លោក ហឿន ភីរុណ ដាំផ្កាជុំវិញផ្ទះជិត១០ឆ្នាំមកហើយ ដើម្បីលម្អ និងទុកលក់ពេលបុណ្យចូលឆ្នាំ

17/04/2021 12:00 pm សៀមរាប


សៀមរាប៖ ផ្កាគឺជារុក្ខជាតិមួយប្រភេទ ដែលមនុស្សភាគច្រើនចូលចិត្តនិងស្រលាញ់ហើយតែងដាំវាលម្អតាមបិវេណមុខផ្ទះ ដើម្បីលើកសម្រស់ផ្ទះ ឲ្យកាន់តែស្រស់ស្អាត។ លោក ហឿន ភីរុណ ជាមនុស្សម្នាក់ដែលស្រឡាញ់ផ្កា។ លោកប្រើដីទំនេរជុំវិញផ្ទះ សម្រាប់ដាំផ្កា ទាំងសម្រាប់លម្អ និងលក់ពេលបុណ្យទាន។



លោក ហឿន ភីរុណ ជាពលរដ្ឋរស់នៅសង្កាត់ជ្រាវ ក្រុងសៀមរាប បានចាប់ផ្តើមដាំផ្កាជិត១០ឆ្នាំមកហើយ។ លោករៀបរាប់ថា ដោយសារចំណងចំណូលចិត្ត និងស្រលាញ់ផ្កា ទើបជំរុញចិត្តលោក ឲ្យបង្កើតជាសួនចដាំផ្កែជុំវិញផ្ទះបែបនេះ។ លោកបន្ថែមថា ក្នុងមួយឆ្នាំលោកដាំផ្កាច្រើនប្រភេទ តែម្ដងប៉ុណ្ណោះ គឺចាប់ផ្តើមពីខែមករា និងប្រមូលផលនៅដើមខែមេសា ឬមុនចូលឆ្នាំខ្មែរ។ អតិថិជនរបស់លោក គឺជាអ្នកភូមិដែលតែងលើកយកទៅលក់បន្តនៅទីផ្សារ។



សម្រាប់លោក ភីរុណ របរដាំផ្កាមិនសូវនឿយហត់ប៉ុន្មានទេ ព្រោះមិនចាំបាច់បាញ់ថ្នាំសង្កូវ គ្រាន់តែទាមទារមានយើងដឹងឬកំណត់ពេលវេលាជាក់លាក់ក្នុងការដាំតែប៉ុណ្ណោះ។ លោកប្តថា មុនដំបូង គេត្រូវបាចគ្រាប់ពូជ លុះបាន១៥ថ្ងៃ គេត្រូវដកវាយកទៅដាំ។  ផ្កាដែលលោក ភីរុណ ដាំមាន៥ប្រភេទ តែពូជទាំងនោះមិនបានផ្តល់ផលដំណាលគ្នាទេ។ ចំណុចនេះអ្នកជំនាញដាំផ្កាពន្យល់ថា ដើម្បីប្រាកដថាផ្កាផ្តល់ផលដំណាលគ្នា គេត្រូវដឹងពីអាយុនៃផ្កាទាំងនោះឲ្យបានជាក់លាក់។



ក្នុងមួយរដូវ លោក ភីរុណ អាចរកចំណូលពីការដាំផ្កាបាន១,២០០,០០០រៀល។ ដ្បិតថា ចំណូលនៃការដាំផ្កាមិនសូវបានច្រើនក៏ពិតមែន តែការងារនេះជួយឲ្យលោក ភីរុណ ដែលមានរបរជាជាងដេរនៅផ្ទះផងនោះ រីករាយ និងមានអារម្មណ៍ស្រស់ស្រាយជាខ្លាំង៕


ដោយ៖ អ៊ីសា រ៉ហានី

ព័ត៌មានទាក់ទង