អ្នក​ខេត្ត​ប្រញាប់​ផ្ញើ​ឥវ៉ាន់​ឱ្យ​សាច់​ញាតិ​នៅ​រាជ​ធានី​ភ្នំពេញក្នុង​តំបន់​បិទ​ខ្ទប់​ ដើម្បីដោះស្រាយជីវភាព

28/04/2021 9:00 am ភ្នំពេញ

កណ្ដាល៖ ​ អ្នក​នៅ​ខេត្ត​ ចាប់​ផ្ដើម​ប្រមូល​បន្លែ​ ផ្លែ​ឈើ ត្រី​ សាច់ អង្ករ​​ ផ្ញើ​ទៅ​សាច់​ញាតិហើយ​ ក្រោយ​ពី​មាន​ការ​អនុញ្ញាត​ឱ្យ​ឡាន​ដឹក​ទំនិញ​ អាច​ចេញ​ចូល​រាជ​ធានី​ភ្នំពេញ​បាន។ ទោះ​ជា​យ៉ាង​ណា ​ក៏​មាន​អ្នក​ភូមិ​មួយ​ចំនួន​ ពុំ​ទាន់​ហ៊ាន​ផ្ញើស្បៀង​ទៅ​ជូន​បង​ប្អូន​ដែរ ព្រោះ​ខ្លាច​ថា​ឡានចូល​ទៅ​មិន​ដល់​។​ ជា​មួយ​គ្នា​នេះ អ្នក​បើ​ក​ឡាន​ឈ្នួល​ ដឹក​បន្លែ​ផ្លែ​ឈើ​​ដែល​អ្នក​ភូមិ​ផ្ញើ​ទៅ​រាជ​ធានី ថា​ការ​អនុញ្ញាត​ឱ្យឡាន​ឆ្លង​កាត់​ចូល​ទៅ​ភូមិ​សាស្ត្រ​ភ្នំពេញ មាន​ការ​តឹង​រឹងដោយ​កន្លែង​។​



អ្នក​នាង អួក ​ស្រីអូន​ ដែល​រស់​នៅ​ក្នុង​ភូមិ​ព្រែក​ដាច់​ ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ខេត្ត​កណ្ដាល​ បាន​ផ្ញើ​បន្លែ ផ្លែ​ឈើ​ ដូច​ជា​ត្រឡាច ត្រកួន​ ត្រួយ​អំពិល​ ស្វាយ​ ល្ហុង​ ខ្នុរ​ និង​ត្រីប្រឡាក់ជាដើម​ ទៅ​ជូន​ម្ដាយ​ឪពុក​រួម​ទាំង​ប្អូន​នៅ​ក្នុង​សង្កាត់​ចោម​ចៅ​ រាជធានី​ភ្នំពេញ ស្ថិត​​ក្នុង​តំបន់​បិទ​ខ្ទប់​។ 

បានរៀប​ចំ​ឥវ៉ាន់​រួចរាល់​ខ្លះ​នៅ​ពេល​ល្ងាច​ ហើយ​ព្រឹក​ឡើង​បាន​ទិញ​បន្លែ​ដែល​បេះ​ភ្លាម​ៗ ពី​អ្នក​ភូមិ​បន្ថែម​ទៀត​ ដើម្បី​ផ្ញើ​តាម​ឡាន​ឈ្នួលទៅ​រាជធានី​ភ្នំពេញ​ អ្នក​នាង​ ស្រីអូន​ ដែល​មាន​កូន​ស្រីតូច​​ម្នាក់​នោះ បាន​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​ថា ដោយ​សារ​តែ​ដឹង​ថា​ម្ដាយ​ឪពុក​ ជាប់​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ ពិបាក​ចេញ​ទៅ​ផ្សារ​ ម្យ៉ាង​ទំនិញ​ស្ទើរ​តែ​គ្រប់​មុខ​ មាន​តម្លៃ​ថ្លៃ​ផង​ ទើប​បាន​ជា​​នាង​ផ្ញើ​អីវ៉ាន់​ទៅ​ជូន​ម្ដាយ​។

