សល់ផ្ទះបណ្តែតទឹក និងបែត្រីជិត៩០ទីតាំងទៀត ដែលត្រូវរើចេញពីទន្លេ

23/06/2021 3:00 pm ភ្នំពេញ


ដោយ៖ អ៊ូ សុខមាន

ភ្នំពេញ៖ ផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ១,៦១៣ទីតាំង នៅតាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានរុះរើចេញហើយ។ ក្នុងចំណោមទីតាំង ១,៧០០ គឺនៅសល់តែ៨៧កន្លែងទៀតប៉ុណ្ណោះ គិតត្រឹមថ្ងៃទី២១ មិថុនា ។ នេះជាការលើកឡើងរបស់លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។



លោក សាន សុខសីហា បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey តាមទូរសព្ទ នាថ្ងៃទី២២ មិថុនានេះ ថា សំណង់មិនរៀបរយនៅសល់៨៧ទីតាំងនេះ គឺមាននៅក្នុងខណ្ឌជ្រោយចង្វារ និងខណ្ឌច្បារអំពៅប៉ុណ្ណោះ ខណៈផ្ទះបណ្តែតទឹក និងបែចិញ្ចឹមត្រី ដែលមាននៅក្នុងខណ្ឌព្រែកព្នៅ ខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ ត្រូវបានពលរដ្ឋស័្មគ្រចិត្តរុះរើចេញពីទន្លេដោយខ្លួនឯងអស់១០០ភាគរយហើយ។ 
 
«ចំពោះផ្ទះបណ្តែតទឹកនិងបែចិញ្ចឹមត្រីដែលនៅសេសសល់សរុប៨៧ទីតាំងនោះ គឺមាន៧៤ទីតាំងស្ថិតនៅខណ្ឌជ្រោយចង្វារ(បែចិញ្ចឹមត្រីមាន១ទីតាំង) និង១៣ទីតាំងទៀត គឺនៅក្នុងខណ្ឌច្បារអំពៅ(បែចិញ្ចឹមត្រីមាន៧ទីតាំង)។ ទីតាំងសំណង់ដែលនៅសេសសល់នេះ ពលរដ្ឋកំពុងធ្វើសកម្មភាពរុះរើចេញជាបន្តបន្ទាប់។ ហើយសន្ទុះនៃការុះរើសំណង់ចេញពីទន្លេនេះ យើងមើលឃើញថា ផ្ទះបណ្តែតនិងបែត្រីដែលនៅសល់ជិត៩០ទីតាំងនេះ នឹងរើចេញពីទន្លេអស់ក្នុងពេលឆាប់ៗ»។ នេះបើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។

ជាមួយគ្នានេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាក់ថាប្រាប់សារព័ត៌មានThmeyThmey ថា ពលរដ្ឋដែលបានរើចេញពីទន្លេក្នុងភូមិសាស្ត្រនៃខណ្ឌច្បារអំពៅនោះ បានឡើងមករស់នៅលើកគោកវិញ និងមួយចំនួនទៀត ក៏បានចល័តតាមទឹកទៅទីតាំងផ្សេង ខណៈសំណង់មិនរៀបរាប់នៅសល់តូចតិចនោះ កំពុងបន្តរុះរើចេញពីទន្លេ។ 

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ មានប្រសាសន៍ដូច្នេះ៖«បច្ចុប្បន្ន យើងអាចនិយាយបានថាពួកគាត់[ពលរដ្ឋ] រុះរើចេញពីទន្លេដោយខ្លួនឯង សឹងអស់ទៅហើយ ព្រោះនៅសល់សំណង់មិនរៀបរយមិនដល់១០ទីតាំងទៀតទេ ដែលពលរដ្ឋកំពុងរុះរើចេញដោយខ្លួនឯង»។

កន្លងមកលោក ចេង មុនីរ៉ា បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey  ថា នៅតាមដងទន្លេក្នុងភូមិសាស្ត្រខណ្ឌច្បារអំពៅ គឺមានបែត្រី ផ្ទះបណ្តែតទឹក និងសំណង់មិនរៀបរយ ជាង២០០កន្លែង ដែលចល័តទៅវិញទៅមកពីទន្លេមេគង្គក្រោម ទៅទន្លេសាប។ 

ពលរដ្ឋដែលបានរើចេញពីទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនោះ មានចំនួនឡើងមករស់នៅលើគោក និងមួយចំនួនទៀត បានចល័តទៅទីតាំងផ្សេងៗតាមទន្លេ ក្នុងខេត្តនានា។

សារព័ត៌មានThmeyThmey មិនអាចទាក់ទងលោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញការរើចេញរបស់ពលរដ្ឋនៅលើទន្លេបានឡើយ នាថ្ងៃទី២២ មិថុនានេះ ដោយទូរសព្ទហៅចូល ប៉ុន្តែមិនមានអ្នកទទួល។ 

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យអ្នកមានផ្ទះបណ្ដែតទឹកលើផ្ទៃទន្លេទាំងអស់ រុះរើចេញក្រោមហេតុផលថា បង្កឲ្យបាត់បង់សណ្ដាប់ធ្នាប់ និងប៉ះពាល់ដល់ប្រព័ន្ធអេកូឡូហ្ស៊ី។ លោក ឃួង ស្រេង បានព្រមានថា បើនរណារឹងរូស នឹងត្រូវប្រឈមដោះស្រាយតាមច្បាប់៕
 

 

ព័ត៌មានទាក់ទង