អាជីវកម្មនៅសៀមរាប ពឹងផ្អែកលើកំណើនវ៉ាក់សាំងដើម្បីបន្តដង្ហើមអាជីវកម្ម

21/06/2021 9:00 am សៀមរាប

ដោយ៖ សែម វណ្ណា

អ្នកបានចាក់វ៉ាក់សាំងក្នុងខេត្តសៀមរាប មានចំនួន៣៤,១២៤នាក់ ដែលភាគច្រើនជាមន្រ្តី អតីតយុទ្ធជន និងពលរដ្ឋ។ ក្នុងនោះ អ្នកបើកបររថយន្តតាក់ស៊ី និងអ្នករត់កង់បី បានចាក់វ៉ាក់សាំង ៥០០នាក់។  ខេត្តទេសចរណ៍មួយនេះ បានស្នើសុំវ៉ាក់សាំង៣ម៉ឺននាក់បន្ថែម ដើម្បីចាក់ជូនមគ្គុទ្ទេសក៍ មន្រ្តី បុគ្គលិក  និងភ្នាក់ងារទេសចរតាមប្រាសាទ។ ចំនួនអ្នកចាក់វ៉ាក់សាំងនេះ ជាក្ដីរំពឹងរបស់អាជីវកម្ម ដែលពឹងផ្អែកលើវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។



«គ្រាន់តែបង្ហាញកាតច៉ាក់វ៉ាក់សាំង នឹងទទួលបានការបញ្ចុះតម្លៃ២០ភាគរយសម្រាប់ការបាញ់ធ្នូ និង១០ភាគរយសម្រាប់អាហារដ្ឋាន» នេះជាឃ្លាមួយដែលបន្ទាយជ័យ៨០២ របស់លោក សា ឌីណា បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុក ក្រោយរដ្ឋាភិបាលបើករមណីយដ្ឋានទូទាំងប្រទេសឡើងវិញ។ កន្លែងបាញ់ធ្នូកម្សាន្ត ក្នុងខេត្តសៀមរាបនេះ បានបើកទទួលទេសចរ និងបញ្ចុះតម្លៃដល់ទេសចរដែលបានចាក់វ៉ាក់សាំង២លើក។ ស្ថិតក្នុងវិបត្តិកូវីដ-១៩ បន្ទាយជ័យ៨០២ ចាប់ផ្ដើមមានទេសចរមកពីភ្នំពេញតិចតួចប៉ុណ្ណោះ។ 

ម្ចាស់អាជីវកម្មភាគច្រើន ខាតបង់ថវិកាច្រើន ស្របពេលអាជីវកម្មខ្លះ បានក្ស័យធន

លោក សា ឌីណា ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ចំនួន២លើក បានសម្រេចចិត្តបើកដំណើរការបន្ទាយជ័យ៨០២ឡើងវិញ ក្រោយបានផ្អាកជាច្រើនលើកដោយសារកូវីដ-១៩។ រមណីយដ្ឋាន បាញ់ធ្នូ របស់លោក ធ្លាប់ទទួលបានការគាំទ្រពីភ្ញៀវទេសចរជាតិ ដែលទៅលេងខេត្តសៀមរាបជាច្រើន មុនការរីករាលដាលខ្លាំងជំងឺកូវីដ-១៩។ ប៉ុន្តែក្នុងបរិបទកូវីដ-១៩នេះ  កន្លែងបាញ់ធ្នូរបស់លោក ធ្លាក់ចុះចំណូលប្រមាណ៨០ភាគរយ។ 


«សព្វថ្ងៃ យើងមានតែទេសចរ ដែលបានចាក់វ៉ាក់សាំងបានមកលេងកម្សាន្តឡើងវិញនេះ។ កន្លងមក កន្លែងបាញ់ធ្នូ មានភ្ញៀវទេសចរជាតិមកលេងកម្សាន្តច្រើន។ កន្លែងបាញ់ធ្នូ ពឹងផ្អែកលើភ្ញៀវទេសចរជាតិ ដែលភាគច្រើនមកពីភ្នំពេញ។ ប៉ុន្តែអំឡុងពេលបិទខ្ទប់ភ្នំពេញ និងហាមឃាត់ការធ្វើដំណើរឆ្លងខេត្ត កន្លែងបាញ់ធ្នូត្រូវបានផ្អាកសិន ខណៈចំណូលធ្លាក់ចុះជិត៨០ភាគរយ»។ នេះជាការអះអាងរបស់លោក សា ឌីណា។ 

