អាជីវកម្មអុកស៊ីសែន មមាញឹកខ្លាំងនៅអំឡុងពេលកូវីដ-១៩នេះ

12/05/2021 12:00 pm ភ្នំពេញ

ភ្នំពេញ៖ ម្ចាស់សិប្បកម្មវេចខ្ចប់និងផលិតអុកស៊ីសែន កំពុងមមាញឹកខ្សែចង្វាក់សិប្បកម្ម ដើម្បីបំពេញតម្រូវការកើនឡើង នាអំឡុងពេលរីករាលដាលកូវីដ-១៩នេះ។ បណ្ដាមន្ទីរពេទ្យជាច្រើន បានបញ្ជាទិញអុកស៊ីសែនពីសិប្បកម្មទាំងនោះ ខណៈសិប្បកម្មផលិតនៅកម្ពុជា មានចំនួនតិចតួចនៅឡើយ។


 

លោកស្រី ហា វណ្ណា ម្ចាស់សិប្បកម្មផលិតអុកស៊ីសែន ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ  រាជធានីភ្នំពេញ កំពុងញាប់ដៃញាប់ជើង ក្នុងដំណើរការអាជីវកម្មខ្លួន ដើម្បីបំពេញតម្រូវការអតិថិជន ទាំងក្នុងរាជធានី និងតាមបណ្ដាខេត្ត។ ម្ចាស់សិប្បកម្មផលិតអុកស៊ីសែន ក្នុងស្រុករូបនេះ មិនបានកាត់បន្ថយបុគ្គលិកខ្លួន ដូចបណ្ដាក្រុមហ៊ុន ឬសហគ្រាសផ្សេងៗទៀត ដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ-១៩នោះទេ។ 

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ តាមទូរសព្ទ លោកស្រី ហា វណ្ណា បានបញ្ជាក់ដូច្នេះថា៖ «តម្រូវកើនឡើងជាមុននៅអំឡុងពេលកូវីដ-១៩នេះ កើនមិនច្រើនប៉ុន្មានទេ តិចតួច, ប្រហែលកន្លែងខ្លះផ្អាក(អាជីវកម្មផលិត)។ កន្លែងខ្ញុំចែកតាមមន្ទីរពេទ្យលោកសង្ឃ(ពេទ្យព្រះកុសមៈ) ពេទ្យនៅចាក់អង្រែ នៅពេទ្យតាមខេត្តដូចបាត់ដំបងជាដើម។ សិប្បកម្មខ្ញុំមិនមានការកាត់បន្ថយបុគ្គលិកឡើយ ដើម្បីឲ្យដំណើរផលិតទាន់ពេល»។

ទោះបីតម្រូវកើនឡើងក្តី ប៉ុន្តែសិប្បកម្មអុកស៊ីសែន របស់លោកស្រី ហា វណ្ណា ក៏ជួបបញ្ហាផ្គត់ផ្គង់ដល់អតិថិជនដែរ នោះក៏ព្រោះតែការដឹកជញ្ជូនត្រូវបានរឹតបន្តឹង ក្នុងអំឡងពេលកូវីដ-១៩នេះ។ «ដ្បិតមានការអនុគ្រោះពិសេសដល់ចរន្តនៃសិប្បកម្មផ្នែកផលិតអុកសែនក៏ពិតមែន តែការលំបាកក្នុងដឹកជញ្ជូននៅតែជាបញ្ហាប្រឈមយឺតយ៉ាវដល់ដំណើរការផ្គត់ផ្គង់»។ នេះបើតាមម្ចាស់សិប្បកម្មផលិតអុកស៊ីសែនក្នុងស្រុក។

ដោយឡែកអាជីវកម្មអុកស៊ីសែន នៃមជ្ឈមណ្ឌលឧស្ម័នភ្នំពេញ(PPGC) ក៏កំពុងមមាញឹកផ្គត់ផ្គង់ដល់អតិថិជនដែរ។ លោក ទេព សុធន ប្រធានគ្រប់គ្រងផ្នែកលក់នៃមជ្ឈមណ្ឌលឧស្ម័នភ្នំពេញ បានបញ្ជាក់ថា ចាប់តាំងពីខែមេសាមក តម្រូវការអុកស៊ីសែនមានការកើនឡើង ដោយមានការបញ្ជាទិញពីកន្លែងលោក ប្រមាណ៦០០ដប ជារៀងរាល់ថ្ងៃ។ បើតាមលោក ទេព សុធន មុនពេលកូវីដ-១៩ រាលដាលខ្លាំងនោះ ក្រុមហ៊ុនលោកលក់អុកស៊ីសែនបានតែ៥០០ដបប៉ុណ្ណោះ។ 

