កូវីដ-១៩ ធ្វើឱ្យលោក លឹម សៃ បាត់ចំណូលពីរបររត់ទូកទេសចរណ៍ទាំងស្រុង 

09/06/2021 5:00 pm ស្ទឹងត្រែង


ដោយ៖ ជឿន ស្រីណយ

របររត់ទូក បានចិញ្ចឹមគ្រួសារ លោក លឹម សៃ អស់រយៈពេលជិត១០ឆ្នាំមកហើយ។ ប៉ុន្ដែវិបត្តិកូវីដ-១៩ បានធ្វើឱ្យ លោក លឹម សៃ ជាអ្នករត់ទូកទេសចរណ៍ក្នុងសហគមន៍អេកូទេសចរណ៍រ៉ាមសា បានបាត់បង់ចំណូលទាំងស្រុង ព្រោះគ្មានភ្ញៀវទៅកម្សាន្តនៅតំបន់នោះទៀត។ ក្រោយបាត់បង់ប្រភពចំណូលដ៏ធំនេះ អ្នករត់ទូកទេសចររូបនេះ គឺពឹងតែចំណូលពីការធ្វើស្រែ នេសាទ និងចិញ្ចឹមសត្វបន្តិចបន្តួចដើម្បីផ្គត់ផ្គង់គ្រួសារ។



លោក លឹម សៃ ជាមេគ្រួសារដែលមានសមាជិក ៣នាក់នៅក្នុងបន្ទុក ក្នុងនោះមាន កូន២នាក់ ពិការម្នាក់ ម្នាក់ទៀតកំពុងរៀនថ្នាក់ទី១០ និងមានម្ដាយក្មេកចាស់ជរាម្នាក់។ ចាប់តាំងពីស្ងាត់ភ្ញៀវទេសចរក្នុងតំបន់រ៉ាមសា បុរសវ័យ៥១ឆ្នាំរូបនេះ ត្រូវចិញ្ចឹមគ្រួសារដោយការធ្វើស្រែ និងចិញ្ចឹមមាន់បន្តិចបន្តួច ។ « ខ្ញុំអត់មានធ្វើអ្វីទៀតទេ ធ្វើតែស្រែនិងចិញ្ចឹមមាន់បន្តិចបន្តួចគ្រាន់បានលក់ខ្លះ និងហូបខ្លួនឯងខ្លះ។ ជីវភាពវាមិនពិបាកខ្លាំងពេកទេ ប៉ុន្តែបាត់ចំណូលមួយយ៉ាងធំ តែធ្វើមិចបើអ៊ីចឹងហើយ មានតែកាត់បន្ថយការចំណាយ »។ នេះជាការរៀបរាប់របស់បុរសវ័យចំណាស់រូបនេះ។ 


លោក លឹម សៃ អ្នករតទូកទេសចរណ៍នៅតំបន់រ៉ាមសា

មុនវិបត្តិកូវីដ លោក លឹម សៃ អាចរកចំណូលបានប្រមាណ ៣ទៅ៤ម៉ឺនរៀល ក្នុងការដឹកភ្ញៀវមួយលើក។ ក្នុងមួយថ្ងៃលោកអាចដឹកភ្ញៀវទេសចរបានមួយលើក ឬមួយសប្តាហ៍បានមួយដង ករណីមិនសូវមានភ្ញៀវ ប៉ុន្តែមិនអត់សោះដូចបច្ចុប្បន្ននោះទេ។ លោកតែងទន្ទឹងរងចាំភ្ញៀវទេសចរ ដើម្បីមានចំណូលឡើងវិញ សម្រាប់ផ្គត់ផ្គង់គ្រួសាររបស់លោក។


រូបភាពដោយ Cambodia Amazing Trip Planner

លោក លឹម សៃ បានប្រាប់សារព័ត៌មានThmeyThmey25 ថាទោះបច្ចុប្បន្នជំងឺកូវីដ-១៩ នៅបន្តឆ្លង ប៉ុន្តែបើមានភ្ញៀវលោកនៅតែដឹកទេសចរដោយមិនរុញរា។ « កូវីដ-១៩ ខ្ញុំខ្លាចប៉ុន្តែបើមានភ្ញៀវខ្ញុំត្រូវតែឆ្លៀតដឹក បើអ្នកផ្សេងគេអត់ហ៊ានទេ។ បើបានដឹកភ្ញៀវ យើងបានចំណូលខ្លះដែរ »។ នេះជាការបញ្ជាក់របស់បុរសរូបនេះ ដោយបន្ថែមថា បើសិនតំបន់រ៉ាមសា នៅតែស្ងាត់ភ្ញៀវ លោកមានគម្រោងបង្កើនការចិញ្ចឹមមាន់ និងដាំដូងក្រអូបជុំវិញផ្ទះ ខណៈលោកមិនមានចម្ការធំសម្រាប់ដាំដុះនោះទេ។ 

យ៉ាងណាមិញ លោក ឈួន ឆន អនុការិយាល័យសហគមន៍អេកូទេសចរណ៍រ៉ាមសា បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25ថា ការបាត់ភ្ញៀវទេសចរក្នុងតំបន់រ៉ាមសា គឺដោយសារការរីករាលនៃជំងឺកូវីដ-១៩ គួបផ្សំនឹងរដូវវស្សាទឹកលិច ដែលបណ្ដាលឱ្យទេសចរមិនអាចទៅបោះតង់សម្រាកកម្សាន្តបាន។ 


លោក ឈួន ឆន រងការិយាល័យសហគមន៍អេកូទេសចរណ៍រ៉ាមសា

ក្រៅពីលោក លឹម សៃ អ្នកបម្រើសេវាកម្មទេសចរក្នុងតំបន់រ៉ាមសាទាំងអស់ សុទ្ធតែរងផលប៉ះពាល់ជីវភាពដោយសារ ការបាត់ភ្ញៀវទេសចរ។ បើតាមលោក ឈួន ឆន អ្នកដែលធ្លាប់បម្រើសេវាកម្មទេសចរណ៍ក្នុងសហគមន៍នេះបានងាកទៅធ្វើកសិកម្ម នេសាទ និងខ្លះទៀតត្រូវធ្វើជាកម្មករក្នុងចម្ការចេក។

សូមជម្រាបផងដែរថា តំបន់ដីសើម ឬ តំបន់រ៉ាមសានេះ ស្ថិតនៅក្នុងខេត្តស្ទឹងត្រែង ដែលមានសក្ដានុពលទេសចរណ៍ធម្មជាតិ អាចឱ្យទេសចរ ជិះទូកមើលសត្វស្លាប, ងូតទឹកកម្សាន្ត និងបោះតង់សម្រាកលម្ហែផងដែរ ៕

 

ព័ត៌មានទាក់ទង