អាជ្ញាធរ បានបំផ្លាញចោលអាល់កុលក្លែងក្លាយជិត ១៨តោន ក្រោយបង្រា្កបបានពីទីផ្សារ

01/06/2021 2:00 pm ភ្នំពេញ

ដោយ៖ ស៊ុល រ៉វី 
ភ្នំពេញ៖នៅថៃទី៣១ឧសភា ម្សិលមិញនេះ មន្ត្រីនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) នៃក្រសួងពាណិជ្ជកម្ម បានបំផ្លាញចោលអាល់កុលក្លែងក្លាយប្រមាណជិត ១៨តោន ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ អាល់កុលក្លែងក្លាយ ឬមេតាណុលខាងលើ ត្រូវបានមន្ត្រីនៃអគ្គនាយក ក.ប.ប រឹបអូសបានពីបណ្ដាឃ្លាំងស្តុក មធ្យោបាយដឹកជញ្ជូន និងឱសថដ្ឋាន នានាក្នុងរាជធានីភ្នំពេញ នាពេលកន្លងមក។



នៅថ្ងៃទី៣១ឧសភា ដដែលនោះ មន្ត្រីនៃអគ្គនាយក ក.ប.ប សាខាខេត្តកណ្ដាល ក៏បានរកឃើញអាល់កុលក្លែងក្លាយប្រមាណ ៥៨លីត្រ ក្នុងអំឡុងពេលចុះត្រួតពិនិត្យទំនិញក្លែងក្លាយ នៅចំណុចផ្សារតាខ្មៅ និងតាមបណ្ដាឱសថដ្ឋាន ស្ថិតក្នុងភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បច្ចុប្បន្នអាល់កុលទាំងនេះ ត្រូវបានយកទៅរក្សាទុក ដើម្បីរងចាំដោះស្រាយតាមនីតិវិធី។ 

ជាមួយគ្នានេះ អគ្គនាយកដ្ឋាន ក.ប.ប អំពាវនាវដល់អាជីវករ ម្ចាស់ឱសថស្ថាន ម្ចាស់ផ្សារទំនើប និងអ្នកនាំចូលផលិតផលអាល់កុលទាំងអស់ សូមធ្វើអាជីវកម្ម ប្រកបដោយទំនួលខុសត្រូវ ក្រមសីលធម៌ និងសុចរិត។

គួររម្លឹកផងដែរថា សារធាតុគីមីមេតាណុល គឺជាសារធាតុពុល ភាគច្រើនប្រើសម្រាប់រំលាយ។ ប៉ុន្តែបច្ចុប្បន្នបុគ្គលមួយចំនួន បានយកសារធាតុនេះ មកបន្លំជាអេតាណុល ឬអាល់កុល។ ការប្រើប្រាស់មេតាណុល មិនត្រឹមតែគ្មានប្រសិទ្ធិក្នុងការសម្លាប់មេរោគប៉ុណ្ណោះទេ តែវាបង្កផលប៉ះពាល់លើអ្នកប្រើប្រាស់ថែមទៀតផង។ ផលប៉ះពាល់ទាំងនោះរួមមាន រលាកស្បែក រលាកភ្នែក ឈឺក្បាល វិលមុខ ស្រវាំងភ្នែក ងងុយគេង បាត់បង់ស្មារតី ក្អួត រំខានដល់ការរំលាយអាហារ ឬអាចបណ្ដាលឲ្យបាត់បង់ជីវិត ក្នុងករណីលាយជាមួយស្រា ដោយបរិភោគហួសកម្រិត៕

 

ព័ត៌មានទាក់ទង