កញ្ញា ព្រុំ ស៊ីណា ចង់​ពង្រីក​ការដាំដុះ Mulberry ដើម្បី​ផលិត​ស្រាក្រហម​លក់​លើ​ទីផ្សារ​

10/04/2021 1:00 pm ភ្នំពេញ

​កញ្ញា ព្រុំ ស៊ីណា កំពុង​ដាំ​ដុះ និង​ប្រមូល​ផល​ផ្លែឈើ​ម្យ៉ាង​ឈ្មោះ Mulberry ចំនួន ៥០០​ដើម ក្នុង ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ បច្ចុប្បន្ន យុវតី​រូបនេះ ទទួលបាន​ចំណូល​ពី​ការលក់​ផ្លែ​ផង និង​លក់​ពូជ Mulberry ទៅដល់​អតិថិជន​រប​ស់​ខ្លួន ដែលមាន​ស្ទើរ​គ្រប់​ខេត្ត​ក្រុង​នៅ​កម្ពុជា​។ មាន​វ័យ​២៨​ឆ្នាំ កញ្ញា ព្រុំ ស៊ីណា គ្រោង​ពង្រីក​ការដាំដុះ​របស់ខ្លួន ដើម្បី​ផលិត​ស្រាក្រហម​លក់​លើ​ទីផ្សារ ដ្បិត​បច្ចុប្បន្ន នាង​បាន​សាកល្បង​ផលិត​ស្រាក្រហម​ពី​ផ្លែ Mulberry នេះ​លក់​ក្នុង​ទ្រង់ទ្រាយ​តូច​រួចហើយ ហើយក៏​ទទួលបាន​ការគាំទ្រ​ច្រើន​ដែរ​។​



Mulberry ជា​ផ្លែឈើ​ម្យ៉ាង ស្រដៀង​ផ្លែ​ព្រីង តែមាន​ផ្លែ​ជា​ចង្កោម​ដូច​ផ្លែ​ម្រេច​។ ចំណែក​ដើម​របស់​វា​ក៏មាន​ស្រដៀង​នឹង​ដើម​ព្រីង​ដែរ គ្រាន់តែ​ទាប​ជាង​អាច​ឈោង​ដៃ​បេះ​បាន​។ រីឯ​ផ្លែ​របស់​វា គេ​អាច​យកទៅ​ធ្វើជា​តំណាប់ ទឹក​ផ្លែឈើ និង​ធ្វើជា​ស្រាក្រហម និង​ហូប​បាន​នៅពេល​ផ្លែ​ទុំ​។​

​អ្នកស្រុក​ថ្មគោល ខេត្តបាត់ដំបង កញ្ញា ព្រុំ ស៊ីណា បាន​និយាយថា កញ្ញា​ចាប់ផ្ដើម​ដាំ Mulberry រយៈពេល ៣​ឆ្នាំ​ហើយ ទាំង​ពូជ និង​បច្ចេកទេស​ដាំ​ដុះ សុទ្ធតែ​បានមកពី​ប្រទេស​ថៃ​។ សម្រាប់​កម្ពុជា ដំណាំ​នេះ​វា​អាច​ថ្មី​នៅឡើយ ហើយក៏​មិនសូវមាន​អ្នក​ស្គាល់​ច្រើន​ដែរ​។ «​កាល​ដាំ​ដំបូង អត់​សូវ​មាន​អ្នក​ចាប់អារម្មណ៍​ទេ​។ តែ​ឆ្នាំនេះ​គេ​ចាប់អារម្មណ៍​ច្រើន ទាំង​ផ្លែ ទាំង​ពូជ លក់​សឹង​មិនទាន់​»​។ នេះ​បើតាម​ការលើកឡើង​រប​ស់​យុវតី ស៊ីណា​។​



