ត្រីលាក់ខ្លួនក្នុងភក់ក្រោមដី

22/06/2021 12:00 pm ភ្នំពេញ

ដោយ៖ ឈុត ឈាណា

នៅក្នុងប្រទេសកម្ពុជា មានពាក្យសុភាសិតមួយ ដែលពិពណ៌នាអំពីបាតុភូតគួរឱ្យកត់សម្គាល់មួយដោយពោលថា៖ «ទីណាមានទឹក ទីនោះមានត្រី»។ នារដូវប្រាំង វាលស្រែដែលនៅក្បែរប្រភពទឹកនឹងប្រែរីងស្ងួតទាំងស្រុង ហើយជីវិតទាំងឡាយក៏ងាប់អស់ដែរ បូករូមទាំងស្មៅផងដែរ។ ប៉ុន្តែ ពេលរដូវវស្សាចូលមកដល់ បាននាំទឹកមកផ្គត់ផ្គង់ក្នុងវាលស្រែ ហើយអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺត្រីក៏បានបង្ហាញខ្លួនក្នុងវាលស្រែនោះវិញដែរ។



រដូវវស្សា ឬរដូវភ្លៀងធ្លាក់ នៅប្រទេសកម្ពុជា ចាប់ផ្តើមពីខែមិថុនា ជារៀងរាល់ឆ្នាំ។ ក្នុងកំឡុងពេលនេះ សកម្មភាពបង្កបង្កើនផលនៅក្នុងវាលស្រែក៏ចាប់ផ្តើមដែរ។ កសិករភ្ជួររាស់ដីដោយប្រើត្រាក់ទ័រខ្នាតតូច ឬធំ ឬដោយគោ-ក្របី ដើម្បីរៀបចំដីត្រៀមសម្រាប់រដូវដកស្ទូង។ ស្របពេលជាមួយគ្នានោះ កសិករក៏ប្រមូលផលត្រីក្នុងវាលស្រែ ដែលបានបង្ហាញខ្លួនឡើង ក្រោយពេលនៅក្នុងវាលស្រែមានទឹក។

កុមារភាគច្រើន រស់នៅតាមទីជនបទ ពួកគេចេះពីវិធីចាប់ត្រីតាមវាលស្រែ។ ជារឿយៗ អ្នកអាចឃើញពួកគេរីករាយនឹងចាប់ត្រីនេះ ព្រោះវាជាសកម្មភាពមួយដែលពួកគេចូលចិត្តក្នុងវ័យកុមារភាព។ ដូចដែលបានបង្ហាញនៅក្នុងរូបភាពនេះ កុមារជាច្រើននាក់ ដើរតាមក្រោយត្រាក់ទ័រ ដើម្បីចាប់ត្រីដែលផុសចេញពីដីអាចម៍បំណះ។ កុមារខ្លះប្រើឧបករណ៍នេសាទបែបប្រពៃណីធ្វើពីឫស្សីដើម្បីចាប់ត្រី មានដូចជា អង្រុត និងឈ្នាងជាដើម។
 
ប្រជាជនកម្ពុជា ភាគច្រើនចូលចិត្តត្រីដែលនេសាទបាននៅតាមវាលស្រែ។ ជាធម្មតា ត្រីដែលគេចាប់បានជាទូទៅជាប្រភេទត្រីខ្មៅ ដែលមិនធ្វើចរាចរផ្លាស់ទី មានដូចជា ត្រីផ្ទក់ (Channa striata),  ត្រីក្រាញ់ (Anabas testudineus) និងត្រីអណ្តែង (Clarias batrachus)។ ប្រភេទសត្វរស់នៅក្នុងទឹកផ្សេងៗ ទៀត មានដូចជា ក្តាម និងកង្កែប តាមវាលស្រែ ក៏ជាអាហារចំណូលចិត្តសម្រាប់ប្រជាជនកម្ពុជាដែរ ដែលផលិតផលជលផលដ៏សំខាន់មួយ តាំងយូរណាស់មកហើយសម្រាប់ប្រជាជនក្នុងស្រុក។ សព្វថ្ងៃនេះ ត្រីដែលចាប់ពីតាមវាលស្រែ គឺជាមុខទំនិញដ៏ពេញនិយម និងងាយស្រួលលក់នៅតាមទីផ្សារក្នុងតំបន់ផងដែរ។
 
ប៉ុន្តែ បើនេសាទត្រីនៅតាមវាលស្រែ ដោយប្រើប្រាស់ឧបករណ៍ឆក់ត្រី វាអាចនឹងធ្វើឱ្យបាត់និរន្តរភាពសម្រាប់ការនេសាទត្រីក្នុងវាលស្រែ។ ព្រោះឧបករណ៍ឆក់ត្រី វាប្រើចរន្តអគ្គិសនីដែលមានកម្លាំងខ្លាំង បញ្ជូនចរន្តតាមរយៈទឹកចូលទៅគ្រប់ច្រកល្ហកក្នុងរង្វង់អង្កត់ផ្ទិត២ម៉ែត្រឡើង វាបានធ្វើឲ្យត្រីស្រងល់ ឬអាចឱ្យត្រីងាប់បាន។ មិនតែប៉ុណ្ណោះ វាក៏អាចសម្លាប់សត្វផ្សេងទៀត ដែលកប់ក្នុងភក់ផងដែរ។ ប្រសិនបើឧបករណ៍ឆក់ត្រីនេះ ត្រូវបានប្រើក្នុងរដូវវស្សា ត្រី និងវារិសត្វភាគច្រើន ដែលរស់នៅក្នុងស្រែ នឹងងាប់ ដូច្នេះអស់ នោះមានន័យថា នឹងមិនមានត្រី ឬវារិសត្វសម្រាប់ចាប់នៅឆ្នាំក្រោយឡើយ។
 
គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ សូមលើកទឹកចិត្តកសិករ និងប្រជានេសាទឱ្យប្រើប្រាស់តែឧបករណ៍នេសាទតាមបែបប្រពៃណី ដើម្បីចាប់ត្រីនៅតាមវាលស្រែ ជំនួសឱ្យឧបករណ៍ឆក់ ដើម្បីរក្សា និងការពារធនធានជលផលតាមវាលស្រែ។ សូមតាមដានជាមួយគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ និងសូមជួយចែកចាយអត្ថបទនេះ ដើម្បីជួយគ្នាក្នុងការការពារធនធានជលផលរបស់យើង សម្រាប់មនុស្សជំនាន់ក្រោយ។



 

ព័ត៌មានទាក់ទង