លោក វ៉ែន លាប៖ មាន់ក្រិច មានតម្លៃថ្លៃ តែទីផ្សារមិនទាន់ទូលាយ

15/08/2021 3:00 pm ភ្នំពេញ

ដោយ៖ ខន ណារី

មាន់ក្រិច ឬ មាន់ចាប់ឡាក់ មានតម្លៃថ្លៃ និងពេញនិយមសម្រាប់ជនជាតិចិន ប៉ុន្តែទីផ្សារមិនសូវទូលាយ។ លោក វ៉ែន លាប បានប្ដូរការចិញ្ចឹមមាន់ក្រិច ជាលក្ខណៈលម្អ មកជាចិញ្ចឹមបែបអាជីវកម្មវិញ។



មាន់ក្រិចនេះ ភាគច្រើនត្រូវបានគេចិញ្ចឹមសម្រាប់លម្អនៅតាមផ្ទះ តាមរមណីយដ្ឋាន និងនៅតាមសួនសត្វជាដើម ព្រោះមាន់ប្រភេទនេះ មានសម្បុរប្លែក គួរឲ្យទាក់ទាញ។ ស្ថិតនៅស្រុកបន្ទាយមាស ខេត្តកំពត លោក វ៉ែន លាប បានជ្រើសរើសចិញ្ចឹមមាន់ក្រិច ៤ឆ្នាំមកហើយ។ ដំបូងឡើយ លោកផ្ដើមចិញ្ចឹមត្រឹមមាន់ត្រឹម ៧ក្បាលប៉ុណ្ណោះ។ បច្ចុប្បន្ន លោក លាប មានមាន់រហូត ២០០ក្បាល។

លោក លាប បានរៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទដូច្នេះ៖«ខ្ញុំមិនដឹងទេ ថាមាន់នេះ មានប្រភពពីណា។ ខ្ញុំឃើញវាប្លែក ទើបទិញតពីគេ ដើម្បីបង្កាត់ពូជដោយខ្លួនឯង។ មាន់នេះមិនសូវមានអ្នកចិញ្ចឹមទេ ទោះព្រោះមិនសូវសម្បូរទីផ្សារ តែវាលក់បានថ្លៃ»។

បើតាមអ្នកចិញ្ចឹមមាន់ក្រិច វ័យ២៩ឆ្នាំរូបនេះ ជាទូទៅគេមិនគិតគីឡូនោះទេ។ ទីផ្សារមាន់ក្រិច នាពេលបច្ចុប្បន្ន អាចលក់បានតម្លៃ ចាប់ពី ១៥ដុល្លារ ទៅ២០ដុល្លារ ឯណោះ ក្នុងមួយក្បាល។ ជនជាតិចិន មានការពេញនិយមបរិភោគមាន់ក្រិច ច្រើនជាងជនជាតិខ្មែរ ដែលធ្វើឲ្យខេត្តព្រះសីហនុ ជាទីផ្សារធំសម្រាប់មាន់ក្រិចរបស់លោក លាប។

លោក លាប បញ្ជាក់ដូច្នេះ៖«សព្វថ្ងៃទីផ្សារមិនទៀងទេ តែជាមធ្យមខ្ញុំអាចលក់មាន់បាន ៦ក្បាល ទៅ ៨ក្បាល ក្នុងមួយថ្ងៃ។ ក្នុងមួយរដូវអាចលក់កូនមាន់ និងមាន់សាច់ប្រហែល ៣០០-៤០០ក្បាល។ ខ្ញុំមានអតិថិជននៅក្រុងកំពង់សោម ច្រើនជាងគេ ព្រោះជាអាហារពេញនិយមសម្រាប់ជនជាតិចិន។ បន្ទាប់មកអាចលក់ទៅខេត្តសៀមរាបខ្លះ និងខេត្តបន្ទាយមានជ័យខ្លះ»។


ក្រៅពីការលក់មាន់សាច់ លោក វ៉ែន លាប ក៏ទទួលបានចំណូលបន្ថែម ពីការលក់កូនមាន់ដែរ។ កូនមាន់ក្រិចអាយុ ១០ទៅ១២ថ្ងៃ អាចលក់ក្នុងតម្លៃ ៧០០០រៀលក្នុងមួយក្បាល។ លោក លាប ក៏មានបំណងពង្រីកការចិញ្ចឹមមាន់ក្រិច ប៉ុន្តែលោកសិក្សាបន្ថែមពីទីផ្សារជាមុនសិន។

«សាច់មាន់ក្រិច ខុសពីមាន់ស្រែ និងមាន់ដទៃ។ វាមានរសជាតិឆ្ងាញ់ ផ្អែម និងមានសាច់ស្វិត» នេះជាការបញ្ជាក់របស់លោក វ៉ែន លាប ដែលបន្ថែមថា មុខម្ហូបដែលពេញនិយមជាងគេ គឺសម្លរម្ជូរគ្រឿង ណាំង៉ូវ និងបបរគ្រឿង។ 

ការចិញ្ចឹមមាន់ក្រិច មានរយៈពេល ៣ខែ ដែលនឹងមានទម្ងន់៧ខាំទៅ១គីឡូក្រាម។ មាន់ក្រិច ចូលចិត្តស៊ីរុក្ខជាតិ ដូចជា ត្រួយស្មៅ ត្រកួន ជាដើម ជាអាហារ។ ដូច្នេះ វាត្រូវការរស់នៅតាមទីវាល ច្រើនជាងនៅក្នុងទ្រុង។ ម្យ៉ាងទៀត មាន់ក្រិច មានលទ្ធភាព ផ្ដល់ពងប្រមាណ ១០០គ្រាប់ក្នុងមួយរដូវ។ រដូវមាន់ក្រិចពង ចន្លោះចាប់ពីខែមេសា រហូតខែកក្កដា។ រយៈពេលនេះ មាន់ក្រិច តែងពងជាប្រចាំរៀងរាល់មួយថ្ងៃមួយគ្រាប់៕

ព័ត៌មានទាក់ទង