មគ្គុទ្ទេសក៍ ហៀក សេងហ៊ួត៖ «ខ្ញុំស្រឡាញ់ប្រាសាទ លើសពីកែវភ្នែករបស់ខ្ញុំ»

25/07/2021 4:00 pm សៀមរាប

ដោយ៖ ជឿន ស្រីណយ

លោក ហៀក សេងហ៊ួត ជាមគ្គុទ្ទេសក៍ទេសចរមួយរូបនៅតំបន់អង្គរ។ ក្នុងបរិបទកូវីដ-១៩ មគ្គុទ្ទេសក៍ សេងហ៊ួត បានផលិតវីដេអូផ្សព្វផ្សាយពីវប្បធម៌ និងចម្លាក់នៅផ្ទាំងប្រាសាទ តាមប្រព័ន្ធអ៊ីនធឺណិត ក្រោយខេត្តសៀមរាបស្ងាត់ភ្ញៀវទេសចរ។ ដ្បិតការធ្វើវីដេអូពីវប្បធម៌ ទទួលបានចំណូលតិច ប៉ុន្តែបុរសវ័យ ៥១ឆ្នាំរូបនេះ ប្ដេជ្ញាមិនបោះបង់ការងារដែលលោកស្រឡាញ់កែវភ្នែកនេះឡើយ។



ផ្ដើមចេញពីក្ដីស្រមៃកាលពីកុមារ ចង់ឃើញប្រាសាទ បានជំរុញឱ្យលោក ហៀក សេងហ៊ួត ចំណាយពេល ២ថ្ងៃធ្វើដំណើរពីស្រុកកំណើតនៅខេត្តកំពង់ចាម មកមើលប្រាសាទក្នុងខេត្តសៀមរាប នៅឆ្នាំ១៩៩៩។ បន្ទាប់ពីឃើញប្រាសាទអង្គរវត្តដ៏អស្ចារ្យជាលើកដំបូងក្នុងវ័យ២២ឆ្នាំ អតីតគ្រូបង្រៀន លោក ហៀក សេងហ៊ួត ប្ដេជ្ញាផ្សព្វផ្សាយពីប្រាសាទទៅកាន់ពលរដ្ឋខ្មែរដទៃ និងជាពិសេសជនបរទេស។

លោក ហៀក សេងហ៊ួត រម្លឹកអនុស្សាវរីយរបស់ខ្លួនដូច្នេះថា៖ «កាលខ្ញុំនៅក្មេង ចាស់ៗគាត់ប្រាប់ថាសៀមរាបមានប្រាសាទធំៗណាស់។ ខ្ញុំគិតថាបើបានឃើញម្ដងមិនដឹងអស្ចារ្យប៉ុណ្ណា។ រហូតដល់ឆ្នាំ ១៩៩៩ ទើបខ្ញុំបានមកលេងប្រាសាទអង្គរវត្ត»។


លោក ហៀក សេងហ៊ួត មគ្គុទេសក៍ទេសចរភាសាអង់គ្លេស នៅតំបន់អង្គរ  (រូបភាពពីហ្វេសប៊ុកលោក  ហៀក សេងហ៊ួត)

នៅឆ្នាំ២០០០ លោក សេងហ៊ួត បានចាកចេញពីស្រុកកំណើត និងលាឈប់ពីអាជីពគ្រូបង្រៀននៅសាលាបឋមសិក្សាមួយ មកចាប់អាជីពជាមគ្គុទ្ទេសក៍ទេសចរក្នុងទឹកដីខេត្តសៀមរាបវិញ។ ការងារជាមគ្គុទ្ទេសក៍របស់លោក សេងហ៊ួត បានដំណើរការដោយរលូន និងអាចផ្ដល់ចំណូលមធ្យម សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់លោកអស់រយៈពេលជាង២០ឆ្នាំ។

ភ្ញៀវទេសចរធ្លាក់ចុះ និងបាត់បង់ចំណូល តែមគ្គុទ្ទេសក៍ ហៀក សេងហ៊ួត មិនចោលការងារដែលជាក្ដីស្រឡាញ់

