អាជ្ញាធរ យកត្រីរាជ៥ក្បាលពីអ្នកនេសាទ ទៅបង្កាត់ពូជនៅស្ថានីយ៍បាទី ខេត្តព្រៃវែង

20/06/2021 3:00 pm ព្រៃវែង

ដោយ៖ ខន ណារី

ក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានទទួលត្រីរាជចំនួន៥ក្បាល ពីប្រជាពលរដ្ឋដែលនេសាទបានពីបឹងធម្មជាតិ ទៅលែងនៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មទឹកសាប(ស្ថានីយ៍បាទី) ខេត្តព្រៃវែង នៅថ្ងៃទី១៧ ខែមិថុនា។



លោក ម៉េង សុថៃ ប្រធានស្ថានីយ៍បាទីខេត្តព្រៃវែង បញ្ជាក់ថា ត្រីរាជទាំងនេះ គឺជាត្រីដែលក្រុមអ្នកនេសាទនៅខេត្តកំពង់ចាម ចាប់បានពីបឹងធម្មជាតិ ដោយយកទៅចិញ្ចឹម និងបានប្រគល់ជូនក្រុមការងារគម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ នៅថ្ងៃទី១៧ ខែមិថុនា ដើម្បីថែរក្សា និងបំប៉នមុននឹងយកទៅលែងនៅដែនជម្រកធម្មជាតិវិញ។

លោក សុថៃ បានរៀបរាប់ប្រាប់សារព័ត៌មាន ThmeyThmey25 តាមទូរសព្ទនៅថ្ងៃទី១៨ ខែមិថុនា ដូច្នេះថា៖ «យើងមានបំណងរក្សាទុកត្រីកម្រនេះ ដើម្បីបង្កាត់និងភ្ញាស់កូនសម្រាប់លែងនៅតាមបឹងធម្មជាតិវិញ ហើយក៏ដើម្បីបង្ការនូវហានិភ័យផ្សេងៗ»។

ត្រីរាជទាំងនេះមានអាយុ ១៣ឆ្នាំ ដែលមានប្រវែងចាប់ពី ១៤៧សង់ទីម៉ែត្រ ទៅ ១៦៨សង់ទីម៉ែត្រ និងមានទម្ងន់ប្រហែល ៥០គីឡូក្រាម ក្នុងមួយក្បាល។ លោក ម៉េង សុថៃ បញ្ជាក់បន្ថែមថា បច្ចុប្បន្ន ស្ថានីយ៍បាទីខេត្តព្រៃវែង មានត្រីរាជចំនួន ២៤ក្បាល ដែលកំពុងបង្កាត់ពូជ និងភ្ញាស់កូន។

យ៉ាងហោចណាស់ ស្ថានីយ៍បាទីខេត្តព្រៃវែង មានពូជត្រីប្រមាណ ២៧ពូជ ដែលមានប្រភេទត្រីកម្រ ដូចជា ត្រីរាជ ត្រីគល់រាំង ត្រត្រសក់ និងត្រីច្រើនប្រភេទទៀត។ ក្នុងមួយឆ្នាំៗមជ្ឍមណ្ឌលបានលែងកូនត្រីគ្រប់ប្រភេទ ចូលក្នុងបឹងធម្មជាតិ ប្រមាណ ៣-៥លានកូន។ ប៉ុន្តែពិធីលែងកូនត្រី បានផ្អាករយៈពេល២ឆ្នាំហើយ ដោយសារវិបត្តិកូវីដ-១៩៕

 

ព័ត៌មានទាក់ទង