ប្រាសាទរ​កាជ​ន្លឹ​ង ជា​ប្រាសាទ​ប្រាង្គ​បី កសាង​សម័យអង្គរ នា​ខេត្តកណ្ដាល​

29/05/2021 9:00 am ភ្នំពេញ

ភ្នំពេញ​៖ ប្រាសាទរ​កាជ​ន្លឹ​ង ជា​ប្រាសាទ​កសាងឡើង​នា​សម័យអង្គរ សម្រាប់​ឧទ្ទិស​ដល់​ព្រហ្មញ្ញសាសនា​។ ប្រាសាទ​នេះ​ស្ថិត​ក្នុងស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។ បច្ចុប្បន្ន​ប្រាសាទ​ប្រាង្គ​បី​ចំណាស់​មួយ​នេះ បន្សល់​នូវ​រូប​ប្រតិមា ព្រមទាំង​គ្រឿង​តុបតែង​លម្អ​ប្រាសាទ​ខ្លះៗ ខណៈ​ប្រាង្គ​មួយ​នៃ​ប្រាសាទ​នេះ បាក់​រលំ​សល់​តែ​គ្រឹះ​ប៉ុណ្ណោះ​។



«​ប្រាសាទរ​កាជ​ន្លឹ​ង​» ជា​ប្រាសាទបុរាណ​មួយ ស្ថិតនៅក្នុង​ភូមិរ​កាជ​ន្លឹ​ង ឃុំរ​កាជ​ន្លឹ​ង ស្រុក​ខ្សាច់កណ្ដាល ខេត្តកណ្ដាល​។ តាមរយៈ​ក្បាច់​ផ្ដែរ សសរ​ពេជ្រ ក៏ដូចជា​ការសាងសង់ ប្រាសាទ​នេះ​កសាងឡើង​ក្នុងសម័យ​អង្គរ ក្នុង​រជ្ជកាល​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ ស្ថិតក្នុង​រចនាប័ទ្ម​ឃ្លាំង សម្រាប់​ឧទ្ទិស​ដល់ លទ្ធិព្រាហ្មណ៍​។ 

​ប្រាសាទ​នេះ​ត្រូវបាន​បុព្វការី​ខ្មែរ​ជំនាន់​មុន កសាង​ប្រាង្គ​ចំនួន​បី​ទន្ទឹមគ្នា នៅលើ​ខឿន​តែមួយ ដោយ​បែរមុខ​ទៅ​ទិសខាងកើត​។ ប៉ុន្តែ​បច្ចុប្បន្ន​ប្រាង្គ​មួយ​ធ្វើ​ពី​ឥដ្ឋ ត្រូវ​រលំ​បាក់បែក​ទាំង​ស្រុង បន្សល់​តែ​ស៊ុមទ្វារ​មួយ​ប៉ុណ្ណោះ​។ រីឯ​ប្រាង្គ​ពីរ​ទៀត​នោះ មាន​រាង​បួន​ជ្រុង ដោយ​មួយ​ជ្រុង​មាន​ទំហំ ៤​ម៉ែត្រ និង​កម្ពស់​ប្រមាណ​ជា ៨​ម៉ែត្រ កសាងឡើង​ពី​ថ្មភក់ ឥដ្ឋ និង​ថ្មបាយក្រៀម​។ 



​ចំពោះ​ប្រាង្គ​កណ្ដាល នៃ​ប្រាសាទ​នេះ ឃើញ​មាននៅ​ទ្វារបញ្ឆោត​ចំនួន​បី និង​ទ្វារ​ចូល​មួយ​។ នៅតាម​ទ្វារបញ្ឆោត​ទាំងបី​នេះ មិនមាន​បន្សល់ទុក​នូវ​ក្បាច់​ផ្ដែរ និង​សសរ​ពេជ្រ​នោះឡើយ ប៉ុន្តែ​នៅ​ច្រកចូល​វិញ មាន​លម្អ​ដោយ​សសរ​ពេជ្រ និង​ក្បាច់​ផ្ដែរ ឆ្លាក់​ជា​រូ​បរា​ហ៊ូ និង​ព្រះ​ឥសូរ ព្រមទាំង​នាង​ឧមា​។ នៅឯ​ផ្នែក​ខាងក្នុង​វិញ ឃើញ​មាន​បន្សល់​នូវ ទម្រ​យោនី ដែល​កប់​ក្នុង​ដី មួយ​ប៉ុណ្ណោះ​។ ចំណែក​ផ្នែក​ដំបូល​វិញ ត្រូវបាន​រលុះ​ធ្លាក់​មួយផ្នែក​ទៅហើយ ដោយ​កាលពី​សម័យ​កម្ពុជា​ប្រជាធិបតេយ្យ ខ្មែរក្រហម​បាន​បញ្ជា​ឲ្យ​ពលរដ្ឋ រុះរើ​ដំបូល​ប្រាសាទ​យក​ថ្ម ធ្វើ​ចង្ក្រាន​ដាំបាយ និង​ដោយសារ​សង្គ្រាម​ផងដែរ​។ 

