ដើមព្នៅ រុក្ខជាតិកម្រដែលពលរដ្ឋមិនសូវស្គាល់

30/12/2022 9:00 am ភ្នំពេញ

ភ្នំពេញ៖ ព្នៅ ជាប្រភេទរុក្ខជាតិមួយប្រភេទ ដែលអ្នកប្រណិប័តន៍ព្រហ្មញ្ញសាសនាគោរពបូជាស្មើព្រះឥសូរ។ កម្ពុជា ក៏ធ្លាប់គោរពប្រណិប័តន៍ព្រហ្មញ្ញសាសនា ក្រៅពីនេះព្នៅ បានក្លាយជាឱសថដ៏ពេញនិយម ប៉ុន្តែបែរជាមិនសូវមានអ្នកស្គាល់។ ភាគច្រើន ក្រុមនរវិទូ សិស្សសិក្សាផ្នែកបុរាណវិទ្យា និងសាសនិកព្រហ្មញ្ញសាសនា ទើបស្គាល់រុក្ខជាតិប្រភេទនេះ។ លោក អាំង ជូលាន បានបង្ហាញថា ដោយសារជំនឿបែបព្រហ្មញ្ញសាសនានៅក្នុងសង្គមខ្មែរ បានសាបរលាប ជំនឿទាក់ទងនឹងដើមព្នៅ ក៏មិនសូវមានគេចាប់អារម្មណ៍។



សូមអញ្ជើញតាមដានការលើកឡើងរបស់នរវិទូ អាំង ជូនលាន ជុំវិញជំនឿ និងការគោរពដើមព្នៅ នៅក្នុងសង្គមខ្មែរបុរាណ និងបច្ចុប្បន្នដូចតទៅ៖

ដើមព្នៅ មានសណ្ឋានប្រហាក់ប្រហែលដើមខ្វិត និងមានបន្លាវែង និងស្រួចៗ ស្រដៀងបន្លា ក្រសាំង។  តាមវចនានុក្រមខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត ព្នៅ ជាឈ្មោះឈើប្រភេទស្លឹកហាងប្រហើរ ហើយត្រួយ ឬស្លឹកព្នៅខ្ចី អាចប្រើធ្វើជាអន្លក់របោយបាន។ ផ្លែព្នៅមានជ័រស្អិតនៅរុំគ្រាប់។ នេះបើតាមវចនានុក្រមជួន ណាត ដែលបានបន្តទៀតថា ផ្លែព្នៅ នៅខ្ចី មានរសហាង លុះដល់ទុំ ឡើងសម្បុរលឿង មានក្លិនក្រអូបឈ្ងុយ មានសាច់ម៉ដ្ឋ។ ព្នៅ ក៏អាចប្រើជាចំណី ឬជាថ្នាំកែរោគប្រដិតជាដើម។ ព្នៅ មានច្រើនប្រភេទ ផ្សេងៗគ្នាមាន ព្នៅពងមាន់, ព្នៅសណ្ដាយ ជាដើម។ 

ព្នៅ មានឈ្មោះឡាតាំងថា Aegle marmelos ហើយនៅប្រទេសឥណ្ឌា គេច្រើនហៅឈ្មោះតាមពាក្យសំស្ក្រឹតថា Bilva។ នេះបើតាមលោកបណ្ឌិត អាំង ជូលាន បណ្ឌិតផ្នែកនរវិទ្យា។ លោក បានប្រាប់សារព័ត៌មាន Thmeythmey25 ថា ដើមព្នៅ ត្រូវបានអ្នកប្រណិប័តន៍ព្រហ្មញ្ញសាសនា គោរពបូជាខ្លាំងណាស់ ព្រោះគេចាត់ទុកថាដើមព្នៅ ជាដើមព្រះឥសូរ។ នរវិទូរូបនេះ បានបន្តថា មនុស្សខ្មែរបុរាណ ក៏គោរពប្រណិប័តន៍ព្រហ្មញ្ញសាសនាដែរ ហើយជំនឿ និងការគោរពដើមព្នៅ ក៏បាននៅសេសសល់ខ្លះ មកដល់សព្វថ្ងៃ។

លោក អាំង ជូលាន ពន្យល់ប្រាប់សារព័ត៌មានថ្មីៗ ដូច្នេះ៖ «យើងសង្កេតឃើញថា នៅមានស្លាកស្នាម នៃការគោរពហ្នឹង មកដល់សព្វថ្ងៃ។ ឧទាហរណ៍ យើងអាចឃើញរូបព្រះរាជាយើង បារគូគេយកស្លឹកព្នៅ មកបំពាក់នៅព្រះកាណ៌ គឺត្រចៀកហ្នឹងណ៎ា។  ហើយព្នៅហ្នឹង គឺដាំនៅក្នុងវាំង។ នៅក្នុងវាំង មានដើមព្នៅពីរ បីដើម ដោយសារអី ដោយសារទំនៀម នៅក្នុងព្រហ្មញ្ញសាសនា វាមិនបាត់អស់ទេ វាមានជាប់ខ្លះ នៅក្នុងប្រពៃណីក្នុងរាជវង្សហ្នឹង។ អីចឹងហើយបានយើងឃើញមាន បារគូ មានអីនេះ។ ដូច្នេះហើយបានមានព្នៅ»។  

តាមឯកសារគេហទំព័រយសោធរ នៅក្នុងប្រទេសកម្ពុជា នាពេលសព្វថ្ងៃ ស្លឹកព្នៅ នៅតែប្រើក្នុងកិច្ចពិធីខ្លះ ក្នុងទំនៀមក្សត្រ ដែលបារគូយកស្លឹកព្នៅ មកថ្វាយព្រះករុណា ជាអម្ចាស់ សៀតនឹងព្រះកាណ៌។ នៅតំបន់ខ្លះ ប្រជាជនបានជ្រើសរើស យកតែមែកព្នៅប៉ុណ្ណោះ ដើម្បីយកមកភ្ជាប់យ័ន្ត ទៅនឹងមេដំបូលផ្ទះ។ 

បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា គេតែងប្រទះឃើញរុក្ខជាតិនេះ មានដុះនៅក្នុងបរិវេណប្រាសាទបុរាណ និងនៅតាមទីវត្ត ដែលមានវ័យចំណាស់សល់ពីជំនាន់ដើម។ ជាក់ស្ដែង សព្វថ្ងៃ គេឃើញវត្តមានដើមព្នៅ នៅព្រះបរមរាជវាំង ក្នុងទីក្រុងភ្នំពេញ និងនៅប្រាសាទបាគង និងប្រាសាទភិមានអាកាស ប្រាសាទអង្គរធំ នៅខេត្តសៀមរាមជាដើម។   លោកបណ្ឌិតនរវិទ្យារូបនេះ យល់ឃើញថា វត្តមានដើមព្នៅ ដែលឃើញមាននៅបរិវេណប្រាសាទបុរាណនានា នោះ មិនមែនជារឿងចៃដន្យនោះទេ ពោលគឺវាអាចជាព័ស្តុតាង នៃជំនឿដែលនៅមានសេសសល់ ពីមុនមក៕

រូបភាពស្លឹកព្នៅ  របស់យសោធរ

ព័ត៌មានទាក់ទង