«ទឹកធ្លាក់ថ្មចាំង» លាក់ខ្លួនកណ្ដាលព្រៃនៅពោធិ៍សាត់ កំពុងទន្ទឹងចាំទេសចរ

23/06/2021 10:00 am ពោធិ៍សាត់

ទឹកធ្លាក់ថ្មចាំង នៅកណ្ដាលព្រៃព័ទ្ធដោយភ្នំ កំពុងរង់ចាំភ្ញៀវទេសចរ ទៅផ្ដិតយកទេសភាពដ៏ប្រណីតរបស់ខ្លួន។ ស្ថិតនៅចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីរង្វង់មូលប្រម៉ោយ ខេត្តពោធិ៍សាត់ ទឹកធ្លាក់ថ្មចាំងមិនសូវមានអ្នកស្គាល់ច្រើននោះទេ។ ទឹកធ្លាក់មួយនេះ ជាទីតាំងសក្ដិសមបំផុតសម្រាប់អ្នកចូលចិត្តផ្សងព្រេង។

ទឹកធ្លាក់ថ្មចាំង ស្ថិតនៅខាងលិចដែនជម្រកសត្វព្រៃភ្នំសំកុស។ ភ្ញៀវទេសចរ ដែលទៅកម្សាន្តនៅ ទឹកធ្លាក់ថ្មចាំង ត្រូវធ្វើដំណើរពីភូមិក្រពើពីរលើ ឃុំក្រពើពីរ ដោយម៉ូតូ៧គីឡូម៉ែត្រ និងត្រូវដើរកាត់ផ្ទាំងថ្មរអិល ប្រមាណ៣គីឡូម៉ែត្រទៀត។ នាបរិវេណ ទឹកធ្លាក់ថ្មចាំង ទេសចរ អាចបោះតង់សម្រាក ដែលទីតាំងនេះមានទេសភាពបៃតងស្រងាត់នៃព្រៃឫស្សី ពិសេស អាចងូតទឹកយ៉ាងត្រជាក់ហូរមកពីលើភ្នំផងដែរ។

លោក មាស សុភា ជាទេសចរមួយរូបបានទៅលេងទឹកធ្លាក់ថ្មចាំង ជាមួយមិត្ត ៤នាក់ផ្សេងទៀត មានអារម្មណ៍សប្បាយរីករាយ ក្រោយឃើញទេសភាពដ៏ស្រស់ស្អាតនៅទីនោះ។ ទេសភាព ដែលពោរពេញដោយពណ៌បៃតង បានធ្វើឱ្យលោក សុភា មិនអាចបំភ្លេចបាន។ ទេសចររូបនេះ រៀបរាប់បែបនេះ៖ «ទឹកធ្លាក់ហ្នឹង មានភ្នំជុំវិញ ទេសភាពស្អាត។ ពេលទៅដល់លើភ្នំយើងអាចមើលឃើញដំណាំរបស់អ្នកភូមិ ដែលដាំនៅទីនោះ »។

បន្ទាប់ពីធ្វើដំណើរកម្សាន្តទៅកាន់ទឹកធ្លាក់ថ្មចាំង ក្នុងស្រុងវាលវែង ចំនួន២យប់ លោក មាស សុភា យល់ថាភ្ញៀវទេសចរ គួរទៅលេងទឹកធ្លាក់ថ្មចាំង ដើម្បីផ្ដល់មុខរបរបន្ថែម ដល់ប្រជាជននៅក្នុងតំបន់នោះ។ លោកសុភា មានគម្រោងទៅទីនោះម្ដងទៀត ព្រោះនៅជិតទឹកធ្លាក់នេះ មានកន្លែងស្អាតៗផ្សេងទៀត ដែលលោកមិនទាន់ទៅដល់។ 

សូមជម្រាបផងដែរ ភ្ញៀវទេសចរដែលចង់ទៅកម្សាន្តនៅទឹកធ្លាក់ថ្មចាំង ត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ និងត្រូវបង្ហាញកាតចាក់វ៉ាក់សាំងដល់ប្រជាជនក្នុងមូលដ្ឋាន ទើបអ្នកភូមិអាចនាំចូលព្រៃទៅទឹកធ្លាក់ថ្មចាំងនេះបាន៕
 

 

 

ព័ត៌មានទាក់ទង