«ទើបតែមានការកើនឡើងនៅពេលភ្នំពេញមានការបិទខ្ទប់នេះ ហើយនៅពេលដែលអ្នកជំងឺកូវីដ-១៩គឺមានកម្រិតខ្ពស់ជាងមុន ទើបធ្វើឲ្យតម្រូវការកើនឡើងចាប់ពីចុងខែមេសានេះ។ កើនឡើងប្រមាណ១០ទៅ១៥ភាគរយនេះ គឺដោយសាររដ្ឋពង្រីកកន្លែងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដូចព្រីមមៀមសែនសុខជិតទីតាំងខ្ញុំ គឺខាងខ្ញុំអ្នករៀបចំអុកស៊ីសេន...»។ នេះបើតាមលោក ទេព សុធន ដែលបានបន្ថែមថា ក្រុមហ៊ុនលោក បានចែកចាយទៅតាមទីតាំងសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ដូចជានៅពេទ្យមិត្តភាពខ្មែរសូវៀត ហ្លួងម៉ែងជាដើម។ ជាពិសេសតាមបណ្ដាខេត្តនានា។

មជ្ឈមណ្ឌលឧស្ម័នភ្នំពេញ ភាគច្រើននាំចូលអុកស៊ីសែនពីបរទេស ដូចជាថៃ វៀតណា និងសិង្ហបុរី សម្រាប់ចែកចាយបន្តក្នុងស្រុក។ ក្រុមហ៊ុននេះ នាំចូលអុកស៊ីសែនប្រមាណ៥០តោន ទៅ១០០តោន។
លោក ទេព វិចិត្រ ដែលជាម្ចាស់សិប្បកម្មនៃមជ្ឈមណ្ឌលឧស្ម័នភ្នំពេញ បានបញ្ជាក់ថា មូលហេតុដែលក្រុមហ៊ុនលោក សម្រេចនាំចូលឧស្ម័នអុកស៊ីសែន ដោយមិនផលិតខ្លួនឯងនោះ ព្រោះតែការចំណាយផលិតនេះ ត្រូវការដើមទុនច្រើន បូករួមទាំងតម្លៃសេវាកម្មផ្សេងៗក្នុងស្រុកនៅមានតម្លៃខ្ពស់ ពិសេសតម្លៃអគ្គិសនីតែម្ដង។
ម្ចាស់សិប្បកម្មនៃមជ្ឈមណ្ឌលឧស្ម័នភ្នំពេញរូបនេះ បានបញ្ជាក់ថា៖«ផលិតផលយើងគឺពាក់កណ្ដាលសម្រេច (គឺនាំចូលអុកស៊ីសែន)យកមកខាងខ្ញុំអ្នកវេចខ្ចប់ចែកចាយបន្ត»។

សារព័ត៌មានថ្មីៗ មិនអាចទាក់ទងលោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល រួមទាំងលោក លី សូវ៉ាន់ និងលោក ហុក គឹមចេង ដែលទទួលបន្ទុកឆ្លើយតបជាមួយអ្នកសារព័ត៌មាន ជំនួសលោកស្រី វណ្ណឌីន ដើម្បីសាកសួរពីតម្រូវការអុកស៊ីសែននៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ បានឡើយ។
បច្ចុប្បន្នកម្ពុជា មិនទាន់មានរោងកច្រខ្នាតធំផលិតអុកស៊ីសែននៅឡើយទេ គឺមានតែសិប្បកម្មធុនតូច និងមធ្យមប៉ុណ្ណោះ។ សិប្បកម្មវេចខ្ចប់និងផលិតអុកស៊ីសែននៅកម្ពុជា មាន៨ទីតាំង ក្នុងនោះ នៅភ្នំពេញមាន៥កន្លែង ខណៈ៣ទីតាំងទៀត នៅខេត្តកណ្ដាល បាត់ដំបង និងក្រចេះ។ នេះបើតាមលោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម ប្រាប់សារព័ត៌មានថ្មីៗ៕ 

 

ព័ត៌មានទាក់ទង