ឧទ្យានជាតិព្រះជ័យវរ្ម័ន«ភ្នំគូលែន»មានប្រាង្គប្រាសាទបុរាណដ្ឋានច្រើនជាងគេនៅកម្ពុជា

03/06/2021 12:00 pm សៀមរាប


ដោយ៖ ប៉ូ សុភា 

ភ្នំពេញ៖ កម្ពុជាមានប្រាង្គប្រាសាទបុរាណដ្ឋានសរុបជាង ៥៣០០ ក្នុងនោះនៅឧទ្យានជាតិព្រះជ័យវរ្ម័ន«ភ្នំគូលែន» មានប្រាង្គប្រាសាទបុរាណដ្ឋានច្រើនជាងគេ គឺ៤២៦ និង៤,៨៧៤ទៀត គឺស្ថិតនៅតំបន់ការពារធម្មជាតិចំនួន ៨៥៧កន្លែង។ នេះបើតាមលោក នេត ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន។



ឧទ្យានជាតិព្រះបាទជ័យវរ្ម័ន ភ្នំគូលែនមានផ្ទៃដីសរុបចំនួនជាង ៣ម៉ឺនហិកតា ដោយគ្រប់ដណ្តប់លើភ្នំចំនួន៣គឺ ភ្នំគូលែន ភ្នំក្បាលស្ពាន និងភ្នំហប់។ដោយសារឧទ្យានជាតិនេះ មានផ្ទៃដីធំ និងស្ថិតក្នុងតំបន់ប្រវត្តិសាស្រ្ត តំបន់ការពារឧទ្យានជាតិព្រះជ័យវរ្ម័ន«ភ្នំគូលែន» ត្រូវបានចាត់ចូលជាតំបន់ដែល​មាន បុរាណដ្ឋានច្រើនជាងគេ ក្នុងចំណោមតំបន់ការពារក្នុងខេត្តចំនួន២១  ដែលមានផ្ទៃដីសរុប ៧៣លានហិកតា ស្មើប្រមាណ ៤១ ភាគរយ នៃផ្ទៃដីប្រទេស។ 

បើតាមអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា បុរាណដ្ឋានទាំងនេះកំពុងក្លាយជាតំបន់ទេសចរណ៍យ៉ាងសំខាន់ផ្សារភ្ជាប់នឹងទេសចរណ៍ធម្មជាតិ និងបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ទន្ធឹមនេះក្រសួងបរិស្ថាន បានសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈក្នុងការការពារ និងអភិរក្សបុរាណដ្ឋានទាំងនេះ។ « ក្រសួងបរិស្ថានមានយុត្តាធិការលើការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស។ ចំណែកក្រសួងវប្បធម៌និងវិចិត្រ សិល្បៈមានតួនាទីក្នុងការអភិរក្សការពារបុរាណដ្ឋាននិងប្រាង្គប្រាសាទក្នុងតំបន់ការពារធម្មជាតិទាំងនោះដូចជាការជួសជុល តំហែទាំជាដើម»។ នេះបើតាមការបញ្ជាក់របស់ លោកនេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន។ 


ក្រសួងបរិស្ថានក៏បានអំពាវនាវដល់ពលរដ្ឋ ដែលរស់នៅក្នុងតំបន់ការពារធម្មជាតិដែល មានបុរាណដ្ឋាននិងប្រាសាទបុរាណ ឱ្យចូលរួមការពារនិងអភិរក្សឱ្យបានល្អ ដើម្បីថែរក្សាកេរមរតកដូនតាខ្មែរឱ្យនៅគង់វង្ស និងអាចផ្តល់ផលប្រយោជន៍ទាំងការសិក្សាស្រាវជ្រាវផ្នែបុរាណ វិទ្យានិងការសិក្សាស្វែងយល់ពីប្រពៃណីវប្បធម៌ទំនៀមទម្លាប់ប្រជាពលរដ្ឋនៅតំបន់នោះ៕
 

ព័ត៌មានទាក់ទង