លោក ស៊ឹម សុជាតិ នៅតែខិតខំថែដំណាំទុរេន ទោះបីកូវីដ-១៩ផ្ទុះខ្លាំង

31/03/2021 1:00 pm ភ្នំពេញ

ភ្នំពេញ៖ ម្ចាស់ចម្ការទុរេន ក្នុងឃុំសោម លោក ស៊ឹម សុជាតិ នៅតែខិតខំថែទាំ ពង្រឹងការដាំដុះទុរេនឲ្យទទួលបានទិន្នផលច្រើន បើទោះជំងឺកូវីដ-១៩ កំពុងរាលដាលខ្លាំង តាមបណ្ដារាជធានី-ខេត្តមួយចំនួន។ លោក ស៊ឹម សុជាតិ រំពឹងថាទុរេនរបស់ខ្លួន ឆ្នាំនេះ នឹងទទួលបានខ្ពស់ទិន្នផលជាងឆ្នាំមុន ពាក់កណ្តាល។



លោក ស៊ឹម សុជាតិ ជាម្ចាស់ចម្ការទុរេនមួយកន្លែង នៅក្នុងឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់។ កសិកររូបនេះ ក៏មានបណ្តាញអ្នកដាំទុរេន នៅក្នុងខេត្តផ្សេងៗទៀតដែរ ដូចនៅ កំពត ព្រះវិហារ កំពង់ចាម និងបាត់ដំបង ដោយមានទុរេនទាំងអស់១០ម៉ឺដើម។ ម្ចាស់ចម្ការរូបនេះ បានប្រាប់សារព័ត៌មាន Thmeythmey25 ថា បច្ចុប្បន្នបណ្តាញកសិកររបស់លោក កំពុងប្រឹងប្រែងថែទាំដំណាំទុរេន ដែលកំពុងបញ្ចេញផ្កាស្គុសស្គាយ និងខ្លះក៏មានផ្លែរណោងពេញដើម។ កសិករ ស៊ឹម សុជាតិ ដែលមានពិសោធន៍ដាំទុរេនប្រមាណ ១០ឆ្នាំមកហើយនោះ បញ្ជាក់ថា នៅសល់តែជាង២ខែទៀតប៉ុណ្ណោះ រដូវកាលប្រមូលផលទុរេន នឹងចូលមកដល់។ 



នៅឆ្នាំនេះ លោក សុជាតិ រំពឹងថាទុរេនរបស់ខ្លួន នឹងផ្តល់ទិន្នផលច្រើនជាងឆ្នាំកន្លងទៅពាក់កណ្តាល ព្រោះឆ្នាំនេះ លោក បានខិតខំយ៉ាងយកចិត្តទុកដាក់ខ្លាំង លើបច្ចេកទេសផ្សាំទុរេន ការថែទាំ និងតាមដានសុខភាពទុរេន ធ្វើយ៉ាងណាឲ្យដំណាំនេះ ទទួលបានទិន្នផលល្អ។ 

ដ្បិតកំពុងត្រេកអរ នឹងទុរេន ដែលកំពុងចេញផ្លែផ្កាយ៉ាងច្រើន ប៉ុន្តែលោក ក៏បារម្ភពីទីផ្សារ នាំចេញទៅលក់តាមបណ្ដារាជធានី-ខេត្តមួយចំនួន ព្រោះការរាលដាលនៃជំងឺកូវីដ-១៩ មិនថមថយសោះ។ លោក ស៊ឹម សុជាតិ លើកឡើងពីក្ដីបារម្ភរបស់ខ្លួនប្រាប់សារព័ត៌មានថ្មីៗ២៥ដូច្នេះថា៖ «រឿងទីផ្សារ ខ្ញុំព្រួយ ហើយព្រួយខ្លាំងមែនទែ។ បើសិនជាកូវីដផ្ទុះកាន់តែធ្ងន់ធ្ងរ អ៊ីចឹងគេមិនឲ្យដឹកចេញទៅលក់នេះ លក់នោះ អ៊ីចឹងយើងគ្រោះថ្នាក់។ ខ្ញុំព្រួយបារម្ភពីចំណុចហ្នឹង»។



លោក សុជាតិ បន្តថា បើសិនជាកូវីដ-១៩ នៅតែរាលដាលខ្លាំង រហូតដល់ពេលប្រមូលផល លោក នឹងលក់ទុរេននេះក្នុងតម្លៃទាប ព្រោះមិនអាចទុកឲ្យវាទុំចោលតាមដើម ក្នុងចម្ការឡើយ។ តាមលោក ស៊ឹម សុជាតិ កន្លងមក ទុរេនទាំងនេះ ត្រូវបាននាំចេញទៅលក់ នៅតាមបណ្ដារាជធានីខេត្តមួយចំនួនដូចជា ភ្នំពេញ កំពង់ចាម កំពត បាត់ដំបង និងទីរួមខេត្តពោធិ៍សាត់។ 

ទោះស្ថានភាពជំងឺកូវីដ-១៩ មិនច្បាស់លាស់ ប៉ុន្តែលោកនៅតែពង្រឹងការថែទាំទុរេន ឲ្យទទួលបានទិន្នផលខ្ពស់ដដែល ព្រោះការចំណាយកន្លងមក ក៏មិនតិចនោះទេ៕

ដោយ៖ ផាត ដាណេ

ព័ត៌មានទាក់ទង