គណៈកម្មការទន្លេមេគង្គ ព្រមានការកើនឡើងទឹកទន្លេមេគង្គ០.៦០ម៉ែត្រនៅថ្ងៃទី២២ដល់ថ្ងៃទី២៣នេះ

22/06/2021 11:00 am ភ្នំពេញ

ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ គណៈកម្មការទន្លេមេគង្គ (MRC) បានព្យាករណ៍ថា ទឹកភ្លៀង នឹងធ្វើឱ្យកម្ពស់ទឹកទន្លេមេគង្គឡើង 0.៦០ម៉ែត្រនៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនានេះ។



លោក Lam Hong Son ប្រធានមជ្ឈមណ្ឌលគ្រប់គ្រងគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតប្រចាំតំបន់លេខាធិការដ្ឋាននៃគណៈកម្មការទន្លេមេគង្គ បាននិយាយកាលពីថ្ងៃសុក្រ ទី១៨ ថាជំនន់ទឹកភ្លៀងជាមធ្យម ដែលតំបន់នេះទទួលបានគឺខ្ពស់ជាងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩ និង ២០២០ ប្រហែល ៦០ ភាគរយ។

លោក Lam Hong Son អះអាងដូច្នេះ៖«តំបន់មេគង្គនេះ នឹងមានទឹកភ្លៀងប្រមាណ៦០ភាគរយច្រើនជាងមធ្យមក្នុងខែនេះ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ និងឆ្នាំ ២០២០។ ទឹកភ្លៀងនឹងទាបជាងមធ្យមក្នុងខែកក្កដានិងប្រហែលកម្រិតមធ្យមនៅខែសីហា និងកញ្ញា»។

លោក Lam Hong Son បន្ថែមថា នៅប្រទេសកម្ពុជា កម្រិតទឹកនៅលាតសន្ធឹងចាប់ពីខេត្តស្ទឹងត្រែង ដល់អ្នកលឿងក្នុងខេត្តព្រៃវែង នឹងកើនឡើង ០.៦៥ម៉ែត្រក្នុងរយៈពេលដូចគ្នា។ ក្នុងរយៈពេលប្រាំថ្ងៃបន្ទាប់កម្រិតត្រូវបានគេព្យាករណ៍ថានឹងកើនឡើង ០.៦០ មទៀត។

ប៉ុន្មានឆ្នាំកន្លងមកនេះ អ្នកជំនាញជាច្រើន ព្រួយបារម្ភពីការប្រែប្រួលទឹកទន្លេមេគង្គមិនទៀងទាត់។ អ្នកជំនាញ ធ្លាប់ព្រមានថា បញ្ហានេះកើតឡើងដោយសារការដឹកជញ្ជូនតាមទន្លេ ការសាងសង់ទំនប់វារីអគ្គសនីនៅផ្នែកខាងលើ និងការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់ ។

ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២២ មិថុនា បញ្ជាក់ថា ចាប់ពីថ្ងៃ២៣-២៩ មិថុនា កម្ពុជា នឹងរងឥទ្ធិពលពីជ្រលងសម្ពាធទាបនៃប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងល្បឿនបង្គួរ។ ស្ថានភាពបែបនេះ នឹងធ្វើឲ្យបណ្ដាខេត្តនៅតាមតំបន់មួយចំនួនក្នុងប្រទេស មានភ្លៀងធ្លាក់ក្នុងកម្រិតតិចទៅមធ្យម៕ 





 

ព័ត៌មានទាក់ទង