​ក្រសួងពាណិជ្ជកម្ម ស្វែងរកក្រុមហ៊ុន​​ដែលចង់ចូលរួមពិព័រណ៍កាហ្វេ និងភោជ​នីយ​ដ្ឋានអា​ស៊ី នៅសិង្ហបុរី

24/06/2021 11:00 am ភ្នំពេញ


ដោយ៖ ជឿន ស្រីណយ

​ក្រសួងពាណិជ្ជកម្ម កំពុងស្វែងរកម្ចាស់សហគ្រាសផលិត និងកែច្នៃគ្រាប់កាហ្វេ និងផលិតផលផ្ទះបាយពីប្រទេសកម្ពុជា ដែលចាប់អារម្មណ៍ចូលរួម​ ការតាំងពិព័រណ៍ផលិតផលកាហ្វេ និងភោជនីយដ្ឋានអាស៊ី ឆ្នាំ២០២១ ដែលរៀបចំនៅសិង្ហបុរី។ ពិព័រណ៍នេះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨-២០ ខែវិច្ឆិកា នៅសាល B,C នៃមជ្ឈមណ្ឌលតាំងពិព័រណ៍ Marina Bay Sands Singapore ដោយធ្វើឡើង​ជា២ទម្រង់ គឺការចូលរួមដោយផ្ទាល់ និងការចូលរួមតាមប្រព័ន្ធអនឡាញ។


 
​តាមក្រសួងពាណិជ្ជកម្ម ​ក្រុមហ៊ុនរៀបចំសេវាសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មរបស់សិង្ហបុរី (CEMS) ដែលជាអ្នករៀបចំពិព័រណ៍នេះ ​បានផ្តល់ស្តង់ចំនួន៤​ សម្រាប់​កម្ពុជា ដោយស្តង់១ផ្តល់ដោយឥតគិតថ្លៃ ដល់ស្ថានទូតកម្ពុជាប្រចាំនៅសិង្ហបុរី សម្រាប់ផ្សព្វផ្សាយផលិតផលវប្បធម៌ និងទេសចរណ៍។ ចំណែក​ស្តង់ចំនួន៣ទៀត សម្រាប់​ក្រុមហ៊ុនផលិតផលកាហ្វេ និងផលិតផលផ្ទះបាយ ពីប្រទេសកម្ពុជា ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម ដោយត្រូវបង់កម្រៃស្តង់​ចំនួន ១៥,៦៦០ ដុល្លារសិង្ហបុរី ស្មើនឹង ១១,៦០០ ដុល្លារអាមេរិក។ ស្តង់នីមួយៗ មានទំហំ ៩ម៉ែត្រការ៉េ និងតម្លៃជួលចំនួន៣,៨៦៦ ដុល្លារអាមេរិក។
 
សម្រាប់ការចូលរួមតាមប្រព័ន្ធអនឡាញ អ្នកចូលរួមត្រូវបង់កម្រៃជាកញ្ចប់ចំនួន ១,៥០០ ដុល្លារសិង្ហបុរី ឬប្រមាណ ១,១១០ ដុល្លារអាមេរិក សម្រាប់មួយក្រុមហ៊ុន។ ​​
 
កញ្ញា តុង រីត្តា ប្រធានការិយាល័យ នាយកដ្ឋានកិច្ចការពិព័រណ៍ នៃអគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម បាន​ថ្លែងប្រាប់ Thmeythmey25ថា ពិរព័រណ៍នេះ គឺឱកាសសម្រាប់ម្ចាស់អាជីវកម្មកាហ្វេ និងផលិតផលផ្ទះបាយនៅកម្ពុជា ក្នុងការស្វែងរកដៃគូផ្គត់ផ្គង់ ចែកចាយ និងពង្រីកទីផ្សារផលិតរបស់ខ្លួននៅក្នុងតំបន់។

តាមមន្ត្រីរូបនេះ កន្លងមក វិនិយោគិនពីកម្ពុជា ក៏អាចពង្រីកទីផ្សារផលិតផលកសិកម្មរបស់មានដូចជា ផលិតផលអង្ករ និងម្រេចជាដើម តាមរយៈការចូលរួមពិព័រណ៍ផលិតផល នៅបរទេសដូចនេះដែរ​។​«នេះគឺជាការរកទីផ្សាររបស់ម្ចាស់អាជីវកម្ម ដែលមានផលិតផលក្នុងដៃ ព្រោះក្រសួងធ្លាប់នាំអាជីវករទៅចិន ហើយគេអាចរកទីផ្សារអង្ករ និងម្រេចពីទីនោះបាន»។ នេះជាការបញ្ជាក់របស់ កញ្ញា តុង រីត្តា ដែលបានបន្តថា ម្ចាស់សហគ្រាសផលិត និងកែច្នៃគ្រាប់កាហ្វេ និងផលិតផលផ្ទះបាយ​នៅកម្ពុជា ដែលស្វែងរកដៃគូផ្គត់ផ្គង់នៅទីផ្សារសិង្ហបុរី ឬទីផ្សារក្នុងតំបន់ សូមកុំខនខានឱកាសនេះ។

ព័ត៌មានបន្ថែម សូមទំនាក់ទំនង​ទៅកាន់លេខទូរស័ព្ទ (៣៩) ៣៤៧ ១២៧ ២៥១២, អ៊ីម៉ែល [email protected]  ឬលេខ ០៨៧ ៧៥៥ ៥៥១ ឬអ៊ីម៉ែល [email protected] ឱ្យបានមុនថ្ងៃទី១៧ ខែសីហា៕

 

ព័ត៌មានទាក់ទង