស្លប្រហើរ ស្ងោរ បានដូចជាគមត្នោត គមដូងដែរ ដោយគ្រាន់តែគមសោម មិនសូវមានអ្នកស្គាល់ព្រោះសោម និងមិនសម្បូរដូចរុក្ខជាតិព្រៃដទៃទៀត។ សោម ភាគច្រើនមានដុះនៅក្នុងព្រំប្រទល់ខេត្តកំពង់ធំ និងខេត្តព្រះវិហារ នៅតាមកន្លែងដែលមានទឹក និងមាត់អូរ។ ដើមសោមនេះ ក៏ត្រូវបានគេប្រទះឃើញមានដុះនៅលើភ្នំសែនអាល័យ ជាប់ភ្នំគិរីរម្យ ក្នុងខេត្តកំពង់ស្ពឺផងដែរ។


ដើមសោម

ល្ងៀង៖ ជារុក្ខជាតិព្រៃមួយប្រភេទ ដែលប្រជាពលរដ្ឋភាពច្រើនអាចស្គាល់ និងរកទិញបាននៅលើទីផ្សារ។ ត្រួយរបស់វា គេអាចយកមកធ្វើជាអន្លក់ផ្ទាប់ជាម្ហូបផ្សេងបានតាមតម្រូវការ ជាពិសេសធ្វើជារបោយនំបញ្ចុកកាន់តែពិសេស ដោយសារវា មានរសជាតិជូរលាយចត់បន្តិច។ គេក៏អាចយកច្នៃត្រួយរុក្ខជាតិព្រៃប្រភេទនេះ ទៅធ្វើជាម្ជូរ ដើម្បីបន្ថែមរសជូរក្នុងម្ហូបក៏បាន។ 


ស្លឹកល្ងៀង

ក្រវាញ៖ ក្រវាញជារុក្ខជាតិ ប្រើគមធ្វើជាបន្លែ និងអន្លក់។ គមរបស់វាមានពណ៌ស មានក្លិនប្រហើរ រសជាតិប្រហែលនឹងខ្ញីដែរ ដោយគេអាចយកវាមកឆា ស្ងោរ និងធ្វើជាតែក៏បាន។


ដើមក្រវាញ

ក្រឡាញ់៖ ក្រឡាញ់ ភាគច្រើនមានអ្នកស្គាល់ផ្លែរបស់វា​ច្រើន ព្រោះនៅពេលដល់រដូវ នឹងមានពលរដ្ឋដែលរស់នៅតាមព្រៃបេះយកមកលក់នៅលើទីផ្សារ។ ក្រឡាញ់ ក្រៅពីអាចបរិភោគផ្លែបានហើយ ត្រួយរបស់វាក៏អាចយកធ្វើជាអន្លក់បានផងដែរ។

ស្លឹកត្រថុក៖ ជាឈ្មោះដែលពលរដ្ឋហៅតាមតំបន់ ដោយរុក្ខជាតិមានដុះនៅលើភ្នំសែនអាល័យ ត្រូវបានពលរដ្ឋនៅទីនោះបេះយកមកធ្វើជាបន្លែ សម្រាប់ស្លម្ជូរ៕


ស្លឹកត្រថុក
 

ព័ត៌មានទាក់ទង