យុវតី លាងអេង ដើរកម្សាន្តម្នាក់ឯង ដើម្បីភាពរឹងប៉ឹង និងទទួលមេរៀនជីវិតថ្មីៗ

14/05/2021 11:00 am ភ្នំពេញ

ការដើរលេង ការផ្សងព្រេង ជាចំណង់ចំណូលចិត្តរបស់កញ្ញា ឃន លាងអេង ដែលគេស្គាល់ថាជា នារីចល័តចរ។ ដោយចូលចិត្តការដើរកម្សាន្ត ទោះគ្មានគ្នាក៏កញ្ញា លាងអេង អាចទៅកន្លែងនានាតែម្នាក់ឯងបានដែរ។ យុវតីវ័យ ២០ឆ្នាំរូបនេះ ជឿថាការដើរលេងជាមេរៀនជីវិតដែល ផ្សារភ្ជាប់នឹងក្ដីស្រមៃរបស់ខ្លួន។

 

ការសម្រេចចិត្តទៅកម្សាន្តតាមតំបន់ឆ្ងាយៗ ម្នាក់ឯងជារឿងកម្រកើតមានណាស់ សម្រាប់មនុស្សស្រី ប៉ុន្តែសម្រាប់នារីចល័តចរ ការដើរលេងម្នាក់ឯងជាចំណង់ចំណូលចិត្តរបស់នាង។ តរុណីវ័យ ២០ឆ្នាំរូបនេះ សម្រេចចិត្តដើរលេងជាច្រើនកន្លែងតែម្នាក់ឯង ដើម្បីស្គាល់មេរៀនជីវិតថ្មីៗ។  

កញ្ញា ឃន លាងអេង ចាប់ផ្ដើមចេះដើរលេងម្នាក់ឯងប្រហែល២ឆ្នាំមកហើយ ដោយរាល់ការធ្វើដំណើរម្នាក់ឯងកញ្ញាតែងស្រាវជ្រាវពីទីតាំងដែលខ្លួនចង់ទៅយ៉ាងច្បាស់លាស់ដើម្បីធានាសុវត្ថិភាព។ សម្រាប់ដំណើរកម្សាន្តម្នាក់ឯងកញ្ញា លាងអេង ធ្លាប់ទៅគីរីរម្យ តំបន់សមុទ្រ និងកន្លែងជាច្រើនទៀត។

ការដើរលេងម្នាក់ឯងមិនមានផលលំបាកប៉ុន្មានទេ។ កញ្ញា រៀបរាប់ដូច្នេះថា៖ «វាជាការដែលល្អនៅពេលយើងធ្វើដំណើរតែម្នាក់ឯង ព្រោះយើងបានបង្កើតសម្ព័ន្ធភាពថ្មីៗ។ យើងអាចទទួលបានបទពិសោធន៍ថ្មី និងរស់ជាតិជីវិតថ្មី។ ពេលយើងទៅណាម្នាក់ឯងគឺយើងចេះពឹងខ្លួនឯង ព្រោះគ្មានអ្នកចាំជួយយើងទេ ដូច្នេះពេលមានបញ្ហាយើងត្រូវដោះស្រាយដោយខ្លួនឯង ជាពិសេសយើងអាចអប់រំផ្លូវចិត្តខ្លួនឯងបានច្រើន »។ 

កញ្ញាលាងអេង មានមហិច្ឆតាចង់ផ្សព្វផ្សាយតំបន់ទេសចរណ៍កម្ពុជាឱ្យមានភាពល្បីរន្ទឺ។ កញ្ញាចង់បង្ហាញភាពអស្ចារ្យនៃតំបន់ទេសចរណ៍ មួយចំនួនដែលធម្មជាតិបង្កើតឡើងយ៉ាងប្រណិត។ បន្ទាប់ពីដើរលេងជាច្រើនកន្លែងកញ្ញា លាងអេង បានបង្កើតទំព័ហ្វេសប៊ុក និងគណនី TikTok មានឈ្មោះ នារីចល័តចរ ដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ក្នុងប្រទេសកម្ពុជា។

«ខ្ញុំចង់លើកកម្ពស់រមណីយដ្ឋាននៅក្នុងប្រទេសកម្ពុជា ឱ្យមានភាពល្បីល្បាញទាំងក្នុងនិងក្រៅប្រទេសឱ្យកាន់តែច្រើន។ ខ្ញុំសប្បាយចិត្តក្នុងការធ្វើរឿងនេះទោះបីជាអត់ទទួលបានថវិកាត្រឡប់មកវិញក៏ដោយ»។ នេះជាការតាំងចិត្តរបស់យុវតី ឃន លាងអេង។


អ្នកខេត្តកណ្ដាលរូបនេះ មានក្ដីស្រមៃចង់ក្លាយជាបុគ្គលម្នាក់ដែលអាចចែករំលែកពី សិល្បវប្បធម៌ តំបន់ទេសចរណ៍ និងលើកកម្ពស់នារី នៅក្នុងបណ្ដាញសង្គម។

នារីចល័តចរ ក៏បានផ្ដាំដល់នារីទាំងអស់ឱ្យហ៊ានធ្វើអ្វីមួយដោយខ្លួនឯង ទៅកន្លែងណាមួយដោយខ្លួនឯង ព្រោះយើងមិនអាចរងចាំអ្នកមានគំនិតដូចគ្នាដើម្បីធ្វើដំណើរជាមួយគ្នានោះទេ ដូច្នេះជាមនុស្សស្រីត្រូវ មានភាពរឹងមាំ និងក្លាហាន ហ៊ានធ្វើវាដោយខ្លួនឯង៕​

ដោយ៖ ជឿន ស្រីណយ

ព័ត៌មានទាក់ទង