អ្នកស្រី សុភាព ដាំប្រទាល១ពាន់គុម្ពសម្រាប់លក់ និងធ្វើជាភេសជ្ជៈជំនួយសុខភាព

16/09/2021 10:00 am ត្បូងឃ្មុំ

ដោយ៖ ជី ចំរ៉ុង

អ្នកស្រី ថេង សុភាព បានដាំប្រទាលក្រពើ រយៈពេល៣ឆ្នាំមកហើយ។ រស់នៅ សង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ អ្នកស្រី សុភាព បានបញ្ជាក់ថាដំបូងឡើយ អ្នកស្រី ដាំប្រទាលប្រពើចំនួន២-៣គុម្ភ យកធ្វើជាថ្នាំដើម្បីព្យាបាលជំងឺក្រពះពោះវៀនរបស់ខ្លួនប៉ុណ្ណោះ។ ក្រោយធូរស្បើយពីជំងឺប្រចាំកាយនេះ អ្នកស្រីក៏បានពង្រីកការដាំដុះប្រទាលក្រពើរហូតដល់១ពាន់គុម្ពដើម្បី លក់កូន, លក់ប្រទាលក្រពើស្រស់ និងធ្វើភេសជ្ជៈជំនួយសុខភាពលក់ផងដែរ។

ដើម្បីជ្រាបច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាសរវាង អ្នកស្រី ថេង សុភាព អ្នកដាំប្រទាលក្រពើនៅខេត្តត្បូងឃ្មុំ ជាមួយលោក ជី ចំរ៉ុង អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ដូចតទៅ៖

ឆ្លៀតពេលទំនេរពីការងារគ្រូបង្រៀន អ្នកស្រី បានដាំប្រទាលក្រពើក្នុងផើងជុំវិញផ្ទះ ដើម្បីរកចំណូលបន្ថែម។ ក្នុងមួយខែអ្នកស្រី អាចរកចំណូលពីរបរដាំប្រទាលក្រពើនេះ បាន៨០ម៉ឺន ទៅ១លានរៀល​។

ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ២៥ ស្រ្តីរូបនេះ បានឱ្យដឹងថា ប្រទាលក្រពើ ជារុក្ខជាតិដែលងាយស្រួលដាំ និងមិនរើសដី។ អ្នកស្រីសុភាព បានចែករំលែកពីវិធីដាំប្រទាលក្រពើដូច្ន៖«បច្ចេកទេសដាំអត់ពិបាកទេ គឺយើងប្រើដីល្បាយខ្សច់ ហើយមានជីអាចម៍គោ និងផេះអង្កាមលាយចូលគ្នាលាយចូលគ្នាទៅ។ ការថែទាំក្នុងការស្រេចទឹកពីរទៅបីថ្ងៃ យើងអាចស្រេចបានម្ដង ព្រោះរុក្ខជាតិបែបនេះ អត់ត្រូវការទឹកខ្លាំងទេ។ បើប្រើទឹកខ្លាំងពេកវាទៅជារលួយ ហើយកាលណាវាមានជំងឺយើងត្រូវដកចេញ បើអត់ដកចេញទេវាអាចឆ្លងទៅដើមផ្សេងៗទៀត»។

 

ព័ត៌មានទាក់ទង