ឈរ​នៅ​ខាង​មុខ​ផ្ទះ​ ជិត​ទៃ​ដាក់​ឥវ៉ាន់​ ដែល​ផ្ដេក​​ជាប់​ទ្វាររបង​​ធ្វើ​ពី​ដែក អ្នក​នាង​ ស្រីអូន បញ្ជាក់​ដូច្នេះ​៖«ខ្ញុំ​ជា​អ្នក​ផ្ញើ​ទៅ​ជូន​គាត់​ខ្លួន​ឯង​ គាត់​មិន​បាន​ប្រាប់​ឱ្យ​ខ្ញុំ​ផ្ញើ​ទៅ​ទេ​។ ខ្ញុំ​ទើប​តែ​ដឹង​ថា​គេ​បើ​ក​ឱ្យ​ឡាន​ដឹក​ទំនិញ​ចូល​ពី​ម្សិល​មិញ​ដែរ ហើយ​ខ្ញុំ​ក៏​ផ្ញើ​ទៅថ្ងៃ​នេះ​​។ កន្លែង​ម្ដាយ​ខ្ញុំ​រស់​នៅ​ ក៏​គេ​បិទ​ខ្ទប់​ដែរ គេ​មិន​ឱ្យ​ចេញ​ចូល​ទេ។ ពេល​គេ​បិទ​ខ្ទប់​ គាត់​ពិបាក​ទៅ​ទិញ​ម្ហូប​នៅ​ផ្សារ​ ព្រោះ​គាត់​ខ្លាច​ឆ្លង ណាមួយ​​អីវ៉ាន់​វា​ថ្លៃ​ផង​»។​ ​​ ​

ចំណែក​លោក តាំង ប៉េងលី ដែល​រស់​នៅ​ក្នុង​ភូមិព្រែក​តូច​ ឃុំ​ព្រែក​ទម្លាប់ ស្រុក​លើក​ដែក​ ខេត្ត​កណ្ដាល​ គឺ​ជា​អ្នក​រត់​ឡាន​ឈ្នួល​ដឹក​មនុស្ស​ពី​ក្នុងភូមិ​ឡើង​ទៅ​រាជ​ធានី​ភ្នំពេញ​។ ប៉ុន្តែ​ចាប់​តាំង​ពី​មាន​ការ​រឹត​បន្តឹង​ ​ ក្រោយការ​​ផ្ទុះកូវីដ-១៩​ខ្លាំង លោក​ក៏​សម្រាក​ដឹក​ភ្ញៀវ​មួយ​រយៈ​។ ទើប​តែ​៣​ថ្ងៃ​ចុង​ក្រោយ​នេះ​ទេ ដែល​លោក​​ចាប់​ផ្ដើម​ដឹក​បន្លែ​ត្រី​សាច់​និង​អង្ករ​ ដែល​អ្នក​ភូមិ​ផ្ញើ​ឱ្យ​សាច់​ញាតិ​ ចូល​ទៅ​រាជ​ធានី​ភ្នំពេញ​។

ឆ្លើយ​ប្រាប់​សារព័ត៌​មាន​ថ្មី​ៗ​តាម​ទូរសព្ទ លោក តាំង ប៉េងលី ដែល​កំពុង​​ស្ថិត​នៅទី​តាំង​​​​រាជ​ធានី​ភ្នំពេញ ថា​ការ​ចេញ​ចូល​រាជធានី​ភ្នំពេញ សម្រាប់​ការ​ដឹក​ជញ្ជូន​អីវ៉ាន់​នេះ មាន​ការ​តឹង​រឹងខ្លាំង​​ដោយ​កន្លែង​។ ​យក​សេវា​​ដឹក​អីវ៉ាន់ក្នុង​មួយ​ជើងតម្លៃ​១៥,០០០រៀល​ លោក​ ប៉េង​លី ត្រូវ​ជិះ​វាង​ពី​កន្លែង​រនាំង​ហាម​ឃាត់​មួយ​ទៅ​កន្លែង​មួយ​ទៀត​ ដើម្បី​ស្វែង​រក​ទី​តាំង​ណា​ដែល​អាជ្ញា​ធរ​មាន​ការ​យោគ​យល់​អធ្យា​ស្រ័យ​។

មួយ​ថ្ងៃ​ដឹង​ស្បៀង​ដែល​ជា​បញ្ញើរបស់​អ្នក​ភូមិ​ បាន​តែ​មួយ​ជើង​ប៉ុណ្ណោះ​ ចូល​ទៅ​ក្នុង​រាជ​ធានី​ភ្នំពេញ ដោយ​ទៅ​គ្រប់​ទី​កន្លែង​ដែល​ភ្ញៀវ​តម្រូវ​ អ្នក​រត់​ឡាន​វ័យ​ប្រមាណ​៣០​ឆ្នាំ​រូប​នេះ​ ភាគ​ច្រើន​​ដឹក​បន្លែ ផ្លែឈើ អង្ករ​ ត្រី​ សាច់​។