​ដោយឡែក​ប្រាង្គ​មួយទៀត ដែល​នៅ​រក្សា​រូបរាង បន្ទាប់ពី​ប្រាង្គ​កណ្ដាល​នោះ មាន​ទ្វារបញ្ឆោត​ចំនួន​បី និង​លម្អ​ទៅដោយ​ក្បាច់​ផ្ដែរ សសរ​ពេជ្រ ដែលមាន​ក្បាច់ចម្លាក់​យ៉ាង​ស្រស់ស្អាត​។ រូបចម្លាក់​នៅលើ​ក្បាច់​ផ្ដែរ ផ្នែក​ខាងលិច​នៃ​ប្រាសាទ ត្រូវបាន​រលេះ​ធ្លាក់​ស្ទើរ​ទាំងស្រុង​។ ឯ​ផ្ដែរ​នៅ​ផ្នែក​ខាងជើង​វិញ មាន​ឆ្លាក់​អំពី​ទេវ​កថា កូរ​សមុទ្រ​ទឹកដោះ និង​មាន​ឆ្លាក់​ជា​រូ​បរា​ហ៊ូ នៅ​ផ្នែក​ខាងត្បូង​។ នៅឯ​ច្រកទ្វារ​ចូល​ប្រសាទ​វិញ បាន​បន្សល់​តែ​ស៊ុមទ្វារ ព្រមទាំង​សិវលិង្គ​ចាស់ និង​ថ្មី មួយគូ តែ​សិវលិង្គ​ចាស់​នោះ មានតែ​ទម្រ​យោនី​តែប៉ុណ្ណោះ ស្ថិតនៅ​ផ្នែក​ខាងក្នុង​នៃ​ប្រាង្គ​នេះ​។ 

ទាក់ទង​និង​សិវលិង្គ​ថ្មី​នេះ អ្នកស្រី មួង សារឹម ជា​ប្រធាន​មន្ទីរ​វប្បធម៌ និង​វិច​ត្រ​សិល្បៈ​ខេត្តកណ្ដាល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ថា ត្រូវបាន​ប្រជាជន​ដែលមាន​ជំនឿ ក្នុង​មូលដ្ឋាន បាន​យកមក​តម្កល់​ក្នុង​ប្រាសាទ​នេះ តាំងពី​ឆ្នាំ​២០១៧​មក​ម្លេះ​។​



​យោងតាម​បញ្ជី​ស្ថានីយ​បុរាណ របស់​ក្រសួង​វប្បធម៌ និង​វិច​ត្រ​សិល្បៈ ចេញផ្សាយ​ក្នុង​ឆ្នាំ​២០១០​កន្លងទៅ ខេត្តកណ្ដាល​មាន​ប្រាសាទ​ដែលមាន​រូបរាង​ចំនួន​០២ ប្រាសាទ​បាក់បែក​បន្សល់​គ្រឹះ​ចំនួន​៣ ទួល​បុរាណ​ចំនួន​៣៤៣ វត្ត​បុរាណ​ចំនួន​៨៦ និង​ស្រះ​ជាទី​តាំង​យក​ថ្ម ចំនួន​៦​ផងដែរ​៕

(​ដកស្រង់​ពី បញ្ជី​ឈ្មោះ​បែងចែក​ប្រាសាទបុរាណ ស្ពាន​បុរាណ មន្ទីរពេទ្យ​បុរាណ នៅតាម​រាជធានី​-​ខេត្ត របស់​អង្គ​នាយកដ្ឋាន​បេតិកភណ្ឌ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​)


​ដោយ​៖ ស៊ុ​ល រ៉​វី 

ព័ត៌មានទាក់ទង