របរកាត់ដេរស្ងាត់ អ្នកស្រី ចាន់នី ងាកធ្វើផើងផ្កាក្រណាត់ស៊ីម៉ងត៍លក់ ដើម្បីដោះស្រាយជីវភាព

03/06/2021 2:02 pm សៀមរាប


ភ្នំពេញ៖ អ្នកស្រី យឹន ចាន់នី បានងាកមកចាប់របរធ្វើផើងផ្កាពីក្រណាត់ស៊ីម៉ងត៍ លក់ ក្រោយរបរកាត់សម្លៀកបំពាក់ បានផ្អាកដោយសារកូវីដ-១៩។ មុខរបរថ្មីរបស់ អ្នកស្រី ចាន់នី កំពុងទទួលការគាំទ្រ ពីអតិថិជននៅតាមអនឡាញ។ ក្នុងមួយខែ ម្ចាស់សិប្បកម្មរូបនេះ អាចទទួលបានចំណូល បានប្រមាណ៤សែនរៀល។

 

រយៈពេល១ឆ្នាំហើយ ដែលស្ត្រីមេម៉ាយរូបនេះ និងកូនស្រីម្នាក់ទៀតរបស់ខ្លួន បានដំណើរការការផលិតផើងផ្កានេះឡើង។ ជាអ្នកក្រុងសៀមរាប អ្នកស្រី យឹន ចាន់នី បានប្រាប់ថា បច្ចេកទេសនៃការផលិតផើងនេះ ខ្លួនបានចេះវាពី យូធូប និងការសិក្សាអនុវត្តបន្ថែម។ អ្នកស្រីបន្ថែមថា ទម្រាំអាចរកប្រាក់ចំណូលបាន ពីការលក់ផើងផ្កានេះ អ្នកភូមិតាវៀនរូបនេះ បានចំណាយពេលប្រមាណជាពីរខែ ស៊ីម៉ងត៍២ប៉ាវ ដើម្បីសាកល្បងធ្វើ រកបច្ចេកទេសផលិតផើង ដែលមានគុណភាព និងមានម៉ូតទាក់ទាញ។ 



សិប្បការិកាវ័យ៤៨ឆ្នាំរូបនេះ បានរៀបរាប់ពីដំណើរដើមទង រហូតមានអតិថិជនគាំទ្រស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ដូច្នេះថា៖ «បងជាជាងកាត់ដេរទេ តែដល់ពេលផ្ទុះកូវីដ-១៩ យើងមិនដឹងត្រូវរក(ស៊ី)អ្វី ក៏មានគំនិតកែច្នៃ កំណាត់ចាស់ៗ សល់ពីកាត់ដេរ យកមកធ្វើផើងផ្កាទៅ។ ដំបូងបងធ្វើគ្រាន់ដើម្បីតាំងលម្អផ្ទះទេ បន្ទាប់មកបងក៏សាកបង្ហោះ លក់សាកល្បងទៅ ក៏មានការបញ្ជាទិញច្រើន នឹកស្មានមិនដល់»។ 

បច្ចុប្បន្ន អាជីវកម្មអ្នកខេត្តសៀមរាបរូបនេះ កំពុងដំណើរការយ៉ាងរលូន ដោយមានការបញ្ជាទិញជាហូរហែ ពីអតិថិជនតាមបណ្ដាញសង្គម និងមួយចំនួនមកទិញផ្ទាល់។ ផើងផ្ការបស់អ្នកស្រី ចាន់នី លក់បានតម្លៃពី ២ពាន់រៀល ដល់ ៦ម៉ឺនរៀលនេះ។ 

ដោយជំនក់ចិត្តនឹងការងារ ជាសិប្បការិនី អ្នកស្រីចាន់នី នឹងមិនបោះបង់មុខរបរមួយនេះឡើយ បើទោះជាបានផ្ដល់កម្រៃ តិចជាងការកាត់ដេរក៏ដោយ។ អ្នកស្រី ចាន់នី ថានឹងខិតខំប្រឹងប្រែង បង្កើតម៉ូតថ្មីៗ ដើម្បីបំពេញតម្រូវការអតិថិជនខ្លួន បន្ថែមទៀត៕

 ដោយ៖ ស៊ុល រ៉វី 
 

ព័ត៌មានទាក់ទង