អាជីវកម្មកម្សាន្តបាញ់ធ្នូ មិនមែនជាការងារតែមួយរបស់លោក សា ឌីណា នោះទេ។ ជាង៦ឆ្នាំមកហើយ លោក ឌីណា ស្ថាបនិក Cambodia Amazing Trip Planner ដឹកនាំភ្ញៀវទេសចរទេសចរ ដើរកម្សាន្តតាមតំបន់ទេសចរណ៍ព្រៃភ្នំ។ ការរៀបចំកញ្ចប់ទេសចរតាមសហគមន៍នេះ ត្រូវបានផ្អាកបណ្ដោះអាសន្នរយៈពេលជិត១ឆ្នាំ ដោយសារ វិបត្តិកូវីដ-១៩។ ពលរដ្ឋក្នុងសហគមន៍ទេសចរណ៍ ដែលលោកបាននាំភ្ញៀវទៅលេងកម្សាន្ត ត្រឡប់ទៅធ្វើស្រែចម្ការវិញ ដោយសារមិនមានទេសចរទៅកម្សាន្ត។ 

អ្នកចូលចិត្តដើរកម្សាន្តតាមតំបន់ព្រៃភ្នំរូបនេះ ខ្មីឃ្មាតរៀបចំផែនការ និងប្រឹក្សាយោបល់ដល់សហគមន៍អំឡុងពេលទំនេរនេះ ដើម្បីត្រៀមទទួលទេសចរឡើងវិញ។ លោក ឌីណា សង្ឃឹមថា ស្ថានភាពកូវីដ-១៩ នឹងធូរស្បើយ ដើម្បីក្រុមការងាររបស់លោក អាចរៀបចំដំណើរកម្សាន្តទៅកាន់សហគមន៍ដែលបានខិតខំពង្រឹងគុណភាព និងសេវាកម្ម ត្រៀមទទួលទេសចរ។ 


«ក្នុងវិបត្តិកូវីដ-១៩នេះ គម្រោងដំណើរកម្សាន្តរបស់ខ្ញុំ បានផ្អាកបណ្ដោះអាសន្ន។ រីឯ ពលរដ្ឋនៅសហគមន៍ ពួកគាត់ ក៏បាត់បង់ចំណូលទាំងស្រុង និងត្រឡប់ទៅធ្វើចម្ការវិញ»។ នេះជាការរៀបរាប់របស់លោក សា ឌីណា។ 

ម្ចាស់អាជីវកម្មហាងម្ហូបអាហារ និងផ្ទះស្នាក់ ភាគច្រើន បន្តខាតបង់ថវិការរៀងរាល់ខែ។ ម្ចាស់ភោជនីយដ្ឋានសួនមេអំបៅ ក្នុងក្រុងសៀមរាប លោក ឌុប ដេត បានបិទហាងបណ្ដោះអាសន្ន ដោយប្ដូរមកលក់តាមការបញ្ជាទិញ និងសហការជាមួយទីតាំងទេសចរណ៍ផ្សេងវិញ។ មុននឹងបង្ខំចិត្តផ្អាកហាងរបស់ខ្លួន លោកបានប្រឹងប្រែងរកវិធីផ្សេងៗដើម្បីទប់ទល់ការចំណាយ និងអាចដំណើរការហាងរហូតដល់ទប់ទល់មិនបាន ដ្បិតថាការចំណាយនៅដូចដើម ហើយចំណូលធ្លាក់ចុះ៨០ភាគរយ។

