«រំដួល» រុក្ខជាតិព្រៃមួយឆ្នាំផ្លែម្ដង បានប្រយោជន៍ទាំងសម្បក ផ្កានិងផ្លែ

04/07/2021 9:00 am ភ្នំពេញ


ដោយ៖ ប៉ូ សុភា

ភ្នំពេញ៖ «រំដួល» ចាប់ផ្ដើមផ្កាពីខែឆ្នូ ដល់ខែមេសាជារៀលឆ្នាំ និងទុំចាប់ពីខែឧសភា ដល់កក្កដា។ សម្បករំដួលអាចច្នៃធ្វើជាឱសថ  ផ្កាអាចយកទៅលម្អកាយ ផ្សំធ្វើជាក្រមួន និងទឹកអប់។ រីឯផ្លែទុំមានព័ណ៌ក្រហមក្រមៅ មានរស់ជាតិជូរអែម និងផ្អែម អាចយកមកបរិភោគបាន។



«រំដួល» ជាដើមឈើ បែកមែកសាខា កម្ពស់ពី ៣ម៉ែត្រ ទៅ ១៥ម៉ែត្រ។ សំបកដើមពណ៌ត្នោត រលោង មានស្លឹកទោលរៀង រលោង ស្រួចចុង និងពណ៌បៃតងចាស់។ ស្លឹកផ្នែកខាងក្រោម មានពណ៌បៃតងខ្ចី ចេញផ្កា តាមខ្នែងនៃស្លឹកនិងតាមចុងមែក មានពណ៌លឿងស្រាល ក្លិនក្រអូបឆួល និងសាយក្លិននៅពេលព្រលប់។ ផ្ការបស់វា រីកតែត្របកក្រៅ ចំណែកត្របកខាងក្នុងមានកម្រាស់ក្រាស់ នឹងអោបក្រសោបជាប់គ្នាជានិច្ច គេអាចមិនមើលឃើញបណ្ដូលទេ។ ផ្ការំដួល ប្រហាក់ប្រហែលនឹងផ្កាក្រវាន់នៅពេលក្រពុំ។ 


                                               ដើមរំដួល

«រំដួល»មានផ្លែជាចង្កោមៗ មានរាងមូល នៅខ្ចីមានព័ណ៌បែតង តែនៅពេលទុំប្រែទៅជាព័ណ៌ក្រហមក្រមៅ ប្រហាក់ប្រហែលព័ណ៌របស់ព្រីង។ ខ្លះមានរសជាតិជូរអែម  និងរសជាតិផ្អែម។ គេ តែងនិយមពិសារលេងកំដរមាត់ ដូចជាផ្លែព្រីង និងផ្លែគុយដែរ។ ចំណែកឯ ការកែច្នៃផ្សេងទាក់ទងនឹងផ្លែ «រំដួល» ខ្ចីឬទុំមិនមានឡើយ។ 



ផ្លែ«រំដួល» ត្រូវការចំណាយពេលជាងពីខែ ទើបទុំ។ ពលរដ្ឋតាមតំបន់មួយចំនួននៅក្នុងប្រទេសកម្ពុជាអាចចូលព្រៃ ប្រមូលផលរបស់វាចាប់ពីខែឧសភា រហួតដល់ខែកក្កដា។ នៅពាក់កណ្ដាលខែមិថុនាក្នុងឆ្នាំ២០២១នេះ អ្នកប្រកបរបរបេះផ្លែឈើព្រៃ កំពុងនាំចូលទៅបេះផ្លែ« រំដួល» យកមកលក់តាមលើទីផ្សារហើយ។ 

« រំដួល» ត្រូវបានកំណត់ជាផ្កាតំណាងជាតិចាប់តាំងពីឆ្នាំ២០០៥។ ប៉ុន្ដែមានពលរដ្ឋមួយចំនួន មិនដែលបានឃើញដើម ផ្កា ឬផ្លែរបស់វាផ្ទាល់នឹងភ្នែកនៅឡើយទេ។ រុក្ខជាតិប្រភេទនេះ ដុះលូតលាស់ដោយធម្មជាតិស្ទើរគ្រប់ទីកន្លែងនៅក្នុងប្រទេសកម្ពុជា ប៉ុន្ដែភាគច្រើនមានដុះច្រើននៅក្នុងខេត្តសៀមរាប។ ខេត្តផ្សេងៗក៏មានដុះ ប៉ុន្ដែមិនសូវសម្បូរ។ 



 ផ្លែរំដួល ។ រូបភាពផ្ដល់ដោយ អ្នកស្រី សយ  គឹម ស៊ីវ

ពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ដែលមានបំណងចងឃើញដើមរំដួលអាចទៅទស្សនាតាមកន្លែងមួយចំនួនដូចជា ក្នុងបរិវេណព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ នៅមាត់ទន្លេ ក្នុងសារមន្ទីរជាតិ និង ក្នុងបរិវេណសាលាភូមិន្ទវិចិត្រសិល្បៈ និងនៅតាមសួនច្បារធំៗមួយចំនួននៅក្នុងរាជធានីជាដើម។ នាពេលបច្ចុប្បន្ន ផ្កា«រំដួល» នៅតែត្រូវបានពលរដ្ឋនៅក្នុងខេត្តសៀមរាប បេះយកមកក្រងលក់នៅតាមតំបន់ប្រាសាទ ឬរមណីយដ្ឋានមួយមួយចំនួន សម្រាប់អ្នកទេសចរទៅកំសាន្ដពីទីជិតឆ្ងាយ។ 

ខ្មែរបុរាណ និយមយកសម្បក ផ្កា និងកេសររំដួល ធ្វើជាគ្រឿងផ្សំសម្រាប់ថែរក្សាសម្រស់ ទឹកអប់ និងឱសថ សម្រាប់ព្យាបាលជំងឺផ្សេងៗ។ ប៉ុន្តែសម័យនេះ មិនសូវមានអ្នកណាច្នៃវាជាប្រយោជន៍ទេ ដូច្នេះពីមួយជំនាន់ទៅមួយជំនាន់ ចំណេះដឹងនៃការប្រើប្រាស់រុក្ខជាតិ« រំដួល» អាចកាន់តែតិចទៅៗ៕
  

រូបភាពផ្ដល់ដោយ លោក កឺក គឹមអ៊ាន។ 

ព័ត៌មានទាក់ទង