ស្វីស សន្យាផ្តល់ជំនួយឥតសំណងជាង៥០លានដុល្លារដល់កម្ពុជា សម្រាប់អភិវឌ្ឍសេដ្ឋកិច្ច

08/06/2021 9:00 am ភ្នំពេញ

ភ្នំពេញ៖ រដ្ឋាភិបាលប្រទេសស្វីស បានសន្យាផ្តល់ថវិកាចំនួន៥២លានដុល្លារដែលជាជំនួយឥតសំណងដល់កម្ពុជា សម្រាប់អភិវឌ្ឍសេដ្ឋកិច្ចក្នុងរយៈពេល៤ឆ្នាំបន្ទាប់ ដោយចាប់ពីឆ្នាំ២០២២ ដល់ ឆ្នាំ២០២៥។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC)។



ថវិកាដែលស្វីសសន្យាឱ្យកម្ពុជានេះ គឺបានលើកឡើងក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាងកម្ពុជានិង​ភាគី​ស្វីស ​លើ​សេចក្តីព្រាង​កម្មវិធី​សហប្រតិបត្តិការ​ស្វីស​សម្រាប់​តំបន់​មេគង្គ​ឆ្នាំ​២០២២-២០២៥ ក្រោមការដឹកនាំដោយលោក ឈៀង យ៉ាងណារ៉ា ដែលជាអគ្គលេខាធិការគណៈកម្មាធិការនិតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ជាមួយលោក ម៉ាកឃឹស ប៊ឺលី នាយកទីភ្នាក់ងារស្វីសសម្រាប់អភិវឌ្ឍន៍និងសហប្រតិបត្តិការ(SDC) ប្រចាំកម្ពុជាកាលពី​ថ្ងៃទី​៣មិថុនា តាមប្រពន្ធ័អនឡាញ​។ 
 
បើតាមCDC ជំនួយជាង៥០លានដុល្លារដែលកម្ពុជានឹងទទួលបានពីស្វីសនោះ គឺផ្តោតទៅលើការគាំទ្រដល់មន្ទីរគន្ធបុប្ផា, លើកកម្ពស់ការផ្តល់សេវាសាធារណៈ, ផែនការអនុវត្តគណនេយ្យភាពសង្គម និងការទទួលបានព័ត៌មាន។ លើសពីនេះ ថវិកានេះក៏សម្រាប់គាំទ្រដល់ការអប់រំ បណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។  សម្រាប់គាំទ្រខ្សែសង្វាក់តម្លៃដំណាំសាកវប្បកម្ម, កសិកម្មធននឹងការប្រែប្រួលអាកាសធាតុ និងការប្រើប្រាស់ព្រៃឈើ ប្រកបដោយចីរភាពជាដើម។
 
ឆ្នាំ២០២១ កម្ពុជាកំពុងអនុវត្តកម្មវិធីសហប្រតិបត្តិការលើវិស័យកសិម្មនិងសន្តិសុខស្បៀង, វិស័យអភិបាលកិច្ច និងវិស័យអភិវឌ្ឍជំនាញវិជ្ជាជីវៈ ដែលក្រោមជំនួយឥតសំណងប្រមាណ១៣លានដុល្លារ ពីប្រទេសស្វីស។
 
តាមរយៈ​កម្មវិធី​សហប្រតិបត្តិការ​ស្វីស​សម្រាប់​តំបន់​មេគង្គ​ឆ្នាំ​ ២០២២-២០២៥ ​ប្រទេស​ស្វីស​នឹង​ផ្តល់​ហិរញ្ញប្បទាន​ឥតសំណង​សរុប១៣៣ ​លាន ហ្វ្រង់ស្វីស​ (១៤៨លាន​ដុល្លារ​) ដែល​​បែងចែក​ជា ២កម្រិត  គឺ​កម្រិត​ប្រទេស​ (​កម្ពុជា និង​ឡាវ​) និង​កម្រិត​តំបន់​។
 
យោងតាម​ប្រព័ន្ធ​ទិន្នន័យ​ហិរញ្ញប្បទាន​សហប្រតិបត្តិការ​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​ ២០០០-២០២០ ស្វីស​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥតសំណង​ដល់​កម្ពុជា ១៤២ លាន​ដុល្លារ​ ដើម្បី​គាំទ្រ​ការអនុវត្ត​គម្រោង​អភិវឌ្ឍនានា​ នៅ​កម្ពុជា​៕ 

 

ព័ត៌មានទាក់ទង