ម្ចាស់ហាងរូបនេះ ប្រាប់ ThmeyThmey25 តាមទូរសព្ទដូច្នេះថា៖ «ប្រាក់ចំណេញដែលសល់ ខ្ញុំបានប្រើអស់ទៅហើយ។ ទោះបញ្ចប់ការហាមធ្វើដំណើរឆ្លងខេត្ត ខ្ញុំលក់កាន់តែធ្លាក់ជាងមុន ដោយសារគេអាចទិញតាមហាងជិតៗវិញបាន»។ 


មុនពេលកូវីដ-១៩ រីករាលដាលខ្លាំង ម្ហូបអាហាររបស់លោកទទួលបានការគាំទ្រច្រើនពីភ្ញៀវទេសចរបរទេស និងអ្នកដំណើរមកពីរាជធានីភ្នំពេញ។ ប៉ុន្តែរយៈពេលជិត១ឆ្នាំនេះ ហាងរបស់លោកមិនមានអតិថិជនច្រើននោះទេ ដោយសាររដ្ឋាភិបាល បានហាមការធ្វើដំណើរឆ្លងខេត្ត និងបិទខ្ទប់រាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការរាលដាលខ្លាំងជំងឺកូវីដ-១៩។ ហេតុនេះ ធ្វើឱ្យហាងរបស់លោកខាតរាល់ខែ និងបានប្រើប្រាស់ថវិកាចំណេញសម្រាប់ទប់ទល់វិបត្តិអស់ទៅហើយ។ 

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កាលពីឆ្នាំ២០២០  ប្រទេសកម្ពុជា បានខាតបង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ប្រមាណជា ៣ពាន់លានដុល្លារ។ ក្នុងនោះ អាជីវកម្មពឹងផ្អែកលើវិស័យទេសចរណ៍ទាំងស្រុងចំនួន ២ ៩៥៦បានបិទទ្វារ និងមនុស្សជាង៤ម៉ឺននាក់គ្មានការងារធ្វើ។ 

ចំនួនអ្នកចាក់វ៉ាក់សាំងកាន់តែច្រើន នឹងជួយឲ្យវិស័យទេសចរណ៍ងើបឡើងវិញ

របាយការណ៍របស់ក្រសួងសុខាភិបាលកាលពីថ្ងៃទី១៨ខែមិថុនា បានបង្ហាញថា អ្នកបានចាក់វ៉ាក់សាំងកូវីដ-១៩នៅកម្ពុជា មានចំនួនជាង ៣.៣លាននាក់ ដែលស្មើរនឹង៣២ភាគរយនៃផែនការចាក់វ៉ាក់សាំងកូវីដ-១៩របស់រដ្ឋាភិបាល។ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ មាន ២.៦លាននាក់ បានចាក់លើកទី២។

ចាប់តាំងពីរដ្ឋាភិបាល បានបើករមណីយដ្ឋានឡើងវិញ លោក ឌុក ដេត ម្ចាស់ហាងសួនមេអំបៅ បានងាកមកសហការជាមួយទីតាំងទេសចរណ៍បន្ទាយជ័យ៨០២ ដើម្បីរៀបចំម្ហូបអាហារដល់ទេសចរអំឡុងពេលហាងបិទបណ្ដោះអាសន្ននេះ។ ហាងរបស់លោក មានអតិថិជន ដែលបានចាក់វ៉ាក់សាំងរួច ដែលភាគច្រើនមកពីភ្នំពេញ។ យ៉ាងណាមិញ ហាងរបស់លោកនៅតែទទួលបានអតិថិជនប្រមាណ៣០ភាគរយប៉ុណ្ណោះ។

«ហាងរបស់ខ្ញុំ បញ្ចុះតម្លៃជូនអ្នកចាក់វ៉ាក់សាំង២លើកចំនួន១០ភាគរយ។ ខ្ញុំ សង្ឃឹមថា រដ្ឋាភិបាលនឹងចាក់វ៉ាក់សាំងបានកាន់តែច្រើន ដើម្បីឲ្យមានទេសចរមកលេងច្រើនឡើងវិញ។ ពេលបញ្ចប់ការបិទខ្ទប់នេះ ហាងគ្មានភ្ញៀវទិញច្រើនទេ។ ពីមុនហាងខ្ញុំមានភ្ញៀវបរទេសច្រើន តែឥឡូវសូម្បីតែ ភ្ញៀវគោលដៅក្នុងស្រុកហ្នឹងក៏ពិបាកដែរ»។ នេះជាការបញ្ជាក់របស់លោក ដេត។ 

