របរភ្ញាស់កូនមាន់លក់ អាចផ្គត់ផ្គង់ជីវភាពគ្រួសារ លោក ប៉ាន់ គឹមហ៊ាន ពី៥០ទៅ ៦០ភាគរយ

05/04/2021 10:00 am ភ្នំពេញ

លោក ប៉ាន់ គឹមហ៊ាន ជាអ្នកចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់លក់ នៅក្នុងខេត្តកំពង់ឆ្នាំង។ សព្វថ្ងៃលោក គឹមហ៊ាន ពឹងផ្អែកទាំងស្រុងលើរបរចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់លក់។ ដ្បិតមិនអាចដោះស្រាយជីវភាពបាន១០០ភាគរយ តែរបរលក់កូនមាន់អាចផ្គត់ផ្គង់ជីវភាពគ្រួសារ លោក ប៉ាន់ គឹមហ៊ាន ពី៥០ទៅ ៦០ភាគរយ។


ច្រើនឆ្នាំមកហើយ ដែលលោក គឹមហ៊ាន បានចាប់យករបរចិញ្ចឹមមាន់ ជាលក្ខណៈគ្រួសារ។ ដោយសារគ្រួសារមិនមានមុខរបរផ្សេង ជាខ្នងបង្អែក នៅឆ្នាំ២០១៩ លោកបានសម្រេចចិត្តពង្រីកការចិញ្ចឹមមាន់ឲ្យមានលក្ខណៈធំជាងមុន ដើម្បីបង្កើនការលក់កូនមាន់ឲ្យបានច្រើន។

«សព្វថ្ងៃខ្ញុំពឹងផ្អែកតែលើរបរភ្ញាស់កូនមាន់ទេ តែឥឡូវខ្ញុំបានបន្ថែមការចិញ្ចឹមមាន់យកសាច់ ដើម្បីអាចបន្ថែមប្រាក់ចំណូល។ វា(របរភ្ញាស់កូនមាន់លក់) អាចជួយជីវភាពបានច្រើន​ ទោះមិន១០០ភាគរយ តែក៏បាន ៥០ទៅ៦០ភាគរយ»។ នេះជាការលើកឡើងរបស់អ្នកកំពង់ឆ្នាំងរូបនេះ។



មានទីលំនៅ ក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង លោក គឹមហ៊ាន បានរៀបរាប់ប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទ ដូច្នេះ៖«យើងមិនចាំបាច់ទៅធ្វើការឆ្ងាយពីផ្ទះ ព្រោះវាជួយឲ្យជីវភាពគ្រួសារខ្ញុំប្រសើរជាងឡើងដែរ។ ដោយសារការចិញ្ចឹមមាន់ហ្នឹងហើយ ទើបអាចឲ្យកូនបានរៀន»។

លោក ប៉ាន់ គឹមហ៊ាន បានប្រាប់ទៀតថា កាលពីមុនលោកភ្ញាស់តែកូនមាន់លក់ទេ តែក្រោយមកទីផ្សារមាន់ប្រសើរ លោកក៏បន្ថែមចិញ្ចឹមមាន់សាច់។ បច្ចុប្បន្នលោក គឹមហ៊ាន មានចិញ្ចឹមមេមាន់សម្រាប់ភ្ញាស់ពងចំនួន ១២០ក្បាល និងមាន់សាច់ចំនួន ២០០ក្បាល។

ដ្បិតបច្ចុប្បន្នកម្ពុជាប្រឈមមុខនឹងបញ្ហាកូវីដ-១៩ ដែលធ្វើទីផ្សារមាន់ហាក់បីដូចជាចង្អៀតបន្តិចក្តី តែកូនមាន់ និងមាន់សាច់ របស់លោក ប៉ាន់ គឹមហ៊ាន នៅតែមានទីផ្សារល្អ។ «សព្វថ្ងៃនៅតែមានអ្នកទិញ គ្រាន់តែពីមុនគេមកទិញផ្ទាល់ តែឥឡូវទាល់តែរកទីផ្សារខ្លួនឯង។ រដូវកូវីដ-១៩នេះ អត់ទៀងទេ តែបើមុនកូវីដ-១៩ អាចលក់កូនបាន ២០០ក្បាល ទៅ ៥០០០ក្បាល ក្នុងមួយថ្ងៃ»។ នេះបើតាមលោក គឹមហ៊ាន។



កសិករចិញ្ចឹមមាន់រូបនេះ បានបន្ថែមថា៖«សម្រាប់កូនមាន់ ដែលមានអាយុ ២១ថ្ងៃ(ធ្វើវ៉ាក់សាំងរួច) មានតម្លៃ ៥ ០០០រៀល ក្នុងមួយក្បាល។ ដោយឡែកសម្រាប់មាន់សាច់វិញ ខ្ញុំទើបសាកចិញ្ចឹមឆ្នាំហ្នឹងទេ។ មាន់សាច់មានតម្លៃ ១៧ ០០០រៀល ដល់ ១៩ ០០០រៀល ក្នុងមួយគីឡូក្រាម»។

បច្ចុប្បន្នលោក គឹមហ៊ាន បានក្លាយជាកសិករគំរូ និងគ្រូបង្រៀនបច្ចេកទេសចិញ្ចឹមមាន់ ក្នុងសហគមន៍លោកផ្ទាល់ផងដែរ ដោយសារលោក មានចំណេះដឹង បទពិសោធ និងបច្ចេកទេសចិញ្ចឹមមាន់ និងភ្ញាស់កូនមាន់នេះ ។ លោក គឹម ហ៊ាន ក៏មានគម្រោងពង្រីកការចិញ្ចឹមមាន់បន្ថែមទៀតដែរ បន្ទាប់ពីជំងឺកូវីដ-១៩ បានធូរស្បើយឡើងវិញ៕

ដោយ៖ ខន ណារី 

ព័ត៌មានទាក់ទង