ក្រសួងកសិកម្ម កំពុងអនុវត្តគម្រោងបង្កាត់គោដោយសិប្បនិម្មិត ក្នុងខេត្តគោលដៅចំនួន១២

19/03/2021 1:00 pm ភ្នំពេញ

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ កំពុងអនុវត្ត គម្រោងបង្កាត់គោដោយសិប្បនិម្មិត ក្នុងខេត្តគោលដៅចំនួន១២ ទូទាំងប្រទេស ដើម្បីប្រែក្លាយពីចិញ្ចឹមគោរបស់កសិករ តាមបែបប្រពៃណី មកចិញ្ចឹមតាមបែបទំនើប។



ការបង្កាត់គោដោយសិប្បនិម្មិត មានអត្ថប្រយោជន៍ច្រើន ជាជាងការចិញ្ចឹមតាមបែបប្រពៃណី។ វាអាចធ្វើឲ្យកូនគោ មានគ្រោងឆ្អឹងធំ ឆាប់ធំធាត់ មិនងាយឈឺ គ្មានជំងឺតពូជ ចៀសវាងការចម្លងជំងឺពីបាទៅមេ ឬពីមេទៅបា ចំណេញពេលវេលា សុវត្ថិភាពសម្រាប់អ្នកប្រតិបត្តិ និងងាយដឹកជញ្ជូនមេជីវិត ទៅដល់ទីជនបទ។ «ការចិញ្ចឹមគោ តាមបែបប្រពៃណី លែងសត្វឲ្យដើរ រកស៊ីពាសវាលពាសកាល ធ្វើឲ្យសត្វគោប្រឈមនឹងជំងឺឆ្លង ជាពិសេស សត្វដែលបន្តពូជតាមបែបធម្មជាតិ ធ្វើឲ្យសត្វជាន់ឈាម កូនគោកើតមកធំធាត់យឺត និងងាយឆ្លងជំងី ហើយយើងត្រូវពីកត្តាពូជ ចំណី និងការថែទាំ»។ នេះបើតាមលោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម។

បើតាមលោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បច្ចុប្បន្នគម្រោងបង្កាត់គោសិប្បនិម្មិត បានគ្របដណ្តប់លើខេត្តគោលដៅចំនួន១២ រួមមានខេត្តពោធិ៍សាត់ តាកែវ ព្រៃវែង កំពង់ចាម កំពង់ស្ពឺ បាត់ដំបង ឧត្តrមានជ័យ កំពង់ឆ្នាំង សៀមរាប កំពង់ធំ បន្ទាយមានជ័យ និងខេត្តស្ទឹងត្រែង ។

ដើម្បីឲ្យគម្រោងនេះកាន់តែទទួលលទ្ធផលល្អ អគ្គនាយកនៃនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរៀបចំគោលការណ៍សំខាន់ៗមួយចំនួនដូចជា ការបន្តពង្រឹង និងពង្រីកបច្ចេកទេសបង្កាត់សិប្បនិម្មិតគោបន្ថែម (ការបង្កាត់ ការធ្វើឲ្យរកឈ្មោលក្នុងពេលតែមួយ ការពិនិត្យ ឬស្ទាបមើលពោះ ការធ្វើអេកូ ការព្យាបាលជំងឺប្រដាប់បន្តពូជ) និងគ្រោងអនុវត្តបច្ចេកទេស Embryo-Transfer និងពង្រឹងការកែច្នៃទឹកមេជីវិតគោ និងការវិភាគសេនេទិច។

អគ្គនាយកនៃនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏បានបង្កើនការយល់ដឹង ឲ្យកាន់តែទូលំទូលាយដល់កសិករ អំពីសុខភាពគោ ផលប្រយោជន៍នៃការបង្កាត់សិប្បនិម្មិត សរីរវិទ្យានៃប្រព័ន្ធបន្តពូជ និងអាការ ឬសញ្ញាណនៃការរកឈ្មោល និងពេលវេលាដែលត្រូវបង្កាត់ជាដើម។ មិនតែប៉ុណ្នោះ ការពង្រីកវិសាលភាពនៃការបង្កាត់  ការកែច្នៃទឹកមេជីវិត ការផលិតទឹកអាសូត នឹងពង្រីកគោលដៅនៃការងារឲ្យបានទូទាំង ២៤ រាជធានី ខេត្ត ផងដែរ

បើតាមលោក ផាន់ ណារ៉ា គិតចាប់ពីផ្ដើមគម្រោងនៅឆ្នាំ២០១៩  បានបង្កាត់គោសរុបចំនួន ៧ ៤២៣ក្បាល និងកូនកើតគោបានចំនួន ៤ ៨៣៣ក្បាល ដោយប្រើប្រាស់មេជីវិតនាំចូល និងផលិតក្នុងស្រុក៕
 

ព័ត៌មានទាក់ទង