អ្នកស្រី តុលា ចិញ្ចឹមទាយកស៊ុត ៤ពាន់ក្បាល រកចំណូលបាន៣០ម៉ឺនរៀលក្នុងមួយថ្ងៃ 

23/06/2021 2:00 pm កំពង់ធំ


ដោយ៖ សុក ធីរ៉ា

កំពង់ធំ៖ អ្នកស្រី ជឹម តុលា បានចិញ្ចឹមទាយកស៊ុតចំនួន៤០០០ក្បាល នៅភូមិពោធិតាអ៊ុន សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ ក្នុងមួយថ្ងៃម្ចាស់កសិដ្ឋានរូបនេះ អាចប្រមូលស៊ុតបាន៣០០០គ្រាប់ និងអាចរកចំណូលបាន ៣០ម៉ឺនរៀលក្នុងមួយថ្ងៃ។

 

ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង អ្នកស្រី ជឹម តុលា អ្នកចិញ្ចឹមទានៅខេត្តកំពង់ធំ ជាមួយ លោក សុក ធីរ៉ា អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ដូចតទៅ៖ 


មានវ័យ៤២ឆ្នាំ អ្នកស្រី ជឹម តុលា បានប្រកបរបរនេះជាង១០ឆ្នាំមកហើយ ដោយរយៈពេល៣ឆ្នាំចុងក្រោយនេះ អ្នកស្រី បានពង្រីកការចិញ្ចឹមទារហូតដល់៤០០០ក្បាល ព្រោះមានការគាំទ្រច្រើនពីអតិថិជន។ សព្វថ្ងៃ អ្នកស្រី អាចផ្គត់ផ្គង់ទីផ្សារនៅ ភ្នំពេញ ខេត្តកំពង់ធំ និងខេត្តព្រះវិហារ។ បើតាមម្ចាស់កសិដ្ឋានរូបនេះ ក្នុងមួយថ្ងៃអ្នកស្រីអាចរកចំណូលបាន៣០ម៉ឺនរៀល និងអាចចំណេញ១៥ម៉ឺនរៀល បន្ទាប់ពីទូទាត់លើថ្លៃចំណាយផ្សេងៗដូចជា កម្មករ និងចំណីជាដើម។     


ងាកទៅបច្ចេកទេសនៃការចិញ្ចឹមទាដើម្បីយកស៊ុតវិញ អ្នកស្រី តុលា បានឱ្យ បានចែករំលែកបទពិសោធថា មុនពេលយកទាថ្មីចូលក្នុងកសិដ្ឋាន ចាក់វ៉ាក់សាំងការពារជំងឺឱ្យបានចំនួន២លើកសិន មុនដាក់ចូលទ្រុង។ អ្នកស្រី បានបន្ថែមថា សម្រាប់ការថែទាំ គឺត្រូវផ្តល់ចំណីឱ្យបានត្រឹមត្រូវ។  អ្នកស្រី បានរៀបរាប់ពីរបៀបដាក់ចំណីដូច្នេះ៖« ក្នុង ១០០០ ក្បាល យើងដាក់ចំណី ៤ បាវ ស្មើនឹង ១២០ គីឡូក្រាម។ បើទាទើបបញ្ចូលថ្មី យើងអាចដាក់ចំណីលើស ប្រហែល ២ បាវ»។

ចំពោះទឹកសម្រាប់ទាផឹក និងហែ គឺត្រូវប្តូរក្នុងមួយថ្ងៃម្តង ដោយបង្ហូរចេញពេលល្ងាច និងបញ្ចូលទឹកវិញនៅពេលព្រឹក ។ រីឯការសម្អាតទ្រុងវិញ គឺយើងសម្អាតចំនួន ២ លើក ព្រឹកល្ងាច ជារៀងរាល់ថ្ងៃ៕ 



 

ព័ត៌មានទាក់ទង