ស្ពានកំពង់ក្ដី ជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦

05/02/2023 6:00 pm សៀមរាប

ដោយ៖ ឡុង តូន

សៀមរាប៖ ស្ពានកំពង់ក្ដីស្ថិតនៅក្នុងទីប្រជុំជនស្រុកជីក្រែង ខេត្តសៀមរាប ដែលមានចម្ងាយប្រហែល៦០ គីឡូម៉ែត្រពីក្រុងសៀមរាប។ បើធ្វើដំណើរមកពីភ្នំពេញ តាមផ្លូវជាតិលេខ៦ មកដល់ផ្សារកំពង់ក្ដី ខាងស្ដាំដៃ មានផ្លូវជាតិចាស់ ដែលអាចនាំភ្ញៀវទេសចរទៅដល់ស្ពានបុរាណមួយនេះ។


ស្ពានកំពង់ក្ដី ជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានដែលស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៦។ ជាទូទៅ ស្ពាននេះ អ្នកខ្លះហៅស្ពានកំពង់ក្ដី អ្នកខ្លះហៅស្ពាននាគ។ ប៉ុន្តែ តាមរយៈការកត់សូរពីឈ្មោះជាភាសាខ្មែរមកជាសំណេរអក្សរឡាតាំងដោយអ្នកស្រាវជ្រាវជនជាតិបារាំង លោកអេជែន អៃម៉ូនញ៉េ នាឆ្នាំ១៩០០ បានឲ្យដឹងអំពីឈ្មោះផ្សេងទៀតដូចជា ស្ពានព្រះទិស (Spéan Preah Phtœûs)និងស្ពានប្រាប់ទិស (Spéan Prâp Tœûs)ផងដែរ។
 

បើយោងតាមការបញ្ជាក់បន្ថែមរបស់ស្លាកព័ត៌មានអំពីស្ពាននេះ ដោយសម្អាងលើការពិចារណាតាមវិធីភាសាសាស្ត្រ ស្ពានបុរាណនេះគួរតែមានឈ្មោះថា “ព្រះទិស” ដែលមានន័យថា ទិសធំ ទិសបូព៌ ឬទិសខាងកើត។ លើសពីនេះ ព្រះទិសអាចហៅម្យ៉ាងទៀតថា បុព្វទិស។ ហើយបើយោងលើឈ្មោះអារាមចាស់មួយដែលស្ថិតនៅប៉ែកអាគ្នេយ៍ ពីស្ពាននេះប្រហែល៥០០ម៉ែត្រ ក៏មានឈ្មោះថា ព្រះទិស ដែរ តែបច្ចុប្បន្នអារាមនោះក៏បានប្ដូរឈ្មោះថា វត្តបុព្វទិសារាម។

ក្នុងផ្ទាំងព័ត៌មានដដែល បានបង្ហាញលក្ខណៈលម្អិតផ្សេងៗថា ស្ពានព្រះទិស ជាស្ពានដែលស្ថិតនៅលើបណ្ដោយផ្លូវបុរាណដែលតភ្ជាប់ពីក្រុងអង្គរទៅបណ្ដាខេត្តផ្សេងៗនៅភាគអាគ្នេយ៍ ដោយឆ្លងកាត់ស្ទឹងជីក្រែង។ សំណង់នេះមានបណ្ដោយ ៨៦ម៉ែត្រ ទទឹង១៦ម៉ែត្រ និងកម្ពស់១០ម៉ែត្រពីបាតស្ទឹង ព្រមទាំងមានសសរចំនួន២០និងរន្ធត្រដេវចំនួន ២១។ ស្ពានបុរាណដែលសង់អំពីថ្មបាយក្រៀមនេះ ក៏មានលម្អដោយបង្កាន់ដៃនាគ និងថ្មគោលចំនួន៤ដែលសុទ្ធសឹងតែអំពីថ្មភក់។​ ដោយផ្អែកលើសិល្បៈចម្លាក់ នៅលើបង្កាន់ដៃនាគ​និងថ្មគោលទាំង៤ គេអាចដឹងថាជាសិល្បៈក្នុងសម័យបាយ័ន្ត។

តាមសេចក្ដីលម្អិតដែលទាក់ទងនឹងព័ត៌មាននៃការជួសជុលលើកទី១នៅឆ្នាំ១៩២៥ គឺខាងសាលាបារាំងចុងបូព៌ា បានជួសជុល និងលើកក្បាលនាគទាំង៤ដាក់លើជើងទម្រដើមវិញ។ ចំណែកនៅឆ្នាំ ១៩៦៥ដល់១៩៦៧ ខាងក្រសួងសាធរណការនិងដឹកជញ្ជូននៃរាជការខ្មែរ បានជួលជុលម្ដងទៀត ដោយមានជំនួយបច្ចេកទេសពីស្ថាប័នសាលាបារាំងចុងបូព៌ា។ ការជួសជុលលើកទី២នេះបានធ្វើតែពាក់កណ្ដាលស្ពានផ្នែកចំហៀងខាងជើងតែប៉ុណ្ណោះ ដោយចាក់សសរបេតុងមួយជួរផ្នែកខាងមុខសសរស្ពានចាស់និងរៀបថ្មបាយក្រៀមបិទជុំវិញ។ ចំណែកកម្រាលបេតុងក៏ត្រូវបានចាក់ពីលើតែពាក់កណ្ដាល។

បច្ចុប្បន្ន ដោយសារមានស្ពានថ្មីសម្រាប់ចរាចរណ៍ទូទៅ ស្ពានបុរាណនេះត្រូវបានទុកសម្រាប់ថ្មើរជើងនិងយានយន្តធុនស្រាល ដូចជា កង់ ម៉ូតូតែប៉ុណ្ណោះ៕

ព័ត៌មានទាក់ទង