«បើ​ឱ្យ​ស្មើ​សុំ​ ខ្ញុំ​ចេះ​តែ​ស្នើ​សុំ​ហើយ​ ក៏​ប៉ុន្តែ​ខ្ញុំ​មិនហ៊ាន​សុំ​ ព្រោះ​ខ្លាច​ប៉ះ​ពាល់​គេ ព្រោះ​យើង​ជា​ប្រជា​ជន​។ ឡាន​យើង​ដឹក​ស្បៀង​អ៊ីចឹង ខ្ញុំ​ចង់​ឱ្យ​គាត់​អនុគ្រោះ​​ឱ្យ​យើង​ចូល​ទៅ​ណា។​ តែ​អ្នក​ខ្លះ​គេ​តឹង​រឹង​។ ឡាន​យើង​មិន​ដឹក​មនុស្ស​ទេ គឺ​ដឹក​តែ​ស្បៀង​អាហារ​ទេ។ កន្លែង​ខ្លះ​គាត់​សុំ​បើក​ឡាន​មើល​ ពេល​​គាត់​ឃើញ​ថា​យើង​ដឹក​អីវ៉ាន់​ជាក់​ស្ដែង​មែន គាត់​ឱ្យ​យើង​ទៅ។ ប៉ុន្តែ​កន្លែង​ខ្លះ​គាត់​សុំ​មើល​ដែរ ប៉ុន្តែ​គាត់​ថា​ដាច់​ខាត​ មិន​ឱ្យ​បន្លែ​ចូល ហើយ​ខ្ញុំ​ថា​បន្លែ​នេះ​ មិន​មែន​បន្លែ​ធ្វើ​អាជីវកម្ម​ យក​ទៅ​លក់​ទេ គឺ​បន្លែ​ដែល​យក​ទៅ​ឱ្យ​បង​ប្អូន​នៅ​ក្នុង​តំបន់​បិទ​ខ្ទប់​ ប៉ុន្តែ​គាត់​ថា​ដាច់​ខាត​មិន​ឱ្យ​ចូល​។ 

ដូច្នេះ​ខ្ញុំ​រក​ផ្លូវ​វាង ដូច​ថា​រក​យុទ្ធសាស្ត្រ​ណា​ដែល​អាច​ចូល​បាន​។ គេ​មិន​ឱ្យ​ចូល​ ហើយ​ត្រូវ​រក​ផ្លូវ​វាង ចុះ​បើ​គេ​ចាប់​បាន​ មិន​ត្រូវ​គេ​ពិន័យ​ហើយ​? ខ្ញុំ​វាង​ពី​កន្លែងដាក់​រនាំង​​មួយ​ហ្នឹង​ ទៅ​កន្លែង​ដាក់​រនាំង​មួយ​ទៀត​ ព្រោះ​កន្លែង​ផ្សេង​គេ​អាច​យោគ​យល់​យើង​។ ខ្ញុំ​មិន​មែន​វាង​កន្លែង​គាត់​(កន្លែង​ហាម​ឃាត់​) ហើយ​ទៅ​រក​ផ្លូវ​ណា​ផ្សេង​ទេ ព្រោះ​បើ​យើង​វាង​ ដូច​ត្រូវ​ទោស​មួយ​ជាន់​ទៀត​»។

ដោយ​សា​រ​តែ​ពុំ​ទាន់​បើ​ក​ទូលាយ​ឱ្យ​មាន​ការ​ដឹក​ទំនិញ​ ចូល​រាជ​ធានី​ភ្នំពេញ​នេះ​ហើយ​ ទើប​បាន​ជា​អ្នក​នៅ​ជន​បទ​មួយ​ចំនួន​ នៅ​មិន​ទាន់​ហ៊ាន​ផ្ញើ​អីវ៉ាន់​ទៅ​ឱ្យ​សាច់​ញាតិ​បង​ប្អូនច្រើន​ឡើយ​​ ព្រោះ​ខ្លាច​ថា​ឡាន​ទាំង​នោះ​ចូលទៅ​​មិន​ដល់​ទី​តាំង​រស់​នៅ​របស់​សាច់​ញាតិរបស់ពួក​គេ​​នោះ​ឯង​​៕​ ​ 
 

ព័ត៌មានទាក់ទង