ជាអកុសលការរាតត្បាតនៃជំងឺកូវីដ-១៩ ធ្វើឱ្យខេត្តសៀមរាបបាត់ភ្ញៀវទេសចរ ជាពិសេសភ្ញៀវអន្តរជាតិ ដែលនាំឱ្យមគ្គុទ្ទេសក៍រូបនេះ បាត់បង់ចំណូលស្ទើរទាំងស្រុង។ ការធ្លាក់ចុះចំនួនទេសចរ និងប្រាក់ចំណូល បានជំរុញឱ្យលោក ហៀក សេងហ៊ួត ងាកមកផលិតវីដេអូបកស្រាយពីចម្លាក់នៅលើជញ្ជាំងប្រាសាទ ដើម្បីបង្ហោះលើយូធូប ផ្សព្វផ្សាយពីវប្បធម៌ខ្មែរ និងរកចំណូលបន្ថែម។ ប៉ុន្តែចំណូលពីការធ្វើវីដេអូនេះ មិនអាចផ្គត់ផ្គង់ជីវភាពគ្រួសាររបស់លោក ដែលមានកូន៣នាក់ក្នុងបន្ទុកកំពុងរៀននោះទេ។

ទោះមិនអាចរកចំណូលបានច្រើន ប៉ុន្តែមគ្គុទ្ទេសក៍ទេសចរ សេងហ៊ួត មិនអាចបោះបង់ការងារនេះដាច់ខាត ព្រោះដួងព្រលឹងលោកបានដិតជាប់នៅផ្ទាំងប្រាសាទអស់រយៈពេល ២១ឆ្នាំមកហើយ។ «អង្គរវត្តសំខាន់ជាងគ្រាប់ភ្នែកខ្ញុំទៅទៀត។ ខ្ញុំស្រឡាញ់ខ្លាំងមែនទែន។ តាំងពីឆ្នាំ២០០០មកដួងព្រលឹងរបស់ខ្ញុំជាប់នឹងវប្បធម៌ អរិយធម៌នៅប្រាសាទហើយ។ វប្បធម៌សល់ពីដូនតានេះ ខ្ញុំស្រឡាញ់ខ្លាំងតែម្ដង ទើបធ្វើឱ្យខ្ញុំមិនអាចទៅណាផ្សេងបានឡើយ»។ នេះជាការលើកឡើងរបស់មគ្គុទ្ទេសក៍ទេសចររូបនេះ។

ជាប់ចិត្តនឹងប្រាសាទ លោក សេងហ៊ួត ចំណាយប្រាក់ផលិតវីដេអូ ដើម្បី៏ផ្សព្វផ្សាយ និងថែរក្សាវប្បធម៍ខ្មែរ

ក្រៅពីបានចំណូលតិច ការងារថតវីដេអូបកស្រាយពីចម្លាក់តាមប្រាសាទ ក៏មានភាពលំបាកខ្លាំងណាស់ សម្រាប់មគ្គុទ្ទេសក៍ ហៀក សេងហ៊ួត។ លោក សេងហួត ត្រូវហាលថ្ងៃ ហាលភ្លៀង នៅតាមប្រាសាទនីមួយៗ ធ្វើយ៉ាងណាអាចមានវីដេអូ ចែករំលែកចំណេះដឹងដល់អ្នកជំនាន់ក្រោយ ដើម្បីឱ្យយល់ច្បាស់ពីភាពអស្ចារ្យ នៃចម្លាក់លើជញ្ជាំងប្រាសាទនានា។ លើសពីនេះលោក សេងហ៊ួត ក៏ត្រូវប្រើប្រាស់ថវិកាផ្ទាល់ខ្លួនសម្រាប់ការផលិតវីដេអូនីមួយៗ។



លោក សេងហ៊ួត បញ្ជាក់យ៉ាងដូច្នេះ៖«បើថាលំបាក គឺលំបាកណាស់ ពេលភ្លៀងធ្លាក់ខ្លាំង នៅប្រាសាទរន្ទះក៏រន្ទះ ហើយបើក្ដៅវិញ កម្ដៅចេញពីផ្ទាំងថ្ម គឺក្ដៅខ្លាំងណាស់។ ប៉ុន្តែខ្ញុំមិនអាចដកចិត្តទៅធ្វើអ្វីផ្សេងបាននោះទេ»។ 

