កូវីដ-១៩៖ ការលក់ចម្លាក់ថ្មកែវ របស់លោកស្រី ចិន ធ្លាក់ចុះដោយសារគ្មានទេសចរ

10/04/2021 3:00 pm ពោធិ៍សាត់

ពោធិ៍សាត់ ៖ ចម្លាក់ថ្មកែវ ជារបរពេញនិយមមួយ នៅខេត្តពោធិ៍សាត់។ ក្នុងបរិបទជំងឺកូវីដ-១៩ ចម្លាក់ថ្មកែវ របស់លោកស្រី ចិន លក់ធ្លាក់ចុះខ្លាំង ដោយសារគ្មានភ្ញៀវទេសចរមកកម្សាន្តដូចមុន។


ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោក-អ្នកនាងទស្សនាបទសម្ភាសរវាង លោកស្រី ចិន ម្ចាស់សិប្បកម្មចម្លាប់ថ្មកែវនៅខេត្តពោធិ៍សាត់ ជាមួយ លោក យួង សូដា អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗ២៥ ដូចតទៅ៖ 

ក្នុងកាលៈទេសៈដ៏លំបាកនេះ ធ្វើឱ្យម្ចាស់អាជីវករ ជាច្រើនបានជួបបញ្ហាប្រឈម ។ ម្ចាស់សិប្បកម្មនៅឃុំព្រៃញី អ្នកស្រីចិន បានត្អូញត្អែរ ពីការធ្លាក់ចុះភ្ញៀវយ៉ាងខ្លាំង ថ្វីបើ របរនេះ ផ្អែកលើទេសចរអន្តរជាតិច្រើនជាភ្ញៀវជាតិ។ «មុនកូវីដ-១៩ សម្បូរភ្ញៀវបរទេសហូរហែ។ កូវីដ-១៩ លើកនេះ ធ្វើឲ្យបាត់ភ្ញៀវអស់។ នេះជាអះអាងរបស់ ម្ចាស់សប្បកម្ម ដែលបានប្រករបរនេះជិត២០ឆ្នាំមកហើយ។ 

សិល្បៈចម្លាក់ថ្មកែវ មានលក្ខណៈល្អប្រណីត ហើយក៏ជាផ្នែកមួយនៃអត្តសញ្ញាណជាតិខ្មែរ។ ម្ចាស់សិប្បកម្មចម្លាក់ថ្មកែវ លោកស្រី ចិន បានរៀបរាប់ថា ថ្មកែវរបស់លោកស្រី យកមកពីភ្នំក្រវាញ ដោយបែងចែកជាបីប្រភេទទៀតគឺ ថ្មកែវក្រមួន ថ្មយ៉ន និងថ្មស្ពង់ ហើយថ្មកែវក្រមួននេះមានតម្លៃជាងគេ និងលំបាករកក្នុងពេលបច្ចុប្បន្ន។ ក្នុងការឆ្លាក់ ចម្លាក់តូចៗត្រូវការពេលត្រឹមមួយថ្ងៃប៉ុណ្ណោះ  តែចម្លាក់ធំៗត្រូវការពេលច្រើនថ្ងៃ ឬអាចឈានដល់មួយខែ។  

ម្ចាស់សិប្បកម្មវ័យ៣៨ឆ្នាំនៅក្រុងពោធិ៍សាត់រូបនេះ ក៏បានសំណូមពរឱ្យ ភ្ញៀវជាតិ ដែលបានធ្វើដំណើរឆ្លងកាត់ក្រុងពោធិ៍សាត់ជួយគាំទ្រស្នាដៃចម្លាក់ថ្មកែវខ្មែរ ដើម្បីចូលរួមលើកស្ទួយនូវជីវភាពពលរដ្ឋខ្មែរដែលកំពុងជួយទុក្ខលំបាកដោយសារកូវីដ-១៩៕  
 

ព័ត៌មានទាក់ទង