ត្រីប្រា ពោ ឆ្ដោ និងត្រីអណ្ដែង របស់សមាគមអ្នកចិញ្ចឹមត្រីប្រមាណ១ម៉ឺនតោនគ្មានអ្នកទិញ

20/04/2021 4:00 pm ភ្នំពេញ


ភ្នំពេញ៖ កសិដ្ឋានចិញ្ចឹមត្រីប្រា ត្រីពោ ត្រីឆ្ដោ និងត្រីអណ្ដែង ចំនួន ២៧៣កន្លែង ដែលជាសមាជិកសមាគមវារីវប្បករកម្ពុជា មានបរិមាណត្រីសរុបចំនួន ១២ ៤៨៥តោន ហើយត្រីប្រមាណ ៩០ភាគរយ នៅកកស្ទះគ្មានអ្នកទិញ។ នេះបើតាមសេចក្ដីប្រកាសរបស់សមាគមវារីវប្បករកម្ពុជា នៅថ្ងៃទី២០ មេសា។


 
ការឆ្លងរាលដាលជំងឺកូវីដ-១៩ នៅកម្ពុជាបន្តកើនឡើងយ៉ាងគំហុក ធ្វើឲ្យភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ត្រូវបិទខ្ទប់ ហើយរាជរដ្ឋាភិបាល ហាមពលរដ្ឋធ្វើដំណើរឆ្លងខេត្តបណ្ដោះអាសន្ន រហូតដល់ថ្ងៃទី២៩ មេសា។ ការណ៍នេះបានធ្វើឲ្យទំនិញមួយចំនួន ពិសេសស្បៀងអាហារ ដូចជា បន្លែ ត្រីសាច់ លើទីផ្សារត្រូវឡើងថ្លៃ ផ្ទុយពីសមាគមអ្នកចិញ្ចឹមត្រីកម្ពុជាដែលសល់ត្រីរាប់តោន គ្មានអ្នកទិញទៅវិញ។ 
 
ការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ រួមទាំងបម្រាមហាមមិនឲ្យមានការធ្វើចរាចរណ៍ឆ្លងខេត្ត បានធ្វើឲ្យរាល់សកម្មភាពដឹកជញ្ជូនត្រូវបានផ្អាក​ លើកលែងការដឹកជញ្ជូនស្បៀងអាហារ បន្លែ ត្រីសាច់ ដែលជាតម្រូវការចំបាច់ប្រចាំថ្ងៃ។ ដ្បិតរាជរដ្ឋាភិបាល បានប្រកាសបែបនេះក្ដី វានៅតែជាបញ្ហាប្រឈម សម្រាប់អ្នកចិញ្ចឹមត្រីក្នុងស្រុកដដែល ព្រោះមិនមានឈ្មួញ ចុះទៅចាប់ត្រីក្នុងស្រះ។ 
 
ខណៈដែលសមាគមសល់ត្រីរាប់តោនក្នុងស្រះ អំឡុងផ្ទុះព្រឹត្តិការណ៍សហគម ក៏មានការលើកឡើងថា  សមាគមវារីវប្បករកម្ពុជា បានលក់ត្រីខ្ពស់ជាងតម្លៃលើទីផ្សារ។ សមាគមបានសេចក្ដីបដិសេធដូច្នេះ៖«សព្វថ្ងៃ តម្លៃត្រីដែលបងប្អូនវារីវប្បករលក់លើទីផ្សារ មិនទាន់រួចថ្លៃដើមផលិតនៅឡើយទេ ប៉ុន្តែត្រូវបង្ខំចិត្តលក់ ព្រោះមានកាតព្វកិច្ចត្រូវបង់ប្រាក់សងធនាគារ ថ្លៃចំណីត្រី។ បើសង្កេតមើលតម្លៃលក់រាយនៅលើទីផ្សារនានា មានគម្លាតខុសគ្នាឆ្ងាយណាស់»។
 
សព្វថ្ងៃសមាគមបានលក់ត្រីប្រា ក្នុងតម្លៃ ៤ ០០០រៀល ទៅ ៤ ២០០រៀល​ ក្នុងមួយគីឡូក្រាម។ ចំពោះត្រីពោ មានតម្លៃ ៥ ៨០០រៀល ទៅ ៦ ០០០រៀល ក្នុងមួយគីឡូក្រាម។ សម្រាប់ត្រីឆ្ដោ តម្លៃ ៩ ២០០រៀល ទៅ ១០ ២០០រៀល ក្នុងមួយគីឡូក្រាម។ រីឯត្រីអណ្ដែង តម្លៃ ៣ ៨០០រៀល ទៅ ៤ ៥០០រៀល ក្នុងមួយគីឡូក្រាម។
 
សមាគមវារីវប្បករកម្ពុជា នៅតែទទូចដល់ភ្នាក់ងារសមត្ថកិច្ច និងស្ថាប័នពាក់ព័ន្ធ រឹតបន្តឹងការនាំចូលត្រីពីខាងក្រៅ និងស្នើដល់ប្រជាជនខ្មែរ ជួយគាំទ្រផលិតផលក្នុងស្រុក ដើម្បីជួយវារីវប្បករកម្ពុជាឲ្យមានលទ្ធភាពបន្តអាជីវកម្មរបស់ខ្លួន៕
 
ដោយ៖ ខន ណារី
 

ព័ត៌មានទាក់ទង