ភ្នាក់ងារទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរ គាំទ្រការពិចារណាឱ្យទេសចរបរទេសចាក់វ៉ាក់សាំងរួចមកកម្ពុជា

12/04/2021 4:00 pm ភ្នំពេញ


រដ្ឋាភិបាលនឹងពិចារណាឱ្យទេសចរបរទេស ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ រួចអាចមកដើរកម្សាន្តនៅក្នុងខេត្តសៀមរាប នៅអំឡុងត្រីមាសទី៤។ ប្រធានសមាគមទីភ្នាក់ងាទេសចរណ៍កម្ពុជា អះអាងថាការពិចារណានេះ គឺជាក្ដីសង្ឃឹមសម្រាប់ប្រជែងយកទេសចរបរទេស មកកម្ពុជា ជាមួយប្រទេសជិតខាង។ ជាមួយគ្នានេះដែរ មគ្គុទ្ទេសក៍ទេសចរ យល់ថាយុទ្ធសាស្ត្រនេះ នឹងអាចសម្រួលជីវភាព អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍។



រយៈពេលជាង ១ឆ្នាំមកហើយ ដែលកម្ពុជាមិនមានវត្តមានទេសចរអន្តរជាតិ មកដើរកម្សាន្ត ដោយសារជំងឺកូវីដ-១៩។ ដើម្បីទាក់ទាញទេសចរអន្តរជាតិមកកម្ពុជា រដ្ឋាភិបាលនឹងពិចារណា បើកទទួលភ្ញៀវអន្តរជាតិ នៅសៀមរាប ក្នុងត្រីមាសទី៤ ឆ្នាំ២០២១ ខណៈស្ថានភាពនៅសៀមរាប-អង្គរ មានសភាពល្អ។

លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា យល់ថាការពិចារណារបស់រដ្ឋាភិបាល ទទួលទេសចរអន្តរជាតិ ដែលមានវ៉ាក់សាំងហើយមកកម្ពុជា គឺជាយុទ្ធសាស្ត្រ ប្រជែងយកទេសចរបរទេស ជាមួយប្រទេសជិតខាង។ លោកស្រី ឆាយ សៀវលីន ប្រាប់សារព័ត៌មាន ThmeyThmey25 តាមប្រព័ន្ធតេឡេក្រាមដូច្នេះថា៖ « ខ្ញុំយល់ថាយើងត្រៀមបែបនេះគឺល្អហើយ ព្រោះអីយើងឃើញថា ប្រទេសមួយចំនួនក៏បាទទួលវ៉ាក់សាំងច្រើនដែរហើយ។ នៅពេលស្ថានការណ៍ល្អឡើងយើងបានត្រៀមខ្លួនរួចរាល់ហើយ បើយើងមិនបានត្រៀមទេ នៅពេលស្ថានការណ៍ល្អ យើងស្រវាបង្កើតយុទ្ធសាស្ត្រចាប់ភ្ញៀវ យើងអាចនឹងយឺតពេល»។ 


លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា

ការពិចារណានេះក៏ជាសញ្ញាណវិជ្ជមាន ដល់មគ្គុទ្ទេសក៍ទេសចរផងដែរ។ លោក ទៀ គីឡេង ប្រធានសមាគម មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា យល់ថាការទទួលទេសចរអន្តរជាតិដែលមានវ៉ាក់សាំងរួចមកកម្ពុជា នឹងអាចសម្រួលជីវភាព អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍។ 

លោក ទៀ គីឡេង ប្រាប់សារព័ត៌មានThmeyThmey25 ដូច្នេះថា៖ « ទាំងមគ្គុទ្ទេសក៍ទេសចរ និងអ្នកប្រកបរបរក្នុងវិស័យទេសចរណ៍ វាអាស្រ័យទៅលើភាពជាក់ស្តែង ថាតើមានភ្ញៀវទេសចរកម្រិតណា? ភ្ញៀវតិច ឬ ភ្ញៀវច្រើន? តែទោះយ៉ាងណាក្តីខ្ញុំក៏រំពឹងទុក ឱ្យតែមានភ្ញៀវទេសចរ ទោះមានភ្ញៀវតិច ឬភ្ញៀវច្រើនក៏បានជួយសម្រួលជីវភាពខ្វះខាតរបស់មគ្គុទ្ទេសក៍ទេសចរបានមួយកម្រិតផងដែរ »។ 

លោក ទៀ គីឡេង ប្រធានសមាគម មគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន-កម្ពុជា

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ក្នុងទំព័រហ្វេសប៊ុកក្រសួងទេសចរណ៍ កាលពីថ្ងៃទី៧ មេសា ថា  ការពិចារណា លើកញ្ចប់ទេសចរណ៍នេះត្រូវ គិតគូរលើកាងារ៣ធំៗ។ ទីមួយ ការបង្កើតនូវជំនឿជឿជាក់ទុកចិត្តដល់ទេសចរ។ ទី២ គុណភាព សេវាកម្ម និងតម្លៃសមរម្យ និងទី៣ ការសម្រួល ការធ្វើដំណើរ តាមច្រកទ្វារអន្តរជាតិ ដែលត្រូវគោរពតាមគោលការណ៍សុខាភិបាលផង និងភាពងាយស្រួលផង។ ចំណុចទាំង ៣នេះក៏ស្ថិតក្នុងយុទ្ធសាស្ត្រស្ដារវិស័យទេសចរណ៍កម្ពុជា ក្នុងនិងក្រោយវិបត្តិកូវីដ-១៩ផងដែរ ។ នេះជាការបន្ថែម របស់លោក ថោង ខុន។ 

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០ កម្ពុជាមានភ្ញៀវទេសចរអន្តរជាតិចំនួន ១,៣១លាននាក់ ធ្លាក់ចុះរហូតដល់ ៨០ ភាគរយ ខណៈទេសចរជាតិមានចំនួន ៩លាននាក់ ដែលទិន្នន័យនេះមានការធ្លាក់ចុះ ២០ភាគរយ៕ 


ដោយ៖ ជឿន ស្រីណយ


 

ព័ត៌មានទាក់ទង