អ្នកស្រី យី វួចជូ តស៊ូពីអ្នកធ្វើក្រចកតាមផ្សារ រហូតឈ្នះពានលេខ១ ផ្នែករចនាក្រចកនៅកាណាដា

05/05/2021 2:00 pm ភ្នំពេញ


ភ្នំពេញ៖ អ្នកស្រី យី វួចជូ ជាម្ចាស់ហាងរចនាក្រចក The Queen Nail និងជាជ័យលាភីលេខ១ ពីកម្មវិធីប្រកួតរចនាក្រចក នៅប្រទេសកាណាដា។ ផ្ដើមពីអ្នកដើរធ្វើក្រចកតាមផ្សារ ស្រ្តីវ័យ២៧ឆ្នាំរូបនេះ បានប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន តាមរយៈការចូលរួមប្រកួតរចនាក្រចក នៅតាមបណ្ដាប្រទេសជាច្រើន រហូតទទួលបានជោគជ័យ លើជំនាញរចនាក្រចក។ អ្នករចនាក្រចកដ៏លេចធ្លោរូបនេះ ជំរុញឱ្យអ្នកជំនាញរចនាក្រចកទាំងអស់ ក្លាហាន ហ៊ានបង្ហាញសមត្ថភាពខ្លួន លើឆាកអន្តរជាតិ ដើម្បីឱ្យពិភពលោក ទទួលស្គាល់ថា ជំនាញរចនាក្រចកនៅកម្ពុជា មិនចាញ់បរទេសឡើយ។



អ្នកស្រី យី វួចជូ បានចាប់យកអាជីព ជាអ្នករចនាក្រចក តាំងពីអាយុ១៣ឆ្នាំមកម្ល៉េះ ពោលគឺមួយឆ្នាំ បន្ទាប់ខ្លួន និងប្អូនស្រី បានកំព្រាឪពុកម្តាយ និងត្រូវរស់នៅជាមួយជីតា នៅខេត្តសៀមរាប។ ជាបងស្រី ដែលត្រូវជួយមើលខុសត្រូវប្អូនតាំងពីវ័យក្មេង រួចជូ ត្រូវបង្ខំចិត្តឈប់រៀន ហើយចាប់យកជំនាញធ្វើក្រចក  ដើម្បីរកកម្រៃ ផ្គត់ផ្គង់ជីវភាពគ្រួសារ និងឱ្យប្អូនស្រីបានរៀនសូត្រ។ ជាមនុស្សស្រីរឹងមាំ មានឆន្ទៈតស៊ូ អ្នកស្រី វួចជូ បានចាប់ផ្ដើមប្រកបរបរនេះ ពីការដើរយួរកន្រ្តកធ្វើក្រចកតាមផ្សារ ក្នុងខេត្តសៀមរាប រហូតវិវត្តន៍ខ្លួនជាអ្នករចនាក្រចក ដ៏លេចធ្លោ និងក្លាយជាម្ចាស់ហាងរចនាក្រចក The Queen Nail។ 
 
អ្នកស្រី វូចជូ បានរំឭកប្រាប់សារព័ត៌មានថ្មីៗ25 តាមទូរស័ព្ទដូច្នេះ៖ «ដំបូងខ្ញុំធ្វើការងារនៅហាងក្រចក ដោយគិតភាគរយ និងប្រាក់ខែ។ បានមួយរយៈ ក៏ចេញរកស៊ីខ្លួនឯង តែពេលនោះមិនមានកន្លែងទេ គឺយើងមានកន្រ្តកមួយសម្ភារ ដើរតាមផ្សាររកអតិថិជន រហូតដល់មានអតិថិជនមួយចំនួន។ ទើបខ្ញុំចាប់ផ្ដើមជួលកន្លែងគេធ្វើ និងចាប់ផ្ដើមពង្រីករហូតដល់បើកហាង»។ 
 
ក្រោយពីបានបើកហាងរចនាក្រចក The Queen Nail នៅសៀមរាប ក្នុងឆ្នាំ២០១១  អ្នកស្រី វួចជូ បានមកបន្តរៀនជំនាញរចនាក្រចកនៅភ្នំពេញ និងនៅប្រទេសវៀតណាម។ ហើយបច្ចុប្បន្នហាងរចនាក្រចក The Queen Nail របស់អ្នកស្រី វួចជូ មានបួនសាខា គឺនៅភ្នំពេញ៣សាខា និងសៀមរាប១សាខា ហើយមានសិស្សចូលរៀនជំនាញរចនាក្រចក ជាង៧០០នាក់។ 



