លោក សា ឌីណា ផលិតវីដេអូខ្សែទស្សនាចរដល់អ្នកទស្សនា ក្នុងបរិបទកូវីដ-១៩

13/04/2021 5:00 pm សៀមរាប

ភ្នំពេញ៖ ព្រឹត្តការណ៍សហគមន៍២០កុម្ភៈ បានធ្វើឲ្យដំណើរកម្សាន្ត របស់លោក សា ឌីណា ត្រូវផ្អាកទាំងអស់។  ដូច្នេះ លោកងាកមកផលិតវីដេអូខ្សែទស្សនាចរ ដែលបង្ហាញពីសក្ដានុពលតំបន់ទេសចរណ៍ធម្មជាតិជាច្រើនក្នុងប្រទេសកម្ពុជា។



សូមអញ្ជើញលោក-អ្នកនាង ទស្សនាបទសម្ភាសរវាងកញ្ញា ផាត ដាណេ អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ និងលោក សា ឌីណា ដូចតទៅ៖
 

អ្នកបង្កើតកញ្ចប់ដំណើរកម្សាន្តក្នុងស្រុកជាង១០រូបនេះ បាននាំភ្ញៀវទេសចរទៅកាន់តំបន់ទេសចរណ៍ធម្មជាតិជាច្រើនក្នុងប្រទេសកម្ពុជា។ គម្រោងទេសចរណ៍ទាំងអស់ត្រូវបានផ្អាក លោក ឌីណា បានចំណាយពេលផលិតវីដេអូខ្សែទស្សនាចរ ដើម្បីជាចំណីអារម្មណ៍ថ្មី ប្លែក ដល់ទស្សនិកជន ទស្សនា អាចជាផ្នែកមួយកាត់បន្ថយភាពតាងតឹង ពេលសម្រាកនៅផ្ទះ។ 

បុរសចូលចិត្តដើរកម្សាន្តក្នុងប្រទេសរូបនេះ ប្រាប់សារព័ត៌មានថ្មីៗតាម Zoom ដូច្នេះ៖ «ពេលកូវីដ-១៩ធូរស្រាល គឺយើងអាចមានឱកាសទៅដើរលេងកម្សាន្ត ព្រោះខ្ញុំគិតថាប្រជាជនយើងសព្វថ្ងៃនេះ កំពុងតែធុញថប់ខ្លាំងណាស់ ព្រោះពួកគាត់ត្រូវនៅផ្ទះ ចេញទៅណាអត់កើត អ៊ីចឹងខ្ញុំគិតថា ពេលកូវីដ-១៩ បានធូរស្បើយពួកគាត់នឹងចង់ដើរលេងមែនទែន»។ 



វីដេអូទាំងអស់ ត្រូវបានបង្ហាញដល់ទស្សនិកជន តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក និងយូធូបCambodia Amazing Trip Planner រួមទាំងដៃគូរសហការនៅតាមស្ថាបនមួយចំនួនផងដែរ។ ការណ៍នេះ ជាចលករជំរុញ និងពង្រឹងសក្ដានុពលទេសចរណ៍ធម្មជាតិក្នុងស្រុកលើការដើរកម្សាន្ត ស្វែងយល់ពីប្រវត្តិសាស្រ្ត និងរួមចំណែកលើកកម្ពស់ប្រជាសហគមន៍នៅតាមតំបន់ដាច់ស្រយាលមួយចំនួនផងដែរ។ 

«យើងបានរៀបចំខ្សែទស្សនាចរនេះ សម្រាប់បងប្អូន ដែលគាត់អញ្ជើញមកខេត្តសៀមរាប មិនចាំបាច់តែគាត់ចូលរួមជាមួយ Cambodia Amazing ទេ ប៉ុន្តែតាមរយៈការផលិតវីដេអូផ្សព្វផ្សាយនេះ គាត់អាចមកលេងតាមអ្វីដែលយើងបានផ្សព្វផ្សាយហ្នឹងដែរ»។ នេះជាការលើកឡើងរបស់លោក សា ឌីណា ដែលរៀបចំខ្សែទស្សនាចរនៅតាមតំបន់សមុទ្រភ្ជាប់គ្នាជាមួយតំបន់ជួរភ្នំក្រវ៉ាញ និងនៅតំបន់ភូមិភាគឦសានផងដែរ។ 

ទោះជាយ៉ាង លោក សា ឌីណា នៅតែបន្តជាមួយនឹងការងារនេះ ព្រោះលោក ជឿជាក់ថាក្រោយជំងឺកូវីដ-១៩ ធូរស្បើយ វិស័យទេសចរណ៍ក្នុងនឹងមានការរីកចម្រើន៕



ព័ត៌មានទាក់ទង