អ្នកនាំពាក្យបរិស្ថាន កម្ពុជាទំនងមានសត្វទន្សោងតិចជាង ១ ៥០០ក្បាល ខណៈលើពិភពលោកមានប្រមាណ ៤ពាន់ក្បាល

11/04/2021 9:00 am ភ្នំពេញ

ភ្នំពេញ៖ សត្វទន្សោង ត្រូវបានកត់ត្រាក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទជិតផុតពូជនៅលើពិភពលោក។ បច្ចុប្បន្នចំនួនសត្វទន្សោងនៅកម្ពុជាទំនងមានតិចជាង ១ ៥០០ក្បាល ខណៈលើពិភពលោកមានប្រមាណ ៤ពាន់ក្បាលប៉ុណ្ណោះ។



ក្នុងទិន្នន័យរបស់អង្គការ IUCN ចំនួនសត្វទន្សោង ត្រូវបានគេប៉ាន់ស្មានថានៅសល់ប្រមាណ ៤ ០០០ក្បាល នៅលើពិភពលោក ខណៈសត្វទន្សោងនៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ទំនងជាមានតិចជាង ១ ៥០០ក្បាល។ នេះបើតាមលោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន។

កាលពីថ្ងៃទី១៩ ខែមីនា លោក នេត្រ ភក្រ្តា បានបង្ហោះរូបភាពថតដោយម៉ាស៊ីនថតស្វ័យប្រវត្តិ បង្ហាញពីហ្វូងសត្វទន្សោងក្នុងដែនជម្រកសត្វព្រៃខេត្តព្រះវិហារ ដែលថតបានក្នុងឆ្នាំ២០២១។ អ្នកនាំពាក្យរូបនេះ សង្កេតឃើញថាក្នុងដែនជម្រកសត្វព្រៃនានានៅកម្ពុជា ប្រភេទសត្វកម្រមួយចំនួនមានកំណើនឡើង ក្នុងនោះសត្វទន្សោងបានរស់នៅក្នុងដែនជម្រកសត្វព្រៃខេត្តព្រះវិហារ ហើយតំបន់ខ្លះមានចំនួននៅឋិតថេរ និងខ្លះមានការថយចុះ។ 



លោក នេត្រ ភក្រ្តា លើកឡើងបែបនេះ៖«សត្វដែលឃើញមានការកើនដដូចជាសត្វជ្រូកព្រៃ និងប្រភេទសត្វមួយចំនួនទៀត។ កំណើនវត្តមានសត្វព្រៃនៅក្នុងតំបន់ការពារធម្មជាតិនេះ ដោយសារតែលទ្ធផលនៃការការពារ និងអភិរក្សធនធានធម្មជាតិ ព្រៃឈើដែលជាជម្រករបស់ពពួកសត្វព្រៃមានភាពប្រសើរឡើង រួមទាំងការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធភាព»។ 

សត្វព្រៃជាច្រើនពាន់ក្បាល ត្រូវបានជួយសង្គ្រោះ និងដោះលែងចូលក្នុងព្រៃធម្មជាតិវិញ។ ដោយឡែក សត្វព្រៃមួយចំនួន ដែលមានសុខភាពមិនល្អ ក្រសួងបរិស្ថានបានសហការជាមួយដៃគូ ដើម្បីថែរក្សាព្យាបាលឲ្យមានសុខភាពល្អ ទើបប្រលែងចូលក្នុងព្រៃធម្មជាតិវិញ។ ជាមួយគ្នានេះ ក្នុងឆ្នាំ២០២០កន្លងទៅ អន្ទាក់ជិត ៥ម៉ឺន ត្រូវបានដោះចេញពីក្នុងតំបន់ព្រៃអភិរក្ស។ 

លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងបរិស្ថាន ក៏បានអំពាវនាវឲ្យពលរដ្ឋកម្ពុជា ចូលរួមបញ្ឈប់សកម្មភាពបរបាញ់សត្វព្រៃ ការដាក់អន្ទាក់សត្វព្រៃ បញ្ឈប់ការបរិភោគសាច់ព្រៃ ក៏ដូចជាការជួញដូរសត្វព្រៃគ្រប់ប្រភេទ ដើម្បីចូលរួមថែរក្សាការពារសត្វព្រៃ និងធនធានធម្មជាតិរបស់កម្ពុជា។

«សកម្មភាពទាំងនេះ នឹងជួយការពារទាំងសុខភាព សុខមាលភាពរបស់មនុស្ស និងសត្វ ជីវចម្រុះ ព្រមទាំងបរិស្ថានទាំងអស់ដែលនៅជុំវិញយើង ក៏ដូចជាចូលរួមទប់ស្កាត់ ហានិភ័យនៃការបាត់បង់ជីវៈចម្រុះ និង ការ ប្រែប្រួលអាកាសធាតុជាដើម។ ដើម្បីអនាគតមនុស្សជាតិ យើងត្រូវរួមគ្នាការពារនិងអភិរក្សធនធានធម្មជាតិ»។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្រ្តា៕

ដោយ៖ ខន ណារី

ព័ត៌មានទាក់ទង