ទោះបីជាជោគជ័យ លើអាជីវកម្មរចនាក្រចក ប៉ុន្តែស្រ្តីដែលមានបទពិសោធន៍ជាង១០ឆ្នាំ រូបនេះ នៅតែបន្តរៀនសូត្រ  ខ្នះខ្នែងពង្រីកចំណេះ និងជំនាញរចនាក្រចករបស់ខ្លួន តាមរយៈការចូលរួមប្រកួតលើឆាកអន្តរជាតិ នៅប្រទេសជាច្រើនរួមមាន ប្រទេសវៀតណាម កូរ៉េ អារ៉ាប់ប៊ីសាអូឌីត និងប្រទេសកាណាដា។ តាមរយៈការប្រកួត តាមបណ្ដាប្រទេសជាច្រើន បានធ្វើឱ្យ ស្រ្តីខ្មែររូបនេះ សាងភាពលេចធ្លោជូនប្រទេសជាតិ ជាមួយការទទួលជ័យលាភីជាច្រើន។ ហើយកាលពីចុងខែមីនា ឆ្នាំ២០២១ អ្នកស្រី វួចជូ បានទទួលពានរង្វាន់លេខ១ ពីកម្មវិធី «Canadian Nail Championship» ដែលមានការចូលរួមពីបេក្ខជនអ្នកជំនាញរចនាក្រចក នៅបណ្ដាប្រទេសជាច្រើន លើពិភពលោក។
 
«ទីមួយ ក្នុងការចាប់ផ្ដើមជាមួយឆាកប្រកួត គឺយើងត្រូវការបទពិសោធន៍ ប៉ុន្តែបើនិយាយពីគោលដៅធំបំផុតសម្រាប់ខ្ញុំ ក្នុងការចូលរួមប្រកួត គឺប្រទេសរបស់យើង អត់ទាន់មានការប្រកួតក្រចកទេ។ ដូចនេះ ខ្ញុំចង់បានបទពិសោធន៍ជាច្រើន ដែលយើងបានចូលរួមប្រកួត ដើម្បីថ្ងៃក្រោយ នឹងរៀបចំឆាកប្រកួតក្នុងប្រទេស។ ហើយខ្ញុំចង់បង្ហាញសមត្ថភាព ឱ្យអន្តរជាតិទទួលស្គាល់ និងដឹងថានៅកម្ពុជា ក៏មានអ្នកជំនាញខាងក្រចកហ្នឹងដែរ»។ នេះជាការបញ្ជាក់របស់ អ្នកស្រី វួចជូ ដែលអ្នកស្រី បន្ថែមថា ក្រោយពីបានពានរង្វាន់ អ្នករៀបចំកម្មវិធីរចនាក្រចក Kingdom Beauty Crown នៅប្រទេសអង់គ្លេស បានអញ្ជើញអ្នកស្រី ធ្វើជាគណៈកម្មការ។ 


 
តាមរយៈបទពិសោធន៍ សមត្ថភាព និងការប្រឹងប្រែង បានធ្វើឱ្យស្ត្រីឆ្នើមរូបនេះ បានសម្រេចគោលដៅ ដោយជាផ្នែកមួយធ្វើឱ្យពិភពលោកទទួលស្គាល់ជំនាញរចនាក្រចកនៅកម្ពុជា។ ក្រៅពីការខិតខំដណ្ដើមជោគជ័យសម្រាប់ខ្លួនឯងហើយនោះ ស្រ្តីរូបនេះមានមហិច្ឆតាចង់ឃើញអ្នករចនាក្រចកកម្ពុជាជាច្រើន មានវត្តមានប្រកួតលើឆាកអន្តរជាតិ ដើម្បីឱ្យវិស័យរចនាក្រចកនៅកម្ពុជាកាន់តែរីកចម្រើន ។ អ្នកស្រី បានរៀបរាប់ដូច្នេះថា៖ «នាងខ្ញុំកំពុងជំរុញសិស្ស និងអ្នកជំនាញរចនាក្រចក ឱ្យចូលរួមប្រកួតលក្ខណៈអន្តរជាតិ។ ព្រោះកាលណាយើងចង់ឱ្យគេទទួលស្គាល់ មិនមែនទទួលស្គាល់តែបុគ្គលម្នាក់ទេ គឺការទទួលស្គាល់ជាក្រុម។ អ៊ីចឹងហើយអ្វីដែលនាងខ្ញុំត្រូវធ្វើបន្ទាប់ពីនាងខ្ញុំទទួលបានពានរង្វាន់ហ្នឹង គឺបើកឱកាសបន្តឱ្យអ្នកជំនាញរចនាក្រចកទាំងអស់ បានបង្ហាញសមត្ថភាពលើឆាកអន្តរជាតិ»៕ 

ព័ត៌មានទាក់ទង