អូស្ត្រាលី អាល្លឺម៉ង់ និងស្វីស នឹងផ្តល់ថវិកា១៣លានដុល្លារដល់MRC ដើម្បីទប់ទល់ការប្រែប្រួលអាកាសធាតុ

29/06/2021 3:00 pm ភ្នំពេញ

ដោយ៖ សែម វណ្ណា 

អូស្ត្រាលី អាល្លឺម៉ង់ និងស្វីស បានសន្យាផ្តល់ថវិកាជិត ១៣លានដុល្លារអាមេរិក ដល់គណៈកម្មការទន្លេមេគង្គ (MRC) ដើម្បីជួយប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ក្នុងការឆ្លើយតបទៅនឹងបញ្ហាការប្រែប្រួលអាកាសធាតុ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត។



សេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មការទន្លេមេគង្គ (MRC) បានឱ្យដឹងថា ប្រទេសអូស្ត្រាលី អាល្លឺម៉ង់ និងស្វីស ផ្តល់ថវិកាប្រមាណ ១៣លានដុល្លារអាមេរិក ដល់ MRC ដើម្បីគាំទ្រប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម ឆ្លើយតបទៅនឹងបញ្ហាប្រឈមជាបន្ទាន់នានា ការពារប្រព័ន្ធអេកូឡូស៊ីទន្លេមេគង្គ និងធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជនកានើតែប្រសើរឡើង។ MRC នឹងប្រើប្រាស់ថវិកានេះតាមផែនការយុទ្ធសាស្ត្រ ៥ឆ្នាំ ចាប់ពីឆ្នាំ២០២១ដល់២០២៥។ 

លោក  អាន ពេជ្រហត្ថដា នាយកប្រតិបត្តិនៃលេខាធិការដ្ឋាន បានបញ្ជាក់ដូច្នេះ៖ «ការគាំទ្រនេះ ទាន់ពេលវេលា និងមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ MRC ក្នុងការអនុវត្តសកម្មភាពនានា ដែលធ្វើឲ្យមានតុល្យភាពលើតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច ការធ្វើឲ្យសង្គមប្រសើរឡើង និងការគាំពារដល់បរិស្ថាន»។ 

លោក ពេជ្រហត្ថថា បន្ថែមថា MRC នឹងថ្លឹងថ្លែងរាល់ជម្រើសជាច្រើននៃប្រភពបង្កើតថាមពលនានា រួមទាំងជម្រើសថាមពល-ស្បៀង-ទឹក ក៏ដូចជាការប្រើប្រាស់បន្ថែមនៃថាមពលដោយពន្លឺព្រះអាទិត្យ និងខ្យល់។ ជាមួយគ្នានេះ MRC នឹងសិក្សាស្វែងរកនូវមធ្យោបាយផ្សេងៗដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមានផ្នែកបរិស្ថានលើទន្លេមេគង្គ និងប្រជាជន។ 

ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំប្រទេសឡាវ លោក Paul Kelly បានរៀបរាប់ថា ប្រទេសអូស្ត្រាលី នឹងផ្តល់នូវការគាំទ្របច្ចេកទេសដល់ MRC លើវិស័យសំខាន់ៗជាច្រើនផងដែរ រួមទាំងដល់មជ្ឈមណ្ឌលគ្រប់គ្រងទឹកជំនន់ និងគ្រោះរាំងស្ងួត និងការកែលម្អនូវប្រព័ន្ធទិន្នន័យ និងព័ត៌មានរបស់ស្ថាប័ននេះ។  


លោក Paul Kelly បញ្ជាក់ដូច្នេះ៖ «យើងសង្ឃឹមថា ជំនួយមូលនិធិទាំងនេះ នឹងជួយបង្កើនលទ្ធភាពដល់ MRC និងប្រទេសជាសមាជិកឲ្យប្រើប្រាស់ធនធានទឹក និងធនធានពាក់ព័ន្ធនៃទន្លេមេគង្គ ដើម្បីជាចំណែកមួយជួយស្តារសេដ្ឋកិច្ចឡើងវិញពីការរាតត្បាតជាសាកល ការកសាងភាពធន់ផ្នែកបរិស្ថាន និងការពង្រឹងកិច្ចសហប្រតិបត្តិការតំបន់»។ 

ទន្ទឹមនឹងនេះ លោក Jens Lütkenherm ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំប្រទេសឡាវ បានឱ្យដឹងថា អាល្លឺម៉ង់ នឹងផ្តល់ថវិកា ១.២ លានដុល្លារអារិក ដល់MRC រយៈពេល ៣ឆ្នាំដោយចាប់ផ្តើមនៅឆ្នាំ២០២២។ ថវិកាដែលនៅសេសសល់ នឹងត្រូវផ្តល់ឲ្យទៅតាមកម្មវិធីកិច្ចសហប្រតិបត្តិការ MRC–GIZ សម្រាប់ជាជំនួយផ្នែកបច្ចេកទេស។

លោក Jens Lütkenherm អះអាងដូច្នេះ៖ «យើងជឿជាក់ថា មូលនិធិនេះ នឹងជួយ MRC ឲ្យបង្កើតនូវបណ្តាញស្នូលសម្រាប់កិច្ចការតាមដានទន្លេក្នុងតំបន់ទន្លេមេគង្គ។ ជាលទ្ធផល វារួមចំណែកដល់ការសម្រេចចិត្តដោយផ្អែកលើព័ត៌មាន សម្រាប់ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានទឹក និងជួយបង្កើនសមត្ថភាព MRC ក្នុងការគ្រប់គ្រងគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតឲ្យកាន់តែមានប្រសិទ្ធភាព»។

ជាមួយគ្នានេះ លោក Jean-François Cuénod នាយកតំបន់នៃទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍន៍ និងកិច្ចសហប្រតិបត្តិការ ផ្តល់ថវិកា ៥.៣ លានដុល្លារអាមេរិក ក្នុងរយៈពេល ៥ ឆ្នាំ ដើម្បីគាំទ្រដល់ការអនុវត្តនៃផែនការយុទ្ធសាស្ត្រថ្មីនេះ។

លោក Jean-François Cuénod បានថ្លែងថា៖ «យើងអបអរសាទរចំពោះ MRC ក្នុងការដាក់ឲ្យប្រើប្រាស់នូវយុទ្ធសាស្ត្រចក្ខុ        វិស័យថ្មីៗ ដែលចាំបាច់សម្រាប់អាងទន្លេមេគង្គ។ យើងនឹងរួមសហការជាមួយនឹង MRC ប្រទេសជាសមាជិក និងដៃគូអភិវឌ្ឍន៍ផ្សេងទៀត ក្នុងការផ្លាស់ប្តូរតំបន់នេះឆ្ពោះទៅកាន់មាគ៌ាមួយដែលកាន់តែមានចីរភាព និងភាពធន់ ដោយធានាថា គ្មាននរណាម្នាក់នឹងត្រូវបោះបង់ចោលនោះទេ»។

MRC នឹងជំរុញកិច្ចសន្ទនាថ្នាក់តំបន់ក្នុងចំណោមប្រទេសតាមអាងទន្លេ និងធ្វើឲ្យការចូលរួមចំណែកជាមួយនឹងប្រទេសចិនកាន់តែស៊ីជម្រៅ ក៏ដូចជា ជាមួយនឹងដៃគូផ្សេងៗទៀត តាមរយៈកិច្ចសហប្រតិបត្តិការអាស៊ាន និងឡានឆាង-មេគង្គ សម្រាប់ជាប្រយោជន៍ដល់សមាជិកទាំងអស់៕ 
 

ព័ត៌មានទាក់ទង