បន្ថែមពីការធ្វើវីដេអូបកស្រាយចម្លាក់តាមជញ្ជាំងប្រាសាទ បុរសសម្បុរស្រអែម តែងបង់កក្រមា ពាក់អាវមគ្គុទ្ទេសក៍ទេសចរពណ៌ពងមាន់រូបនេះ ក៏បានធ្វើវីដេអូពន្យល់ពីអត្ថប្រយោជន៍នៃក្រមា ដែលជាកេរ្តិ៍ដូនតាខ្មែរបានបន្សល់ទុកឱ្យផងដែរ។ 

ដើម្បីបង្កើនចំណូល លោក សេងហ៊ួត ប្រើជំនាញក្នុងវិស័យទេសចរណ៍ លក់ក្រមាតាមអនឡាញ

អនុស្សាវរីយជាមួយក្រមារាល់ពេលចុះធ្វើការជាមគ្គុទ្ទេសក៍ និងត្រូវបានគេស្គាល់លោកច្រើនតាមរយៈវីដេអូផ្សព្វផ្សាយពីគុណតម្លៃក្រមាខ្មែរផងនោះ បាននាំឱ្យបុរសរូបនេះ បង្កើនរបរជាអ្នកលក់ក្រមាតាមអនឡាញ ។ «ពីដំបូងឡើយខ្ញុំធ្វើវីដេអូពីក្រមា ប៉ុន្តែខ្ញុំអត់មានលក់ទេ។ អ្នកធ្វើក្រមានៅស្រុកព្រះនេត្រព្រះ គាត់ប្រាប់ខ្ញុំថា បើខ្ញុំផ្សាយក្រមាហើយម៉េចមិនលក់តែម្ដងទៅ។ ខ្ញុំអត់មានដើម បន្ទាប់មកអ្នកនៅសហគមន៍ហ្នឹង គាត់ឱ្យខ្ញុំយកលក់សិនបានលុយហើយចាំឱ្យថ្លៃដើមគេវិញ»។ នេះជាការបញ្ជាក់របស់បុរសវ័យ៥១ឆ្នាំរូបនេះ។

លោក សេងហ៊ួត ទើបចាប់ផ្ដើមលក់ក្រមាលើបណ្ដាញសង្គមបានកន្លះខែប៉ុណ្ណោះ។ របរនេះមានការគាំទ្រពីភ្ញៀវតាមអនឡាញ និងអ្នកនិយមមើលវីដេអូរបស់លោកតាមយូធូប។ ប៉ុន្តែមិនមែនលោក លក់ដាច់ខ្លាំងណាស់ណាទេ ដោយក្នុងមួយថ្ងៃលោកអាចលក់ក្រមាបានត្រឹម ៣ ទៅ៥ ប៉ុណ្ណោះ។ ក្រមាមួយមានតម្លៃចាប់ពី ៨០០០រៀល ទៅ ១២០០០រៀល។ 


ក្រមា រូបភាពពីហ្វេសប៊ុកលោក ហៀក សេងហ៊ួត

ការលក់ក្រមា និងការធ្វើយូធូប មិនអាចឱ្យលោកមានចំណូលគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារទេ។ កត្តានេះ បានធ្វើឱ្យភរិយា របស់លោកមិនសូវសប្បាយចិត្ត ប៉ុន្តែដោយការតាំងចិត្ត និងមនសិការស្នេហាវប្បធម៌ខ្មែរ ទើបភរិយារបស់លោកអនុញ្ញាតឱ្យលោកបន្តធ្វើវីដេអូនេះតទៅទៀត។ លោក សេងហ៊ួត រៀបរាប់បែបនេះ៖ «គ្រួសារខ្ញុំគាត់មិនសូវសប្បាយចិត្តដែរ ប៉ុន្តែយើងចេះតែពន្យល់គាត់ពីវប្បធម៌ខ្មែរ យូរៗទៅគាត់ក៏យល់ហើយ ឱ្យខ្ញុំធ្វើទៀតទៅ»។ 

ឆ្លងកាត់ដំណើរជីវិតជាអ្នកផ្សព្វផ្សាយវប្បធម៌ជាង ២ទសវត្សរ៍ មគ្គុទ្ទេសក៍ទេសចរភាសាអង់គ្លេសរូបនេះ តាំងចិត្តជំរុញក្មេងជំនាន់ក្រោយឱ្យស្រឡាញ់ និងថែរក្សា សម្បត្តិដ៏អស្ចារ្យដែលដូនតាបន្សល់ទុកឱ្យទោះមានចំណូលតិចក្ដី៕
 

ព័ត៌មានទាក់ទង