ផ្លែរំដួលទុំមិនសូវមានអ្នកស្គាល់ តែសម្បូរទីផ្សារនៅភ្នំពេញ

20/07/2021 8:00 am សៀមរាប

ភ្នំពេញ៖ «រំដួល» ផ្តល់ផលចាប់ពីខែឧសភា ដល់ខែកក្កដា ជារៀងរាល់ឆ្នាំ។ ឈើប្រភេទនេះ ច្រើនដុះតាមព្រៃនៅខេត្តសៀមរាប និងកំពង់ធំ។ ដ្បិតអ្នករស់នៅរាជធានីភ្នំពេញមិនសូវស្គាល់ផ្លែឈើព្រៃប្រភេទនេះ ប៉ុន្តែអាជីវករអះអាងថាផ្លែរំដួលមិនពិបាកលក់ ហើយតម្លៃខ្ពស់គួរសមផងដែរ គឺ តម្លៃ ១ម៉ឺន៥ពាន់ ទៅ២ម៉ឺនរៀលក្នុងមួយគីឡូក្រាម។



ផ្លែរំដួលទុំមានពណ៌ក្រហមក្រមៅ និងរសជាតិជូរអែម និងខ្លះក៏មានរសផ្អែម។ ផ្លែឈើនេះ ច្រើនដុះនៅក្នុងព្រៃនៅខេត្តកំពង់ធំ និងខេត្តសៀមរាប ពិសេសនៅភ្នំគូលែន។ ពលរដ្ឋខេត្តសៀមរាប ដែលអាស្រ័យផលពីអនុផលព្រៃឈើ តែងបេះផ្លែរំដួលពីព្រៃ ហើយចងជាចង្កោមៗលក់នៅតាមមុខផ្ទះ និងនៅលើទីផ្សារ។ បច្ចុប្បន្នផ្លែឈើព្រៃនេះ ក៏ត្រូវបានឈ្នួញកណ្ដាល ទិញពីពលរដ្ឋទាំងនោះយកមកចែកចាយបន្តតាមខេត្ត និងរាជធានីភ្នំពេញដែរ។ 

កញ្ញា សយ គឹមស៊ីវ  ជាអ្នកលក់ផ្លែរំដួលម្នាក់ នៅសង្កាត់គោកឃ្លាង ក្នុងរាជធានីភ្នំពេញ។ កញ្ញាទើបចាប់ផ្ដើមលក់ផ្លែឈើព្រៃប្រភេទនេះ នៅឆ្នាំនេះប៉ុណ្ណោះ និងបានចាប់ផ្តើមលក់តាំងពីអំឡុងខែឧសភាមក។ យុវតីរូបនេះ បានប្រាប់សារព័ត៌មានថ្មីៗថា ផ្លែរំដួលនេះ មិនសូវមានអ្នកស្គាល់ទេ នៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែមិនពិបាកលក់នោះទេ ព្រោះអ្នកដែលទិញទៅភាគច្រើន គឺទិញយកទៅសាកភ្លក់រសជាតិ និងចង់ស្គាល់ផ្លែឈើនេះផង។

«និយាយទៅ ខ្ញុំយកមកលក់សឹងគ្មានអ្នកស្គាល់។ ១០០នាក់អី ស្គាល់បានតែ៥នាក់ ហើយភាគច្រើនជាមនុស្សចាស់ ក្មេងកម្រមានណាស់។ អ្នកទិញច្រើនយកទៅហូបសាក ហើយបន្ទាប់មកឃើញពួកគាត់ចូលទិញរហូត ឱ្យតែពេលជិះឆ្លងកាត់តូបរបស់ខ្ញុំ»។ នេះជាការរៀបរាប់របស់កញ្ញា សយ គឹមស៊ីវ។ អាជីវកររូបនេះ អាចប្រមូលទិញផ្លែរំដួលពីឈ្នួញកណ្ដាលរស់នៅខេត្តសៀមរាប និងកំពង់ធំ ចន្លោះពី១៥ ទៅ២៥គីឡូក្រាម ក្នុងមួយថ្ងៃ ហើយចំនួននេះភាគច្រើននាងលក់តែមួយព្រឹកប៉ុណ្ណោះ គឺអស់រលីងតែងម្តង។

កញ្ញា សយ គឹមស៊ីវ បានបន្តថា នាងលក់ផ្លែរំដួលបានពី ១ម៉ឺន៥ពាន់រៀល ទៅ២ម៉ឺនរៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ ខណៈអាជីវករផ្សេងអាចលក់តម្លៃខ្ពស់ជាងនេះ។ មិនលក់ថ្លៃ ព្រោះអាជីវកររូបនេះ ក៏ចង់ចូលរួមចំណែកផ្សព្វផ្សាយផ្លែឈើព្រៃប្លែកៗ ពិសេសផ្លែរំដួល ដែលជារុក្ខជាតិតំណាងជាតិមួយនេះ ឱ្យសាធារណជនស្គាល់កាន់តែច្រើន។ កញ្ញា សយ គឹមស៊ីវ បន្ថែម៖«ខ្ញុំចូលចិត្តយករបស់ប្លែកៗយកមកលក់ ជាពិសេសរបស់គេអត់ស្គាល់ ដូចជារំដួលជាដើម។ ទី១ ដោយសារអត់មានអ្នកលក់។ ទី២ខ្ញុំអាចចូលរួមចំណែកជួយផ្សព្វផ្សាយផ្លែឈើព្រៃ ដែលមិនសូវមានអ្នកបានស្គាល់បានខ្លះ។ ខ្ញុំគិតថា ឆ្នាំនេះ អាចមានអ្នកស្គាល់រសជាតិផ្លែរំដួលច្រើនជាងរាល់ឆ្នាំ ដោយសារការលក់របស់ខ្ញុំ»។ 

ដ្បិតផ្លែរំដួល មានតម្លៃល្អនៅលើទីផ្សារក្នុងរាជធានីភ្នំពេញ ប៉ុន្ដែនៅក្នុងខេត្តសៀមរាម ពលរដ្ឋដែលឃ្មាតខ្មីចូលព្រៃ បេះផ្លែរំដួលនេះ អាចលក់បានតម្លៃចន្លោះ ពី៤ពាន់រៀល ទៅ៨ពាន់រៀលប៉ុណ្ណោះក្នុងមួយគីឡូក្រាម។ ពាក់កណ្ដាលខែមិថុនានេះ ផ្លែរំដួល កំពុងសម្បូរ នឹងត្រូវបានប្រជាពលរដ្ឋរស់នៅជិតភ្នំគូលែន ក្នុងខេត្តសៀមរាប ចងជាចង្កោមលក់តាមមុខផ្ទះ។ មួយចង្កោម មានតម្លៃចាប់ពី២ពាន់រៀលឡើងទៅ៕




 

ព័ត៌មានទាក់ទង