វត្តខ្លះនៅតាមជនបទអត្តខាត់ចង្ហាន់ និងថវិកា ដោយសារព្រឹត្តិការណ៍២០កុម្ភៈ

13/04/2021 1:00 pm ភ្នំពេញ

ស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា មានសភាពកាន់តែធ្ងន់ធ្ងរ ដែលធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ច និងជីវភាពពលរដ្ឋជាច្រើន។ មិនត្រឹមតែប៉ះពាល់ដល់ពលរដ្ឋនោះទេ សូម្បីតែនៅវត្តអារាមខ្លះ ក៏ជួបបញ្ហា អត្តខាត់ចង្ហាន់ និងថវិកាផងដែរ។



ព្រះតេជគុណ ឥន្ទ សុផល ចៅអធិការវត្តជ្រៃ ស្ថិតនៅឃុំជ្រៃ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានមានសង្ឃដីកាថា តាំងពីព្រឹត្តិការណ៍២០កុម្ភៈមក វត្តនេះមិនសូវមានពុទ្ធបរិស័ទយកចង្ហាន់ទៅប្រគេនព្រះសង្ឃឡើយ ខណៈមុនព្រឹត្តិការណ៍នេះ រាល់ថ្ងៃសីលមានពុទ្ធបរិស័ទមកមិនដែលដាច់ឡើយ។ ការណ៍នេះបានធ្វើឱ្យវត្ត មានវិបត្តិចង្ហាន់ និងស្បៀង។ 
 
បើតាមព្រះតេជគុណ នៅវត្តជ្រៃនេះ មានព្រះសង្ឃគង់នៅចំនួន១៦អង្គ។ តាំងពីវិបត្តិកូវីដ-១៩មក ចង្ហាន់របស់ព្រះសង្ឃមិនបរិបូរដូចមុនឡើយ។ បច្ចុប្បន្ន ស្បៀងក្នុងវត្ត ដូចជាអង្ករ និងត្រីងៀតជាដើម ក៏សល់មិនច្រើននោះដែរ។ «អត្តខាត់រយៈពេលជាង១ខែ ហើយ។ ស្បៀងក៏មិនសល់ច្រើន ថ្ងៃខ្លះក៏ខ្វះ ថ្ងៃខ្លះក៏ទៅរកតាមផ្ទះអ៊ីចឹងទៅ »។ នេះជាការបញ្ជាក់របស់ ព្រះតេជគុណ ឥន្ទ សុផល ដែលបានប៉ាន់ប្រមាណថា ដ្បិតពិធីបុណ្យចូលឆ្នាំក្តី ក៏ទំនងជា មិនសូវពុទ្ធបរិស័ទ យកចង្ហាន់ទៅប្រគេនព្រះសង្ឃដែរ។ ព្រះអង្គក៏មិនអាចប្រាកដថា ស្បៀងតិចតួចនេះ មានគ្រប់គ្រាន់នៅថ្ងៃចូលឆ្នាំនោះដែរ។ 


ព្រះតេជគុណ ឥន្ទ សុផល និងព្រះសង្ឃ នៅវត្តជ្រៃ។


ចំណែកឯ វត្តលម្អងបុទុម ដែលស្ថិតលើភ្នំបាយសី ស្រុកសាលាក្រៅ ខេត្តប៉ៃលិនវិញ ក៏កំពុងជួបបញ្ហាអត្តខាត់ចង្ហាន់ និងស្បៀងដែរ។ ព្រះតេជគុណ ជិន ភារម្យ ចៅអធិការស្ដីទីវត្តលម្អងបុទុម បានមានសង្ឃដីកាប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទថា អារាមនេះ នៅដាច់ស្រយាល ហើយស្របពេលជំងឺកូវីដ-១៩ កំពុងរាលត្បាតទៀត ធ្វើឱ្យពុទ្ធបរិស័ទ ពិបាកយកចង្ហាន់មកប្រគេន។  
 
