លើសពីរក្សាលំនឹងគ្រឹះប្រាសាទ, កសិន្ធុ បន្ថែមសម្រស់ដ៏ត្រកាលលម្អជុំវិញអង្គរវត្ត

31/08/2021 3:00 pm សៀមរាប

មិនថាភ្ញៀវជាតិ ឬភ្ញៀវបរទេស មួយចំនួនធំ កាលណាឈានដល់មាត់កសិន្ធុនៃប្រាសាទអង្គរវត្តជាលើកដំបូង តែងលាន់មាត់ដាក់ជាសំនួរថា ស្ទឹង ឬទន្លេ? ភាពអស្ចារ្យរបស់សំណង់ ដែលសង់អំពីថ្មភក់យ៉ាងស្កឹមស្កៃ បានល្បីសាយស្ទើរពេញសកលលោកទៅហើយ។ ការ បានមកឃើញជាក់ស្ដែងនូវទិដ្ឋភាពដ៏ត្រកាលនៃសម្រស់នៅខាងក្រៅប្រាសាទ ក៏ជាទេសភាពយ៉ាងមនោរម្យមួយដោយឡែកបន្ថែមទៀត។  ស្នាមភ្លោះដែលមានទឹកល្ហល្ហាច ជាមួយនឹងទទឹងប្រមាណជិត២០០ម៉ែត្រនោះ ចម្ងល់តែងតែកើតមាន ដោយមានអារម្មណ៍ស្ទើរតែមិនជឿងថាជាស្នាដៃដែលកសាងដោយមនុស្ស។ ឬលើសពីនេះ អ្នកខ្លះក៏លាន់មាត់ដាក់ជាសំណួរថា តើមនុស្សប៉ុន្មាននាក់ដែលបានចូលរួមស្ថាបនា? 


តាមរយៈការសិក្សារបស់អ្នកស្រាវជ្រាវនិងអ្នកបច្ចេកទេសផ្សេងៗ បានបង្ហាញថា ការជីកគូទឹក ជុំវិញដ៏ធំដែលមានប្រវែងពីកើតទៅលិចប្រមាណជា១៥០០ម៉ែត្រ និងពីត្បូងទៅជើងប្រមាណ១៣០០ម៉ែត្រនោះមិនមែនជារឿងចៃដន្យឡើយ។ ស្ថាបនិកខ្មែរនាសតវត្សរ៍ទី១២ បានសិក្សាយ៉ាងពិតប្រាកដនូវទំនាក់ទំនងក្នុងធរណីមាត្រ ដែលក្នុងនោះសមាមាត្ររវាងទំហំសំណង់និងផ្ទៃក្រឡានៃទីតាំងដែលត្រូវសាងសង់គឺជារឿងដែលមិនអាចខ្វះបាន ហើយការប្រើប្រាស់អាចម៍ដីដើម្បីចាក់បំពេញខឿននៃសំណង់ ដើម្បីបង្កើតបានជាប្រាសាទភ្នំនោះទៀតសោត ក៏រិតតែជាការចាំបាច់ដែលមិនអាចខ្វះបានដូចគ្នា។ 

លើសពីនេះ ដ្បិតកសិន្ធមិនត្រឹមតែមានតួនាទីនៅក្នុងនិម្មិតរូបនៃសាសនាហិណ្ឌូដែលជាតំណាងមហាសមុទ្រ តែបើតាមបច្ចេកទេសសំណង់ ការរក្សាទឹកនៅព័ទ្ធជុំវិញឲ្យមានជាប្រចាំបែបនេះ ក៏ជាផ្នែកមួយដែលអាចរក្សាលំនឹងនៃគ្រឹះសំណង់ដ៏ធំនេះផងដែរ។ បច្ចុប្បន្ន ដោយមានការកែលម្អថែទាំយ៉ាងខ្ជាប់ខ្ជួនពីអាជ្ញាធរនិងស្ថាប័នអន្តរជាតិដែលមានសមត្ថកិច្ចមើលថែបេតិកភណ្ឌពិភពលោកនេះ កំពុងស្ថាបនា ជួសជុលដើម្បីពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ។ ចំពោះប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកមកបំពេញក្នុងស្នាមភ្លោះនេះ គឺមានប្រឡាយដែលតភ្ជាប់ពីស្ទឹងសៀមរាប និងប្រឡាយដែលភ្ជាប់ពីកសិន្ធុអង្គរធំ រួមទាំងទឹកភ្លៀងនៃរដូវវស្សា។

ដោយសារទេសភាពដែលលម្អដោយលម្ហទឹកនិងដើមឈើដុះព័ទ្ធជុំវិញ ទីនេះ គឺពិតជាកន្លែងដែលទាក់ភ្នែកទេសចរយ៉ាងខ្លាំង ជាពិសេសអ្នកដែលចូលចិត្តថតរូបភាព អ្នកដែលត្រូវការសម្រាកលម្ហែដើម្បីស្រូបយកខ្យល់អាកាស និងអ្នកដែលចូលចិត្តផ្នែកកីឡាដូចជា ជិះកង់ ដើរឬរត់ហាត់ប្រាណជាដើម។ 

បើយើងសង្កេត ស្ទើរគ្រប់ជ្រុងនៃកសិន្ធុ មិនត្រឹមតែថ្ងៃបុណ្យជាតិធំៗឬថ្ងៃសម្រាកចុងសប្ដាហ៍ ហើយមិនថាតែពេលថ្ងៃឬពេលព្រះអាទិត្យអស្ដង្គត យើងឃើញថាមានមនុស្សម្នាមកសម្រាកលំហែឥតដាច់ ។ ចំណែកនៅជ្រុងខាងជើងនិងជ្រុងឦសាននៃកសិន្ធុនេះ ដើម្បីអាចទៅសំចតឬអង្គុយលេងបាន ជាទូទៅយើងត្រូវការធ្វើដំណើរតាមផ្លូវលំតូចៗកាត់ព្រៃតាមប៉ែកខាងកើតកសិន្ធុ ឬធ្វើដំណើរចូលតាមភូមិមួយដែលនៅខាងជើងជាប់គូទឹកនេះ។ សម្រាប់អ្នកដែលត្រូវការភាពស្ងប់ស្ងាត់ ប៉ែកខាងជើងនិងឦសាននេះគឺពិតជាកន្លែងដែលផ្ដល់នូវអារម្មណ៍ដ៏ស្រស់ស្រាយ៕ 
 

ព័ត៌មានទាក់ទង