តំបន់កោះពោធិ៍ ខេត្តកែប ជាដែនជម្រកសុវត្ថិភាព សម្រាប់ក្ដាមសេះពងកូន

12/06/2021 11:00 am កែប

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រែក្លាយតំបន់កោះពោធិ៍
ខេត្តកែប ជាដែនជម្រក សម្រាប់ក្ដាមសេះពងកូន។ ក្នុងដែនជម្រកនេះ ក្រសួងមិនអនុញ្ញាតឲ្យមានការនេសាទនូវក្ដាមសេះក្នុងតំបន់នេះ នៅចន្លោះខែឧសភា ដល់ខែកក្កដា។

 
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ការដាក់តំបន់កោះពោធិ៍
ជាដែនជម្រក សម្រាប់ក្ដាមសេះ ដោយសារទីតាំងនេះសម្បូរដោយស្មៅសមុទ្រ ដែលបង្កការងាយស្រួលដល់ការពងកូនរបស់ក្ដាមនេះ។ ម្យ៉ាងទៀត ក្ដាមសេះនេះ ជាសម្បត្តិជលផលសំខាន់ សម្រាប់អ្នកនេសាទសមុទ្រ។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម បានបង្កើត និងគ្រប់គ្រងដែនជម្រកសុវត្ថិភាព ក្នុងខេត្តកែបនេះឡើង ក្រោមជំនួយថវិកាពីមូលនិធិបរិស្ថានសហប្រជាជាតិ (UNEP/GEF) រួមនឹងផ្នែកបច្ចេកទេស នៃមជ្ឈមណ្ឌលអភិវឌ្ឍជលផលអាស៊ីអាគ្នេយ៍ (SEAFDEC)។ ក្រសួងកសិកម្ម បានចងក្រងរចនាសម្ពន្ធគ្រប់គ្រង ក្នុងការពង្រឹងលើការអនុវត្តច្បាប់ ក្នុងរដូវហាមឃាត់នេសាទក្ដាមសេះនេះ។

រដ្ឋបាលជលផល បង្កើតជម្រកសិប្បនិមិត្តដោយប្រអប់បេតុង សម្រាប់ជាជម្រកក្ដាមសេះ ដើម្បីទប់ស្កាត់ការនេសាទខុសច្បាប់ និងអង្កេតការវិវដ្ដនៃផលស្តុកក្ដាមសេះ រួមទាំងធនធានជលផលដទៃទៀត ក្នុងតំបន់នេះ។ 

សូមជម្រាបផងដែរថា​ ប្រជុំកោះពោធិ៍ និងកោះទន្សាយ ខេត្តកែប​ ត្រូវបានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សម្រេចបង្កើតជាតំបន់គ្រប់គ្រងជលផលសមុទ្រ កាលពីថ្ងៃទី១២មេសា ឆ្នាំ២០១៨។ ចំពោះវិសាលភាពអនុវត្តនៅតំបន់គ្រប់គ្រងជលផលសមុទ្រនៅប្រជុំកោះពោធិ៍ និងកោះទន្សាយ ខេត្តកែប រួមមាន កោះពោធិ៍, កោះស្វាយព្រៃ, កោះហាលត្រី, កោះមាក់ប្រាង, កោះអាចម៍សេះ, កោះអង្ក្រង, កោះស្ងួត, កោះទន្សាយ, កោះស្វាយ, កោះកុក, កោះម្ទេស និងកោះត្បាល់ ស្ថិតក្នុងដែននេសាទ នៃភូមិសាស្ត្រក្រុងកែប និងស្រុកដំណាក់ចង្អើរ ខេត្តកែប ដែលមានផ្ទៃក្រឡាសរុប ១១,៣០៧ ហិកតា៕
 


 

ព័ត៌មានទាក់ទង