Thmey Thmey 25
ពលរដ្ឋឈូសឆាយផ្លូវ ប៉ះត្រូវស្ថានីយកុលាលភាជន៍អាយុកាលជាង១ពាន់ឆ្នាំ 
21/06/2021 11:00 am សៀមរាប

ដោយ៖ ហុង ស្រីណា

ភ្នំពេញ៖ ស្ថានីយផលិតកុលាលភាជន៍បុរាណអាយុកាលជា១ពាន់ឆ្នាំ ក្នុងឃុំត្បែង ស្រុកបន្ទាយស្រី ខូចខាតជើងខាងក្រោមនៃឡ ដោយសារពលរដ្ឋឈូសឆាយផ្លូវចូលក្នុងសហគមន៍។ 

អាជ្ញាធរជាតិអប្សរាសហការជាមួយរដ្ឋបាលស្រុក បានចុះត្រួតពិនិត្យ និងរៀបចំបោះបង្គោលព្រំការពារបុរាណដ្ឋាន ដើម្បីបញ្ជៀសការឈូសឆាយទៅថ្ងៃមុខ។ ស្ថានីយផលិតកុលាលភាជន៍មួយនេះ ស្ថិតនៅជើងភ្នំគូលែន ជាប់នឹងត្រពាំងបុរាណមួយឈ្មោះ «ត្រពាំងនាងសណ្តាយ» ដែលជាអតីតកន្លែងផលិតកុលាលភាជន៍បុរាណដ៏ធំមួយនាដើមសម័យអង្គរ។ 

តាមការពិនិត្យជាក់ស្តែងរបស់អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកបន្ទាយស្រី ការឈូសឆាយនេះមិនទាន់ប៉ះពាល់ខ្លាំងដល់រចនាសម្ព័ន្ធ និងគ្រឿងបង្គុំនៅឡើយទេ។ ជាមួយគ្នានេះដែរ ក្រុមការងារចម្រុះរបស់រដ្ឋបាលស្រុក និងអាជ្ញាធរជាតិអប្សរាបានដាក់របាំងការពារ ហាមឃាត់ការឈូសឆាយដីបន្ត និងកាយប្រមូលដីដែលបានយកចេញពីជើងទួលមកពូនបិទកន្លែងខូចខាតទ្បើងវិញ។ អាជ្ញាធរ ណែនាំឱ្យប្រជាជនរស់នៅក្បែរស្ថានីយនេះជួយអភិរក្ស និងរក្សាគម្លាតឱ្យដាច់ចេញពីទីទួលបុរាណនេះផងដែរ។

លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីប្រាប់សារព័ត៌មាន Thmeythmey25 តាមទូរសព្ទ ដូច្នេះ៖«វាមិនមានការខូចខាតអ្វីធំពេកទេ ហើយប្រវែងដែលខូចខាតប្រហែល ១ម៉ែត្រកន្លះ ដែលជាជើងខាងក្រោមនៃឡ ដែលពលរដ្ឋឈូសលើកផ្លូវ។ ប៉ុន្តែអ្វីដែលពលរដ្ឋគាត់មិនដឹងនោះ គឺគាត់គិតថាវាគ្រាន់តែជាទីទួលធម្មតា គាត់ក៏បានឈូសយកជម្រាលជើងទេនៅខាងក្រៅនៃឡ ដើម្បីយកមកក្រាលលើផ្លូវចាស់ធ្វើជាផ្លូវចូលភូមិ»។ 

លោកបន្តថា ក្រៅពីឡផលិតកុលាលភាជន៍មួយនេះ ក៏មានឡបុរាណផ្សេងៗដែលជាទីទួល ស្ថិតនៅក្នុងភូមិជិតកន្លែងពលរដ្ឋរស់នៅដែរ។ យ៉ាងណាមិញ បើពលរដ្ឋចង់លើកផ្លូវ ត្រូវថយគម្លាតពីឡ និងមិនត្រូវប៉ះពាល់សូម្បីបរិវេណជុំវិញឡបុរាណនេះឡើយ ទោះបីកុលាលភាជន៍បុរាណទាំងនោះ បែកបាក់យ៉ាងណាក្តី ក៏វានៅមានតម្លៃខាងផ្នែកបុរាណវិទ្យាក្នុងការសិក្សាស្រាវជ្រាវដែរ។ 

កន្លងមក ទីតាំងឡបុរាណនេះធ្លាប់ត្រូវបានសិក្សាបុរាណវិទ្យាដែរ និងត្រូវបានចុះក្នុងបញ្ជីបុរាណដ្ឋានរួចហើយ ប៉ុន្តែកង្វះខាតនៃថវិកាទ្រទ្រង់មិនទាន់អនុញ្ញាតឱ្យការងារអភិរក្សធ្វើទៅបាននៅឡើយទេ។ នេះបើតាមទំព័រហ្វេសប៊ុក លោក ឃឹម ហ្វីណង់ កាលពីថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២០។

ជាមួយគ្នានេះដែរ លោក ឡុង កុសល អ្នកនាំពាកក្យអាជ្ញាធរជាតិអប្សរា បានបន្ថែមថា អ្វីដែលត្រូវធ្វើបន្ទាប់ពីនេះ គឺត្រូវកំណត់រៀបចំទីកន្លែងនេះឡើងវិញឲ្យបានត្រឹមត្រូវ និងត្រូវអប់រំពលរដ្ឋឲ្យយល់ដឹង ហើយបញ្ឈប់រាល់សកម្មភាពឈូសឆាយទាំងឡាយ។ 

ទៅថ្ងៃមុខអាជ្ញាធរជាតិអប្សរានឹងរៀបចំជួសជុលឡបុរាណមួយនេះឡើងវិញ។ លោក ឡុង កុសល មិនទាន់អាចបញ្ជាក់ពីគម្រោង ក៏ដូចជាពេលវេលាក្នុងការចាប់ផ្តើមរៀបចំជួសជុលបាននៅឡើយទេ ព្រោះអ្នកជំនាញត្រូវសិក្សាស្រាវជ្រាវបន្ថែម។ ទោះយ៉ាងនេះក្តី អាជ្ញាធរជាតិអប្សរា នឹងរក្សាទីតាំងឡបុរាណឲ្យបានល្អ៕ 

 

ដោយ៖ ហុង ស្រីណា © រក្សាសិទ្ធិដោយ thmeythmey25.com