គម្រោងLASED III ផ្ដល់ដីដល់ពលរដ្ឋក្រីក្រ ជាង៦ពាន់គ្រួសារ ដើម្បីរស់នៅ និងធ្វើកសិកម្ម 

24/06/2021 2:00 pm ភ្នំពេញ


ដោយ៖ ខន ណារី

ភ្នំពេញ៖ រដ្ឋាភិបាលកម្ពុជា ចាប់ផ្ដើមអនុវត្តគម្រោងបែកចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ (LASEDIII)  ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះ ចំនួន១៥ ០០០គ្រួសារ។ បច្ចុប្បន្ន ពលរដ្ឋសរុប ៦ ៥០០គ្រួសារ បានទទួលផលពីគម្រោងនេះ។ ក្នុងចំណោមនេះ ជនជាតិដើមភាគតិច ចំនួន១ ៥០០គ្រួសារ បានទទួលផលពីដីសហគមន៍។



គម្រោងនេះ មានរយៈពេល ៦ឆ្នាំ ចាប់ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៦ ដោយប្រើប្រាស់ថវិកា សរុប ១០៧លានដុល្លារ ក្នុងនោះ៩៣លានដុល្លារ ជាកម្ចីពីធនាគារពិភពលោក និង១៤លានដុល្លារ ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។ ក្រសួង-ស្ថាបនពាក់ព័ន្ធ បានបើកកិច្ចប្រជុំមួយ តាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤ ខែមិថុនា ដើម្បីចាប់ផ្ដើមអនុវត្តគម្រោងបែកចែកដី ដើម្បីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣នេះ។ កិច្ចប្រជុំនេះ មានការចូលរួមពី លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម លោកស្រី Mariam J. Sherman នាយិកាធនាគារពិភពលោកប្រចាំប្រទេសកម្ពុជា ឡាវ និងមីយ៉ាន់ម៉ា រួមទាំងអ្នកពាក់ព័ន្ធជាង ៥០០នាក់។

លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម បានលើកឡើងថា គម្រោងនេះ គឺជាការចែកដីរបស់រដ្ឋ ដែលសមស្របសម្រាប់ផ្នែកកសិកម្ម រួមជាមួយនឹងសេវាកម្ម គាំទ្រសមស្រប ទៅដល់គ្រួសារក្រីក្រ គ្មានដីធ្លី និងមានដីធ្លីតិចតួច ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ «គម្រោងនេះគ្របដណ្ដប់លើខេត្តគោលដៅ ដែលមានដីសមស្របអំណោយផលសម្រាប់យកមកអនុវត្ត លើកលែងតែរាជធានីភ្នំពេញ ដែលផ្ដោតការវិនិយោគលើហេដ្ឋារចនាសម្ព័ន្តសាធារណៈ និងការផ្ដល់សេវាគាំទ្របច្ចេកទេស»។ នេះជាការបញ្ជាក់របស់ លោក វេង សាខុន។ 

រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ រំពឹងថា គម្រោងនេះ នឹងធ្វើឱ្យពលរដ្ឋនៅខេត្តគោលដៅ ចំនួន១៥,០០០គ្រួសារ មានជីវភាពកាន់តែប្រសើរ តាមរយៈការដាំដុះដំណាំ ចិញ្ចឹមសត្វ និងការរៀបចំគ្រប់គ្រងជាសមាគមន៍កសិកម្ម ដើម្បីនិរន្តរភាព។

សូមបញ្ជាក់ថា គម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី១ បានចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០០៨-២០១៥។ ដោយឡែក គម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ បានអនុវត្តនៅឆ្នាំ២០១៦-២០២១។ រីឯ គម្រោងបែកចែកដីដើម្បីសង្គមកិច្ច និងអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី៣ នេះចាប់ផ្ដើមអនុវត្តចាប់ពីឆ្នាំ២០២០-២០២៦៕

 

ព័ត៌មានទាក់ទង