ទាក់ទងនឹងចំនួនអ្នកចាក់វ៉ាក់សាំងនៅកម្ពុជា លោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ថ្លែងនៅក្នុងកិច្ចពិភាក្សាអំពីទេសចរណ៍ថា រដ្ឋាភិបាល កំពុងខិតខំប្រឹងប្រែងបង្កើនការចាក់វ៉ាក់សាំងជូនពលរដ្ឋដើម្បីឲ្យប្រទេសកម្ពុជាមានដំណើរការល្អឡើងវិញ។ លោកស្រីយល់ថា នេះជាសញ្ញាល្អសម្រាប់ឱកាសងើបឡើងវិញរបស់វិស័យទេសចរណ៍នៅកម្ពុជា។ 


«យើងនៅមានលទ្ធភាពស្ដារវិស័យទេសចរណ៍ឡើងវិញ។ ទេសចរអឺរ៉ុប គេចាប់ផ្ដើមមើលថាតើប្រទេសណាមានសុវត្ថិភាព និងជាគោលដៅទេសចរណ៍ ដើម្បីណែនាំឱ្យពលរដ្ឋគេដើរកម្សាន្ត»។ នេះជាការលើកឡើងរបស់លោកស្រី ឆាយ ស៊ីវលីន។ 

លោកស្រីបន្តថា កម្ពុជា មិនអាចបើកទទួលទេសចររបទេសច្រើននោះទេ ដោយបើកទទួលម្ដងបន្តិចៗ។ ក្រោយស្ថានភាពកូវីដ-១៩ប្រសើរឡើងវិញ កម្ពុជាអាចបើកទទួលទេសចរបានច្រើនធម្មតា។ ជាមួយគ្នានេះ ជើងហោះហើរ សំខាន់ណាស់ដើម្បីទាក់ទាញទេសចរមកកាន់កម្ពុជា។ ប៉ុន្តែកម្ពុជា ត្រូវបើកទទួលទេសចរ ពីបណ្ដាប្រទេសជិតៗ និងមានចំនួនអ្នកចាក់វ៉ាក់សាំងបានច្រើន ដើម្បីសាកល្បង មុននឹងទទួលទេសចរពីបណ្ដាប្រទេសនានាឡើងវិញ។ 

លោកស្រី ស៊ីវលីន អះអាងខ្លីដូច្នេះ៖ «យើងត្រូវចាប់យកភ្ញៀវទេសចរពីប្រទេសផ្សេងៗ ដែលមានស្ថានភាពល្អប្រសើរ។ យើងមិនអាចរងចាំកូវីដ-១៩ ចប់នោះទេ»។ 

កន្លងមក រដ្ឋាភិបាលកម្ពុជា បានបដិសេធតាមសំណើររបស់ក្រសួងនិងស្ថាប័នមួយចំនួន ដែលចង់បែងចែកវ៉ាក់សាំងចាក់តាមខេត្តគោលដៅ ឬស្ថាប័នខ្លះ ដោយអះអាងថា រាជរដ្ឋាភិបាលនឹងចាក់តាមផែនការដែលបានរៀបចំរួច។ ជាមួយគ្នានេះ រដ្ឋាភិបាល កំពុងសម្រុកចាក់វ៉ាក់សាំងដល់ប្រជាជននៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល ដែលស្ថិតនៅតំបន់ផ្ទុះខ្លាំងនៃជំងឺកូវីដ១៩។

