​ លោក វេង សាខុន៖ គម្រោងចំនួន៣របស់ក្រសួងកសិកម្ម បានជួយលើកកម្ពស់ជីវភាពកសិ​​​ករកម្ពុជា

10/06/2021 3:00 pm ភ្នំពេញ

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញគម្រោងចំនួន៣ ដែលបានចូលរួមលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករកម្ពុជា កន្លងមក។ ​ទី១ គឺកម្មវិធីផ្សព្វផ្សាយបច្ចេកទេសកសិកម្មថ្មី ដែលធន់ទៅនឹងការប្រែប្រួលអាកាសធាតុ(អាស្ប៉ាយ)។ ទី២ គម្រោងពិពិធកម្មកសិកម្មកម្ពុជា និងទី៣ជាគម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២។ នេះបើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។


 
លោករដ្ឋមន្រ្តីក្រសួងកសិកម្ម បានបង្ហាញពីគម្រោងអភិវឌ្ឍកសិកម្មទាំង៣ ជាបន្តបន្ទាប់នៅលើគណនីហ្វេសប៊ុកផ្ទាល់របស់លោក ក្រោយ​សាធារណជន​លើកឡើងថា ក្រសួងកសិកម្ម មិនអើពើរឿងកសិផលខ្វះទីផ្សារ។
 
បើតាម លោក វេង សាខុន កម្មវិធី«អាស្ប៉ាយ» គឺជាគម្រោងទី១ របស់ក្រសួងកសិកម្ម ដែលជួយលើកម្ពស់វិស័យកសិកម្មកម្ពុជា និងរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋកម្ពុជា​។ កម្មវិធីនេះបានអនុវត្តរយៈពេល៦ឆ្នាំមកហើយ ពោលគឺចាប់ពីឆ្នាំ២០១៥មក ដោយចាប់ផ្តើម នៅក្នុងខេត្តកំពង់ឆ្នាំង,ពោធិ៍សាត់,បាត់ដំបង,ព្រះវិហារ,ស្ទឹងត្រែង និងខេត្តក្រចេះ។ រហូតដល់ឆ្នាំ២០២០ កម្មវិធីនេះ បានអនុវត្តក្នុងខេត្តទាំង២៤ ទូទាំងប្រទេសកម្ពុជា។ រយៈពេល៦ឆ្នាំមកនេះ កម្មវិធីអាស្ប៉ាយ បានប្រើប្រាស់ថវិកាអស់ ៥៩លានដុល្លារ ស្មើនឹងជាង ៨៨ភាគរយ នៃថវិកាសរុប ៦៧លានដុល្លារ។ 
 
​ដោយឡែគគម្រោងទី២ ជាគម្រោងពិពិធកម្មកសិកម្មកម្ពុជា។ គម្រោងនេះ បានចាប់ផ្ដើមអនុវត្តនៅចុងឆ្នាំ២០១៩ លើខេត្តគោលដៅចំនួន១៣ រួមមាន ខេត្តបាតដំបង, សៀមរាប, ព្រះវិហារ, ស្ទឹងត្រែង, ក្រចេះ, ត្បូងឃ្មុំ, កំពង់ចាម, មណ្ឌលគិរី, រតនគិរី, កំពង់ឆ្នាំង, កំពង់ស្ពឺ, កណ្ដាល និងភ្នំពេញ។  ថវិកាសម្រាប់អនុវត្តគម្រោងនេះ មានចំនួនសរុប ១០១,៦៧លានដុល្លារ ដែលមានការចូលរួមផ្ដល់ឥណទាន ពីធនាគារពិភពលោក ចំនួន ៩១,៦៧លានដុល្លារ និងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលចំនួន ១០លានដុល្លារ។ ​ក្រសួងកសិកម្ម ទទួលបានថវិកាចំនួន ៤៣,៣លានដុល្លារសម្រាប់អនុវត្តគម្រោង។ រហូតដល់ពេលនេះ ក្រសួងបានប្រើប្រាស់ថវិកាអស់ចំនួន ២ ៩៤៩ ៦៦២ដុល្លារ ស្មើនឹង ៦,៤៤ភាគរយនៃថវិកាដែលក្រសួងទទួលបាន។
 
រីឯ គម្រោងកាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍កសិកម្មខ្នាតតូចតំបន់ទន្លេសាប ជំហាន២ ជាកម្មវិធីទី៣ ដើម្បីបង្កើនផលិតផលិតភាពកសិកម្ម។ គម្រោងនេះ ក៏មានបំណងកែលម្អជីវភាពរស់នៅ និងភាពធន់ទ្រាំនឹងបម្រែបម្រួលអាកាសធាតុរបស់កសិករ នៅតំបន់ជុំវិញបឹងទន្លេសាប ដូចជា ខេត្តបាត់ដំបង,បន្ទាយមានជ័យ,សៀមរាប,កំពង់ធំ,កំពង់ចាម,ត្បូងឃ្មុំ និងព្រៃវែង។
 
គម្រោងទី៣នេះ បានចាប់ផ្ដើមអនុវត្តនៅឆ្នាំ២០១៨ និងគ្រោងបញ្ចប់នៅឆ្នាំ២០២៣ ដែលមានថវិកាសរុបចំនួន ៦៦លានដុល្លារ។ លោក វេង សាខុន បានបញ្ជាក់ថា ដោយសារបញ្ហាកូវីដ-១៩ ទើបធ្វើឲ្យសកម្មភាពនៃការអនុវត្តគម្រោងមានភាពយឺតយ៉ាវ និងមិនអាចដោះស្រាយបញ្ហាជូនកសិករមួយចំនួននៅឡើយ។
 
ដ្បិតគម្រោងទាំងនេះ សុទ្ធតែរួមចំណែកជួយលើកកម្ពស់សេដ្ឋកិច្ចគ្រួសារកសិករនៅកម្ពុជា តែអំឡុងនៃការរីករាលដាលជំងឺកូវីដ-១៩ សកម្មភាពមួយចំនួនត្រូវផ្អាកបណ្ដោះអាសន្ន។ ម្យ៉ាងវិញទៀត ការបញ្ជាទិញកសិផលបានថយចុះ ធ្វើឲ្យតម្លៃកសិផលធ្លាក់ថ្លៃ។ នេះបើតាមលោករដ្ឋមន្រ្តីកសិកម្ម៕ 




 

ព័ត៌មានទាក់ទង