ព្រឹត្តិការណ៍២០កុម្ភៈធ្វើឱ្យ ខេត្តកំពង់ធំ បាត់ភ្ញៀវទេសចរស្ទើរទាំងស្រុង

13/04/2021 10:00 am កំពង់ធំ

ក្រោយផ្ទុះព្រឹត្តិការណ៍២០កុម្ភៈ ខេត្តកំពង់ធំ បាត់បង់ភ្ញៀវទេសចរស្ទើរទាំងស្រុង សូម្បីតំបន់ទេសចរណ៍សក្តានុពល ក៏ប្រែស្ងាត់ជ្រងំ។ ការបាត់ភ្ញៀវទេសចរ នេះបានធ្វើឱ្យសេវាកម្មទេសចរ ជិតពាក់កណ្ដាល ត្រូវផ្អាកដំណើរការជាបណ្ដោះអាសន្ន។



ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ លោក សេង អាន បាននិយាយថា ចាប់តាំងពីមានព្រឹត្តិការណ៍២០កុម្ភៈមក ខេត្តមួយនេះ មានទេសចរតិចតួចណាស់ដើរកម្សាន្ត។ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ធំ បានបញ្ជាក់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរស័ព្ទយ៉ាងដូច្នេះថា៖ «តាំងពីមានព្រឹត្តិការណ៍២០កុម្ភៈ មកទេសចរធ្លាក់ចុះខ្លាំង។ ភ្ញៀវស្នាក់នៅ ភ្ញៀវតាមរមណីយដ្ឋានខ្ញុំចុះពិនិត្យស្ទើរតែគ្មាន ព្រោះឆ្លងពីខេត្តមួយទៅខេត្តមួយអត់បាន » ។តាមរយៈភាពស្ងប់ស្ងាត់នេះ បានធ្វើឱ្យភោជនីយដ្ឋាន ប្រមាណ៤០ភាគរយ ក្នុងខេត្តកំពង់ធំ បានផ្អាកដំណើរការជាបណ្ដោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ជាមួយគ្នានេះដែរ រដ្ឋបាលខេត្តកំពង់ធំ ក៏បានចេញសេចក្ដីណែនាំ ឱ្យភោជនីយដ្ឋាន និងហាងកាហ្វេ ទូទាំងខេត្តផ្អាកទទួលភ្ញៀវក្នុងហាង ជំនួសដោយការលក់លក្ខណខ្ចប់វិញ ចាប់ពីថ្ងៃទី ១០ដល់ ១៨មេសាផងដែរ។ នេះបើតាមលោក សេង អាន។
 
ខេត្តកំពង់ធំមានតំបន់សក្ដានុពលទេសចរណ៍សំខាន់ៗដូចជា ប្រាសាទសំបូរព្រៃគុក រមណីយដ្ឋានបឹងសំរឹទ្ធ ប្រាសាទគុហនគរ និងតំបន់ទេសចរណ៍មួយចំនួនទៀត។ កន្លងមក ខេត្តកំពង់ធំ បានទាក់ទាញទេសចរ ជាច្រើនផងដែរ ដោយសារសក្ដានុពលទេសចរបែបវប្បធម៌ប្រវត្តិសាស្ត្រ ។
 
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី៦ មេសា រដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឱ្យបិទ ការកម្សាន្ត នៅតាមរមណីយដ្ឋាននានានៅទូទាំងប្រទេសរយៈពេល ១៤ ថ្ងៃ គឺចាប់ពីថ្ងៃទី ៧ដល់ ២០ ខែមេសា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

ដោយ៖ ជឿន ស្រីណយ

ព័ត៌មានទាក់ទង