វត្តនៅលើភ្នំបាយសីនេះ មានព្រះសង្ឃ៣អង្គ និងក្មេងៗចំនួន៧នាក់។ បើតាមព្រះតេជគុណ ស្បៀងក្នុងវត្ត ត្រូវផ្គត់ផ្គង់ចង្ហាន់នៅក្នុងវត្តផង និងចែកជូនពុទ្ធបរិស័ទចំណុះជើងវត្ត ដែលខ្វះខាតផងដែរ។ ចៅអធិការស្ដីទី ជិន ភារម្យ បានមានសង្ឃដីការដូច្នេះ៖  «ត្រីងៀត ទិញ២-៣ គីឡូ ឆាន់បានពីរទៅបីថ្ងៃប៉ុណ្ណោះ។ ដឹងស្រាប់ហើយ តែគ្រួសារមួយនៅលំបាក ចុះទម្រាំអាត្មាកូនសិស្សច្រើនទៀត។ ណាមួយ មានញាតិញោមខ្លះអត់ មកសុំអង្ករពីវត្ត អាត្មាចេះតែចែកគ្នាទៅ»។
 
ដ្បិតរដូវបុណ្យចូលឆ្នាំមែន ប៉ុន្តែស្បៀងដែលមាននៅក្នុងវត្តទាំងពីរខាងលើនេះ មិនមានលទ្ធភាពអាចផ្គត់ផ្គង់គ្រប់គ្រាន់ទេ ម្យ៉ាងក្នុងវិបត្តិកូវីដនេះ ទំនងមិនមានពុទ្ធបរិស័ទទៅវត្តច្រើននោះឡើយ។ ស្របពេលនេះ ព្រះតេជគុណទាំងពីរព្រះអង្គ សូមបានបិណ្ឌបាតស្បៀង និងថវិកា តាមហ្វេកប៊ុក ដើម្បីមានលទ្ធភាពផ្គត់ផ្គង់ដល់ព្រះសង្ឃក្នុងវត្តបន្ត។ 


  ព្រះភិក្ខុ ជិន ភារម្យ ចៅអធិការស្ដីទីវត្តលម្អងបុទុម គង់បេះបន្លែជាមួយសាមណេរ និងកូនសិស្ស។ 

ងាកមក វត្តសិរិសាគរ ដូនស្ដើង នៅស្រុកព្រះស្ដេច ខេត្ត ព្រៃវែងវិញ មិនអត្តខាត់ចង្ហាន់ ដូចវត្តទាំងពីរខាងលើឡើយ ព្រោះព្រះសង្ឃ បានធ្វើស្រែចម្ការ និងដាំដំណាំជាច្រើនប្រភេទ សម្រាប់ផ្គត់ផ្គង់ចង្ហាន់ប្រចាំថ្ងៃ។ ទោះយ៉ាងនេះក្ដី ព្រះចៅអធិការវត្តសិរិសាគរ ដូនស្ដើង អ៊ឹម ទៀង បានមានសង្ឃដីកាថា ក្នុងវិបត្តិកូវីដ-១៩នេះ នៅវត្តតែខ្វះថវិកា សម្រាប់ចំណាយផ្សេងៗក្នុងវត្តប៉ុណ្ណោះ ដូចជាថ្លៃទឹក ភ្លើង គ្រឿងទេសមួយចំនួន។ «អត្តខាត់រឿងបច្ច័យ យើងមានតែអង្ករ បន្លែ តែសាច់យើងត្រូវទិញគេ។ នៅវត្តខ្សត់ថវិកា ហើយថវិកា ដែលត្រូវយកមកកសាង ក៏ផ្អាកសិនដែរ ព្រោះត្រូវយកមកចំណាយច្រើន»។ នេះជា សង្ឃដីការរបស់ចៅអធិការវត្តសិរិសាគរ ដូនស្ដើង៕ 

ដោយ៖ អ៊ុត រស្មី 

ព័ត៌មានទាក់ទង