ទេសចរចំនួន ១២០០នាក់ឡើងភ្នំខ្នងផ្សា កាលពីចុងសប្តាហ៍មុន​

22/06/2021 9:00 am កំពង់ស្ពឺ

ទេសចរចំនួន ១២០០នាក់បានឡើងខ្នងផ្សា កាលពីថ្ងៃទី១៨-២០មិថុនា កន្លងទៅនេះ។ ចំនួនភ្ញៀវនេះបានធ្វើឱ្យខេត្តកំពង់ស្ពឺឈរនៅលំដាប់លេខ៣ ជាខេត្តដែលមានទេសចរច្រើនជាងគេបន្ទាប់ពីរាជធានីភ្នំពេញ និងកំពត។ ដ្បិតថាទេសចរមានច្រើនលើសលប់ឡើងខ្នងផ្សា ប៉ុន្តែវិធានសុវត្ថិភាពមួយចំនួននៅតែត្រូវបានអនុវត្ត។

ចំនួនទេសចរយ៉ាងច្រើននេះ បានធ្វើឱ្យកន្លែងដាក់ឡាន ម៉ូតូ ក្នុងសហគមន៍មានសភាពចង្អៀត ដែលបណ្ដាលឱ្យទេសចរខ្លះត្រូវទុកម៉ូតូ ឡាន នៅផ្ទះអ្នកភូមិ។ យ៉ាងណាមិញ ទេសចរដែលឡើងខ្នងផ្សា ត្រូវអនុវត្តវិធានសុវត្ថិភាពដូចជា កត់ត្រាព័ត៌មានផ្ទាល់ខ្លួន ជាមួយសហគមន៍ វ៉ាស់កម្ដៅ និងបង្ហាញប័ណ្ណចាក់វ៉ាក់សាំង សម្រាប់អ្នកចាក់វ៉ាក់សាំងហើយ។ ប៉ុន្តែការរក្សាគម្លាតមិនត្រូវបានអនុវត្តនោះទេ។ 

លោក រស់ សុខ ប្រធានស្ដីទី មន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា ៖ « មុនគាត់ឡើងទៅ នៅសហគមន៍ និងស្នាក់ការមន្ទីរបរិស្ថាន គេកត់ឈ្មោះពួកគាត់ វ៉ាស់កម្ដៅ មុនឱ្យប្រជាសហគមន៍ ជូនឡើងភ្នំ »។ 

ជាមួយគ្នានេះដែរ លោក ហៀង ហេង អ្នកទេសចរឡើងខ្នងផ្សា ជាមួយមិត្តភ័ក្ត្រប្រហែល ២០នាក់កាលពីថ្ងៃទី ១៨ដល់ ២០ មិថុនា លើកឡើងថា ក្រុមរបស់លោកត្រូវបង្ហាញ កាតចាក់វ៉ាក់សាំង ទៅកាន់សហគមន៍។ ប៉ុន្តែសម្រាប់ការបោះតង់សម្រាកនៅលើភ្នំ មិនត្រូវបានរក្សាគម្លាតនោះទេ។ 

ដោយឡែក ចំពោះបញ្ហាបរិស្ថានវិញ មិនសូវមានបញ្ហាប្រឈមនោះទេ ។ លោក ហេង លើកឡើងថា៖ « បរិស្ថានអីស្អាត ដោយសារមានធុងសំរាម  តែក៏មិនច្រើនប៉ុន្មានដែរ។ សំរាមខ្លះគេដុតចោល ហើយខ្លះទៀតសហគមន៍យកចុះមកវិញ ហើយបន្ទប់ទឹកក៏មានដែរ តែភ្ញៀវត្រូវដួសទឹកដោយខ្លួន​ឯង »។

សូមជម្រាបផងដែរថានៅចុងសប្តាហ៍ទី៣នៃខែមិថុនា ខេត្តកំពង់ស្ពឺមានភ្ញៀចទេសចរដើរកម្សាន្តចំនួន ១២, ៣២០នាក់ ខណៈទេសចរទូទាំងប្រទេសមានចំនួន ១០៩, ៩០៥នាក់៕

 

ព័ត៌មានទាក់ទង