អាជ្ញាធរខេត្តសៀមរាប បិទផ្សារកន្រ្តកបណ្ដោះអាសន្ន ក្រោយពាក់ព័ន្ធអ្នកជំងឺកូវីដ-១៩

30/04/2021 3:00 pm សៀមរាប

សៀមរាប៖ នៅថ្ងៃទី៣០ ខែមេសានេះ រដ្ឋបាលខេត្តសៀមរាប បានសម្រេចបិទខ្ទប់ផ្សារកន្រ្តកជាបណ្ដោះអាសន្ន ក្រោយមានប្រវត្តិពាក់ព័ន្ធនឹងអ្នកជំងឺ-១៩ ​ដែលអាជ្ញាធរទើបរកឃើញកាលពីយប់មិញ។



រដ្ឋបាលខេត្តសៀមរាប សម្រេចបិទផ្សារកន្រ្តកបណ្ដោះអាសន្ន ក្រោយអ្នកជំងឺម្នាក់ ក្នុងចំណោម១៥នាក់ ដែលរកឃើញនៅយប់ថ្ងៃទី២៩ ធ្លាប់ចេញចូលផ្សារនេះ ចន្លោះថ្ងៃទី២៥ ដល់២៧ ខែមេសា។ នៅរសៀលថ្ងៃទី៣០នេះ អាជ្ញាធរពាក់ព័ន្ធ បានចុះទៅបិទផ្សារ និងរង់ចាំសេចក្ដីសម្រេចថ្មីនាពេលក្រោយ។

តាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តសៀមរាប អ្នកជំងឺឈ្មោះ រិទ្ធ គន្ធី ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ មានប្រវត្តិចូលផ្សារនេះ ហើយការបិទខ្ទប់ផ្សារកន្រ្តកបណ្ដោះអាសន្ន ដើម្បីបង្ការការឆ្លងជំងឺជាយថាហេតុ។ ក្នុងនោះ អាជ្ញាធរបានឱ្យពលរដ្ឋ ដែលធ្លាប់ប៉ះពាល់ផ្ទាល់ឬប្រយោល ប្រញាប់ធ្វើចត្ដាឡីស័កនៅតាមផ្ទះ ហើយអ្នកដែលសង្ស័យ ត្រូវផ្តល់ព័ត៌មានទៅកាន់លេខទូរសព្ទ ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ។

ផ្សារកន្រ្តកជាផ្សារទី៤ ដែលអាជ្ញាធរសម្រេចបិទខ្ទប់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ជាសហគមន៍ ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ។ ផ្សារដែលបិទកន្លងមករួមមាន ផ្សារភូមិភាគ៤ ស្ថិតក្នុងសង្កាត់គោកចក ដែលសព្វថ្ងៃបើកដំណើរការឡើងវិញ រីឯផ្សារឯទៀតនៅបន្តបិទខ្ទប់នោះ មានផ្សារក្រោម នៅសង្កាត់ស្វាយដង្គំ និងផ្សារវត្តអធ្វារ ស្ថិតនៅសង្កាត់សៀមរាប។ ក្រៅពីផ្សារ អាជ្ញាធរក៏បានបិទខ្ទប់សង្កាត់៣ ផងដែរតាំងពីថ្ងៃទី១៧ មេសាមក ក្នុងនោះមានសង្កាត់សាលាកំរើក សង្កាត់ស្វាយដង្គំ និងសង្កាត់សៀមរាប។

គួររំលឹកថា នៅយប់ថ្ងៃទី២៩ មេសា រដ្ឋបាលខេត្តសៀមរាបបានរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន១៥នាក់ ដែលជាករណីនាំចូលមកពី ខេត្តព្រះសីហនុ រាជធានីភ្នំពេញ កំពង់ធំ និងខេត្តព្រៃវែង។ ពួកគេទាំងនោះ ភាគច្រើនឆ្លងជាលក្ខណៈក្រុមគ្រួសារ ដែលវិលត្រឡប់ចូលខេត្តវិញបន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចបើកចរាចរណ៍ឆ្លងខេត្តឡើងវិញ ចាប់ពីថ្ងៃទី២៥ មេសាមក៕




 

ព័ត៌មានទាក់ទង