រពាក់កាន់តែខ្សត់ទៅៗ អ្នកតម្បាញសម្ភារពីរពាក់ បារម្ភបាត់បង់ការងារ និងគ្មានចំណូល

03/02/2022 3:00 pm សៀមរាប

សៀមរាប៖ ពលរដ្ឋក្នុងភូមិអារក្សស្វាយ សង្កាត់នគរធំ ក្រុងសៀមរាប ប្រកបរបរត្បាញសម្ភារៈអំពីរពាក់សម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ ប៉ុន្តែ កង្វះខាតរពាក់ គឺជាក្ដីបារម្ភរបស់ពួកគាត់។ ចំណេះនិងជំនាញនេះ អ្នកភូមិបានរៀនបន្តពីក្រុមគ្រួសារ និងមានការបណ្ដុះបណ្ដាលខ្លះពីអង្គការក្រៅរដ្ឋាភិបាល។



បច្ចុប្បន្ន សម្ភារៈប្រើប្រាស់ដែលត្បាញអំពីរពាក់ មានដូចជាកន្ត្រក ជាល កញ្ឆេ គ្របបាយ(សាជីសម្រាប់គ្របម្ហូប)។ល។ ជាផលិតផលរបស់អ្នកភូមិអារក្សស្វាយ ក៏ដូចជាភូមិមួយចំនួនទៀតក្នុងខេត្តសៀមរាប មានតម្រូវការទីផ្សារគួរឲ្យចាប់អារម្មណ៍។ និយាយរួម ឲ្យតែមានកម្លាំងធ្វើ គឺមិនដែលសល់។ 

លោកស្រី ឆ្លង សារឿន ជាក្រុមគ្រួសារសិប្បករតម្បាញរពាក់នៅភូមិអារក្សស្វាយនេះ បានប្រាប់ថ្មីៗ២៥ដូច្នេះ៖ «ម៉ូយដឹកទៅពីភូមិនេះ មានខាងប៉ោយប៉ែត មានខាងព្រះដាក់។ អ្នកខាងផ្សារលើ សៀមរាប ខ្លះក៏យកពីនេះដែរ។ ឲ្យតែយើងធ្វើបាន អត់សល់ទេ»។

សម្ភារៈខ្លះ ត្រូវបានឈ្មួញកណ្ដាលក្នុងមូលដ្ឋានទិញយកទៅលក់បន្ត ដូចជានៅភូមិព្រះដាក់ ស្រុកបន្ទាយស្រីដែលជាតំបន់ទេសចរឆ្លងកាត់ និងនៅទីផ្សារក្រុងសៀមរាប។ រីឯផលិតផលមួយចំនួនធំទៀត ក៏មានឈ្មួញជាច្រើនក្រុមមកប្រមូលទិញដល់កន្លែងដើម្បីលក់បន្តនៅតំបន់ផ្សេងៗ ជាពិសេសទីផ្សារប៉ោយប៉ែត។ ក្នុងការប្រមូលទិញផលិតផលអំពីរពាក់ទាំងនេះ ហាក់ដូចជាមាន”ការប្រកួតប្រជែង” មានន័យថា ឈ្មួញខ្លះបានតម្កល់ប្រាក់ដល់គ្រួសារអ្នកត្បាញទាំងអស់ក្នុងភូមិ ចន្លោះពី២០ទៅ៣០ ឬ៤០ម៉ឺន និងអាចដល់៨០ម៉ឺនរៀល ដែលជាការលើទឹកចិត្តដល់អ្នកត្បាញកុំឲ្យលក់ផលិតផលឲ្យអ្នកផ្សេង។ 

«អត់មានថាម៉ូយខ្លះទេ គឺគ្រប់គ្នា។ បើអត់ដាក់លុយមុន គឺអត់បានទេ គេទិញច្រើនដែរ។ «ពេលខ្លះ បើមិនរវល់ មកប្រមូលរាល់ថ្ងៃ តែបើរវល់អាច ពីរថ្ងៃមកម្ដង» ។ នេះបើតាមការអះអាងរបស់គ្រួសារលោក យ៉ាវ សុផល អ្នកប្រមូលទិញសម្ភារៈទាំងនេះក្នុងចំណោមឈ្មួញដទៃ។ 

ពីមួយឆ្នាំទៅមួយឆ្នាំ រពាក់កាន់តែខ្សត់ទៅៗ។ មិនថាឡើយសិប្បករក្នុងភូមិអារក្សស្វាយ តែអ្នកដែលមានរបរត្បាញសម្ភារៈអំពីរពាក់នៅភូមិផ្សេង ដូចជាភូមិគោកចាន់ បង្កោង គីរីមានន្ទ បុស្សអឹម ស្វាយចេក។ល។និង។ល។ កំពុងជួបបញ្ហាកង្វះខាតរពាក់ ព្រោះប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកភូមិបានធ្វើដំណើរឆ្លងខេត្ត ដោយរថយន្ត ដោយងើបតាំងពីម៉ោងប្រមាណមួយភ្លឺ ដើម្បីទៅបោចរពាក់ដល់ម្ដុំស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ 

អ្នកស្រី ឆ្លង ង៉ិ ដែលធ្លាប់បានទៅចូលរួមបោចរពាក់ជាមួយអ្នកភូមិផ្សេងៗកន្លងមកនេះ បញ្ជាក់ថា៖ «ងើបទៅពីនេះ ម៉ោង១យប់ ដល់នោះ ប្រហែលម៉ោង ៥-៦ព្រឹក។ ត្រឡប់មកវិញម៉ោង៣រសៀល។ ដើរកាត់វាល កាត់ដុប។ ថ្ងៃខ្លះក៏មាន ថ្ងៃខ្លះក៏អត់។ រពាក់ ឥឡូវក្របន្តិចហើយ។ មិនសូវសម្បូរទេ។ ថ្ងៃខ្លះបាន២០០ ថ្ងៃខ្លះបាន៣០០ (សរសៃ) អត់ទៀងទេ។ ថ្ងៃណាខ្លះ អត់ទទេក៏មាន។ អស់តែសោហ៊ុយឡាន» ។


លោកស្រី ឆ្លង សារឿន ក៏បានពោលទាំងទឹកមុខស្ងួតថា ថ្ងៃមុខ បើអស់រពាក់ អ្នកស្រីក៏ពុំដឹងថាមានគម្រោងអ្វីផ្សេងសម្រាប់បង្កើនប្រាក់ចំណូលក្រោយពីស្រែចម្ការដូចពេលនេះឡើយ៕
 

ព័ត៌មានទាក់ទង