លោក តុប សុភ័ក្រ្ដ អ្នកនាំពាក្យក្រសួងទេសចរណ៍ បានប្រាប់ថ្មីៗថា ក្រសួងនឹងរៀបចំចាក់វ៉ាក់សាំងដល់ប្រតិបត្តិករទេសចរទាន់ពេលវេលា មុននឹងការទទួលទេសចរដែលបានចាក់វ៉ាក់សាំងរួចនៅចុងឆ្នាំនេះ។ លោកបន្ថែមថា៖«ដោយសាររាជរដ្ឋាភិបាល សម្រុកចាក់វ់ាក់សាំងដល់ពលរដ្ឋ ពិសសដំបូងនៅភ្នំពេញ នៅសល់មិនច្រើនទេ តាមក្រសួងទទួលបាន អាច២ខែទៀត នឹងរួចរាល់។ បន្ទាប់មក រដ្ឋាភិបាលអាចចាក់តាមគោលដៅសំខាន់ៗហើយ អាចទៅសៀមរាប ឬខេត្តគោលដៅផ្សេងទៀត។ ខ្ញុំគិតថា មិនអីទេ ពេលវេលាទាន់ សមស្របតាមការរៀបចំរបស់រដ្ឋាភិបាល សូមរង់ចាំបន្ដិចសិន»។

ផែនការស្ដារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប របស់រដ្ឋាភិបាលកម្ពុជា អំឡុងវិបត្តិកូវីដ-១៩

កាលពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ សម្ដេច ហ៊ុន សែន បានអនុម័តជាផ្លូវការ «ផែនទីចង្អុលផ្លូវRoadmap» ពីផែនការស្ដារវិស័យទេសចរណ៍ នៅក្នុង និងក្រោយវិបត្តិកូវីដ-១៩។ ជាមួយគ្នានោះ សម្ដេចនាយករដ្ឋមន្រ្តី ក៏បានអនុម័តផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ២០២១-២០៣៥ ផងដែរ។
រូបទី៥
បើតាមក្រសួងទេសចរណ៍ ផែនការមេអភិវឌ្ឍន៍ខេត្តសៀមរាប នឹងអាចទាញទេសចរជាតិ ១០.៩លាននាក់នៅឆ្នាំ២០២៣ និងអន្តរជាតិ ៩.៥លាននាក់ត្រឹមឆ្នាំ២០២៥។ កំណើនទេសចរឡើងវិញនេះ នឹងអាចនាំចំណូលចូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជាប្រមាណ ៦ពាន់លានដុល្លារ និងប្រែក្លាយតំបន់ជុំវិញខេត្ត ជាទិសដៅទេសចរណ៍ប្រកបដោយគុណភាព។

ក្នុងផែនការនេះ រដ្ឋាភិបាល បានដាក់ចេញយុទ្ធសាស្រ្ត៧ចំណុចដើម្បីស្ដារវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ ទី១ ការអភិវឌ្ឍន៍តំបន់ទេសចរណ៍អាទិភាពក្នុងខេត្តសៀមរាប។ ទី២ ការអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មី។ ទី៣ ការផ្សព្វផ្សាយនិងទាក់ទាញទេសចរណ៍ទៅខេត្តសៀមរាប។ ទី៤ ពង្រឹងគុណភាព និងនិរន្តភាពនៃការអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប។ ទី៥ ការគ្រប់គ្រងបរិស្ថានក្នុងខេត្តសៀមរាប។ ទី៦ ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការពង្រឹងការតភ្ជាប់គាំទ្រវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ ទី៧ ការពង្រឹងអភិបាលរកិច្ចសម្រាប់ទ្រទ្រង់ការអភិវឌ្ឍន៍ទេសចរណ៍ក្នុងខេត្តសៀមរាប។