បច្ចុប្បន្ន ស៊ីណា បាន​ដាំ Mulberry ចំនួន ៥០០​ដើម ស្ថិតនៅ​ភូមិ​ជ្រោយ​ស្ដៅ ឃុំ​ជ្រោយ​ស្ដៅ ស្រុក​ថ្មគោល ខេត្តបាត់ដំបង​។ ក្នុង​មួយឆ្នាំ ស៊ីណា អាច​ទទួល​ចំណូល​ប្រមាណ ១២​លាន​រៀល ពី​ការលក់​ផ្លែ Mulberry ដោយ​តម្លៃ ៣៥ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម (​តម្លៃ​បោះ​ដុំ​)​។ បើសិន​លក់​លើ​ទីផ្សារ មានតម្លៃ ១២​ដុល្លារ​។​

​អ្នក​បាត់ដំបង​រូបនេះ បាន​ប្រាប់​ThmeyThmey25 ថា Mulberry ជា​ដំណាំ​ស្រួល​ដាំ ហើយក៏​មិន​រើស​ប្រភេទ​ដី តែ​ត្រូវ​ផ្ដល់​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​។ គេ​អាច​ដាំ​ដោយ​ការ​ផ្សាំ​មែក និង​ដាំ​កូន តែ​ការដាំ​ដោយ​មែក​ងាយស្រួល និង​ឆាប់​ទទួលផល ពោលគឺ​រយៈពេល ៦​ខែ​ប៉ុណ្ណោះ ក្រោយ​ដាំ​។ តាម​កញ្ញា ស៊ីនា ផ្លែឈើ​មួយ​ប្រភេទ​នេះ អាច​ផ្ដល់​ផល ៣​ដង ក្នុង​មួយឆ្នាំ​។ 

​បច្ចុប្បន្ន​យុវតី ព្រុំ ស៊ីណា ក៏​កំពុង​មមាញឹក​ក្នុង​ការលក់​ពូជ Mulberry ដល់​អ្នក​យកទៅ​ដាំ​បន្ត ដោយមាន​ការបញ្ជាទិញ​ស្ទើរ​ទូទាំងប្រទេស​។ ក្រៅពី​ការលក់​ផ្លែ Mulberry ស៊ីណា បាន​រៀន​របៀប​ធ្វើ​ទឹក​ផ្លែឈើ និង​ស្រា​ហម ពី​ប្រទេស​ថៃ ដើម្បី​លក់​ក្នុង​តំបន់​ជា​លក្ខណៈ​គ្រួសារ​។ 



​ដោយមាន​ការសរសើរ លើកទឹកចិត្ត និង​គាំទ្រ​ច្រើន​អ្នក​ជុំវិញ អមពី​រសជាតិ​ទឹក​ផ្លែឈើ និង​ស្រាក្រហម ផង​នោះ កញ្ញា ព្រុំ ស៊ីណា មាន​គម្រោង​បន្ថែម​ការដាំដុះ ដើម្បី​បង្កើន​ការផលិត​ស្រាក្រហម និង​ទឹក​ផ្លែឈើ Mulberry ដោយមាន​វេច​ខ្ចប់ និង​បង្កើត​ស្លាក​យីហោ ឲ្យ​បាន​ត្រឹមត្រូវ​ដើម្បី​លក់​លើ​ទីផ្សារ​។ 

​ដ្បិត​បច្ចុប្បន្ន ស៊ីណា អាច​ផលិត​ស្រាក្រហម និង​លក់​ក្នុងតម្លៃ ១០​ដុល្លារ ក្នុង​មួយ​លីត្រ តែ​ការ​រចនា​ដប​មិនទាន់​អាច​វាយលុក នៅលើ​ទីផ្សារ​នៅទេ​។ «​ខ្ញុំ​មាន​គម្រោង​ផលិត​ស្រាក្រហម ដើម្បី​វាយលុក​ទីផ្សារ​។ តែ​ពេលនេះ​មិនទាន់​អាចធ្វើ​បាន ព្រោះ​រង់ចាំ​ការបញ្ជាទិញ​ដប​ពី​ថៃ និង​មិនទាន់​បង្កើត​ស្លាក​យីហោ​»​។ នេះ​ជាការ​បញ្ជាក់​របស់​កញ្ញា ព្រុំ ស៊ីណា​៕ 


ព័ត៌មានទាក់ទង