ស្រី្ត២រូប កែច្នៃចម្ការដំណាំ ក្លាយជារមណីយដ្ឋានលំហែកាយដ៏ទាក់ទាញមួយ នៅស្រុកបន្ទាយស្រី

15/08/2021 5:00 pm សៀមរាប

ដោយ៖ ហុង ស្រីណា

ភ្នំពេញ៖ រមណីយដ្ឋានទេសចរណ៍កែច្នៃ «ម្លប់ក្រូចម៉ាឡេ» ដែលស្ថិតនៅស្រុកបន្ទាយស្រី ខេត្តសៀមរាប ត្រូវបានបង្កើតឡើងក្រោមការសហការគ្នារវាងអ្នកស្រី នូ ច័ន្ទរ៉ុម និង កញ្ញា គន់ ស្រីម៉ិច។ ដ្បិត ការរៀបចំជារមណីយដ្ឋានមានការលំបាកបន្តិច តែស្រ្តីទាំង២នេះ នៅតែសម្រេចបង្កើតរមណីយដ្ឋានទេសចរណ៍យ៉ាងស្រស់ស្អាតមួយក្បែជើងភ្នំហប់ ។ «ម្លប់ក្រូចម៉ាឡេ» មានទេសភាពខៀវស្រងាត់ អមជាមួយសួនផ្កាចម្រុះពណ៌ និងចម្ការឫស្សីក្បែរមាត់ទឹកជាទីមនោរម្យសម្រាប់ភ្ញៀវទេសចរកម្សាន្ត។




ចម្ការក្រូចឆ្មារ ម្កាក់ ស្វាយ និងដើមឫស្សីមួយកន្លែង ដែលដាំដុះលើផ្ទៃដី ១ហិកតានៅខេត្តសៀមរាប បានប្រែក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏ទាក់ទាញមួយឈ្មោះថា«ម្លប់ក្រូចម៉ាឡេ»។ «ម្លប់ក្រូចម៉ាឡេ» ជារមណីយដ្ឋានទេសចរណ៍ថ្មីមួយ ដែលអ្នកស្រី នូ ច័ន្ទរ៉ុម ជាម្តាយមីងរបស់កញ្ញា គន់ ស្រីម៉ិច បានរួមគ្នាកែច្នៃចម្ការដំណាំទៅជារមណីយដ្ឋាន។

រមណីយដ្ឋានកែច្នៃមួយនេះ មានកញ្ចុះអង្គុយលេងតាមមាត់អូរក្បែរចម្ការឫស្សី និងមានកន្លែងថតរូបយ៉ាងត្រកាល ដែលអាចមើលឃើញទេសភាពភ្នំហប់អមជុំវិញចម្ការដំណាំ រួមទាំងផ្កាចម្រុះពណ៌ជាច្រើនប្រភេទដូចជា ផ្កាកង្ហា ផ្កាស្បៃរឿង និងផ្កាសេមាន់។ ស្ថិតក្នុងឃុំឃុនរាម ស្រុកបន្ទាយស្រី រមណីយដ្ឋាននេះមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រ ពីទីរួមខេត្ត ដែលបើកដំណើរការពីម៉ោង ៩ព្រឹក ដល់ម៉ោង ៥ល្ងាច។

នៅថ្ងៃចុងសប្តាហ៍ «ម្លប់ក្រូចម៉ាឡេ» ទទួលបានភ្ញៀវទេសចរច្រើនជាងថ្ងៃធម្មតា ដែលភាគច្រើនទៅសម្រាកលំហែនៅលើកញ្ចុះមាត់អូរ និងបរិភោគអាហារ។ ភ្ញៀវដែលចូលទៅថតរូបលេងកម្សាន្តនៅក្នុងរមណីយដ្ឋាននេះ មិនមានការគិតថ្លៃសេវាឡើយ ទោះមិនជួលកញ្ចុះអង្គុយ ឬបញ្ជាទិញម្ហូបអាហារក្តី។

កញ្ញា គន់ ស្រីម៉ិច  បានបញ្ជាក់ថា៖ «ទីនេះដំបូងឡើយមីងខ្ញុំ គាត់ដាំដំណាំមួយចំនួនសម្រាប់លក់ប៉ុណ្ណោះ ដោយមិនបាននឹកឃើញកែច្នៃជារមណីយដ្ឋាននោះទេ។ ប៉ុន្តែនៅពេលមិត្តរបស់ខ្ញុំមកលេង បានឱ្យយោបល់ថា គួររៀបចំជាកន្លែងកម្សាន្ត។ ខ្ញុំ និងមីង ក៏បានពិភាក្សាគ្នារៀបចំកែច្នៃចម្ការដំណាំចម្រុះនេះ ក្លាយជារមណីយដ្ឋានទេសចរណ៍ដូចសព្វថ្ងៃ»។

គិតមកដល់បច្ចុប្បន្ន រមណីយដ្ឋានដែលស្ថិតក្នុងទឹកដីស្រុកបន្ទាយស្រីនេះ បង្កើតមិនទាន់បាន១ឆ្នាំនោះទេ។ ទន្ទឹមនឹងនេះ ការប្រែក្លាយចម្ការដំណាំ មកជារមណីយដ្ឋានទេសចរណ៍ មិនមែនជាការងាយស្រួលឡើយ។ កញ្ញា ស្រីម៉ិច ជាអ្នកជួយមើលការខុសត្រូវរមណីយដ្ឋានម្លប់ក្រូចម៉ាឡេ ប្រាប់សារព័ត៌មាន Thmeythmey25 ពីការលំបាកដូច្នេះថា៖ «វាពិបាកច្រើនណាស់ពេលរៀបចំហ្នឹង។ ទីមួយ ទាក់ទងជាមួយការធ្វើសំណង់ ឬការធ្វើកញ្ចុះ ព្រោះយើងស្រីៗ ត្រូវរកទិញឈើផង ត្រូវហៅជាងមកធ្វើផង។ បើគេប្រុសៗ គេដឹងជាងយើងថាធ្វើយ៉ាងម៉េច តែយើងស្រីៗស្តាប់តាមតែជាង គេឲ្យគំនិត បើយើងយល់ថាល្អ យើងក៏ព្រមធ្វើតាមទៅ»។

រមណីយដ្ឋានដែលបង្កើតចំពេលកូវីដ-១៩នេះ ត្រូវបានមហាជនជាច្រើនស្គាល់ និងចាប់អារម្មណ៍តាមរយៈទំព័រហ្វេសប៊ុករដ្ឋបាលស្រុកបន្ទាយស្រី។ បើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី រមណីយដ្ឋានទេសចរណ៍ទាំងតូចទាំងធំក្នុងស្រុកបន្ទាយមានរហូតដល់៧០ ទៅ ៨០កន្លែង ដែលហៅថាជាផលិតផលទេសចរណ៍។  ក្នុងនោះ គោលដៅទេសចរណ៍សំខាន់មាន១០ទីតាំង ដូចជា ភ្នំគូលែន បន្ទាយស្រី បឹងឈូកជាដើម ដែលភ្ញៀវទេសចរនិយមទៅលេងកម្សាន្ត៕
 
 

 

ព័ត៌មានទាក់ទង