ភ្ញៀវទេសចរ ដើរកម្សាន្តតំបន់រមណីយដ្ឋានជិតៗរាជធានីភ្នំពេញច្រើនអំឡុងពេលកូវីដ-១៩ 

បន្ទាប់ពីស្ថានភាពកូវីដ-១៩ បានប្រសើរបន្តិច រដ្ឋាភិបាល បានបើករមណីយដ្ឋានទូទាំងប្រទេសឡើងវិញ។ ថ្វីបើទេសចរ អាចដើរកម្សាន្តឡើងវិញ តំបន់ទេសចរណ៍ឆ្ងាយពីរាជធានីភ្នំពេញ មិនសូវមានទេសចរច្រើននោះទេ។ 
កន្លងមក អ្នកនាំពាក្យក្រសួងទេសចរណ៍ លោក តុប សុភ័ក្រ លើកឡើងថា ដោយសារកូវីដ-១៩អួសបន្លាយយូរ ទើបទេសចរ មិនសូវដើរកម្សាន្តច្រើនភ្លាម។ ម្យ៉ាងទៀត កូវីដ-១៩ ក៏មិនទាន់ចប់នៅឡើយ ដែលជាហេតុនាំឲ្យមានទេសចរតិចនៅតាមតំបន់រមណីយដ្ឋានឆ្ងាយៗ។ 

លោក តុប សុភ័ក្ត្រ ប្រាប់ ThmeyThmey25 ដូច្នេះ៖ «ក្នុងបរិបទកូវីដ-១៩ ប្រជាពលរដ្ឋគាត់ប្រយ័ត្ន ទើបធ្វើឱ្យទេសចរយើងថយទៅតាមហ្នឹង ។ ទេសចរក្នុងបរិបទនេះគាត់ជ្រើសរើសទៅកម្សាន្តនៅជិតៗ ព្រោះងាយស្រួល ត្រឡប់មកវិញ»។ 

គិតត្រឹមខែមិថុនានេះ កម្ពុជា ទទួលទេសចរដើរកម្សាន្តទូទាំងប្រទេសចំនួន ៧៦,៦៩៨នាក់ ក្នុងនោះមានទេសចរអន្តជាតិផ្ទៃក្នុងចំនួន ៩១២ នាក់។ តួលេខនេះ បញ្ជាក់ថា វិស័យទេសចរណ៍ ហក់ឡើងវិញបន្តិច ដោយសារប្រជាជនកម្ពុជា ដើរកម្សាន្តនៅតាមរមណីយដ្ឋានក្នុងប្រទេសច្រើនជាងមុន។ ប៉ុន្តែចំនួនទេសចរបរទេស នៅតែធ្លាក់ចុះ ដោយសារកូវីដ-១៩ បានកាត់ផ្ដាច់ការធ្វើដំណើរឆ្លងប្រទេស។ 

ម្ចាស់អាជីវកម្មវិស័យទេសចរណ៍ និងអ្នកជំនាញ សុទ្ធតែពឹងផ្អែកលើចំនួនអ្នកបានចាក់វ៉ាក់សាំងនៅកម្ពុជា ដើម្បីឱ្យវិស័យទេសចរណ៍ងើបឡើងវិញ។ ជាមួយគ្នានេះ អាជីវករ ដែលពឹងលើទេសចរបរទេស សង្ឃឹមថា រដ្ឋាភិបាល នឹងបើកជើងហោះហើរត្រង់ពីប្រទេស ដែលមានចំនួនអ្នកចាក់វ៉ាក់សាំងច្រើន ដើម្បីឱ្យអាជីវកម្មរបស់គេនៅដំណើរការបាន។

របាយការណ៍របស់ក្រសួងទេសចរណ៍ បានឱ្យដឹងថា នៅឆ្នាំ២០១៩ រមណីយដ្ឋានអង្គររកចំណូលបានជិត ១០០លានដុល្លារ ពីភ្ញៀវទេសចរបរទេសជាង២.២លាននាក់។ ប្រាក់ចំណូលនេះ ថយចុះ ១៤,៨៥ភាគរយ ធៀបនឹងឆ្នាំ២០១៨។ រីឯ ឆ្នាំ២០២០ រមណីយដ្ឋានអង្គររកចំណូលបានត្រឹមជាង១៨លានដុល្លារ ពីទេសចរបរទេសជាង៤០ម៉ឺននាក់ ដែលធ្លាក់ចុះ៨១.១៧ភាគរយ៕ 





 

ព័ត៌មានទាក់ទង