មន្ត្រីជំនាញ មិនទាន់អាចបញ្ជាក់មូលហេតុ​ផ្សោតញីអាយុ២០ឆ្នាំ​មួយក្បាល ងាប់នៅខេត្ត​ស្ទឹងត្រែងនៅឡើយទេ

15/06/2021 5:40 pm ភ្នំពេញ


ដោយ៖​ ប៉ូ សុភា

ភ្នំពេញ៖ នៅថ្ងៃទី១៤ ខែមិថុនា ពលរដ្ឋនៅឃុំព្រះរំកិល បានប្រទះសព​ផ្សោតញីមួយក្បាលមានអាយុប្រហែល២០ឆ្នាំ  ទម្ងន់ជិត២០០គីឡូក្រាមងាប់ និងអណ្ដែតនៅចំណុចកោះកក ក្នុងភូមិសាស្ត្រទឹកដីភូមិក្រោម។ មន្ត្រីជំនាញ និងមន្ត្រីជលផលបានទៅទទួលយកផ្សោតនោះហើយ តែមិនទាន់អាចបញ្ជាក់ពីមូលហេតុបាននៅឡើយ ដោយត្រូវរង់ចាំលទ្ធពីការពិសោធន៍។



សពផ្សោតញីមួយក្បាល ទម្ងន់ជិត២០០គីឡូក្រាម មានប្រវែងជាង២ម៉ែត្រ ត្រូវបានពលរដ្ឋប្រទះឃើញអណ្ដែតនៅចំណុច កោះកក ក្នុងភូមិសាស្ត្រទឹកដីភូមិក្រោម តាមដងទន្លេមេគង្គ ឃុំព្រះរំកិល ស្រុកបុរីអូស្វាយសែនជ័យ និងបានប្រគល់ជូនឆ្មាំទន្លេប្រចាំការនៅឃុំព្រះរំកិលនៅថ្ងៃទី១៤ខែមិថុនា ។
លោក ភយ វណ្ណា មន្ត្រីសហគមន៍នៅតំបន់ផ្សោតព្រះរំកិល បញ្ជាក់ថា នៅព្រលឹមថ្ងៃទី១៤ ខែមិថុនា នៅម៉ោង៤ព្រឹក បន្ទាប់ពីបានទទួលដំណឹងពីប្រជាពលរដ្ឋក្នុងតំបន់ ក្រុមមន្ត្រីជលផល និងមន្តី្រជំនាញបានទៅទទួលសពរបស់សត្វផ្សោតមកធ្វើពិសោធន៍ ដើម្បីរកពីមូលហេតុបណ្ដាលឱ្យងាប់។

ក្រុមមន្តីជំនាញសន្មតជាបឋមថា សត្វផ្សោតញីនេះ អាចរស់នៅក្នុងអន្លង់ផ្សោតអូរឈើទាលកន្លែងតំបន់ទេសចរណ៏ផ្សោតព្រះរំកិល ដែលមានអាយុប្រហែល២០ឆ្នាំ និងបានងាប់ក្នុងអំឡុងថ្ងៃទី១២ ខែមិថុនា។ ក្រោយបានទទួលសពផ្សោតនោះ ក្រុមមន្ត្រីជំនាញសង្កេតឃើញថា ក្នុងមាត់របស់វាអស់ធ្មេញ និងគ្មានស្នាមលើខ្លួនទេ។ នេះជាការបញ្ជាក់របស់លោក លោក ភយ វណ្ណា។
មន្ត្រីសហគមន៍នៅតំបន់ផ្សោតព្រះរំកិលខាងលើ ពន្យល់ដូច្នេះ៖ «ដំបូងគេសន្មតថាវាអាចងាប់ដោយសារវ័យចាស់អាយុច្រើន ព្រោះនៅក្នុងមាត់វាគ្មានធ្មេញទេ។ មួយវិញទៀតអាចងាប់ដោយសារការនេសាទខុសច្បាប់។ ប៉ុន្ដែហេតុផលទាំងពីនេះមិនទាន់ច្បាស់ការនៅឡើយទេ ព្រោះលទ្ធផលនៃធ្វើពិសោធន៍មិនទាន់ចេញជាផ្លូវការ ដូច្នេះត្រូវរងចាំសិន»។

សូមបញ្ជាក់ថា គិតត្រឹមខែមិថុនាឆ្នាំ២០២១នេះ មានផ្សោតញី២ក្បាលហើយ ដែលបានងាប់នៅក្នុងខេត្តស្ទឹងត្រែង ដោយមិនដឹងពីមូលហេតុ។ ផ្សោតញីទី១មានទម្ងន់ជាង១០០គីឡូក្រាម ងាប់ថ្ងៃទី២៣ ខែមេសា១ឆ្នាំ២០២១ និងផ្សោតញីទី២ មានទម្ងន់ជិត២០០គីឡូក្រាម ដែលទើបប្រទះឃើញនៅថ្ងៃទី១៤ ខែមិថុនា៕
 

 

ព័ត៌មានទាក់ទង